ឌី សូនីតា ប្រកាសលែងថតរឿងភាគ ទុកស្នាដៃចុងក្រោយក្នុង “ភ្លើងគំនុំ”

0
153

ឌី សូនីតា បានឱ្យដឹងថា រឿង“ភ្លើងគំនុំ” នាងសម្តែងជាតួឯកឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលបានធ្វើពិធីសែនក្រុងពលី កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា នៅសណ្ឋាគារសូហ្វីតែល នោះ អាចជាស្នាដៃចុងក្រោយរបស់នាងក្នុងការថតរឿងភាគ ព្រោះនាងលែងទទួលថតរឿងភាគទៀតហើយ ដោយសារគ្មានពេលវេលាគ្រប់គ្រាន់ ព្រោះចង់ផ្តោតលើមុខជំនួញនៅក្រៅសិល្បៈច្រើនជាងនៅពេលនេះ។

កញ្ញាឌី សូនីតា

មុខរបរដែលឌី សូនីតា ផ្តោតនោះ គឺការលក់គ្រឿង Cosmetic តាម Online និងទិញដីលក់ដីគ្រប់ប្រភេទ។ ប៉ុន្តែយ៉ាងណា សូនីតា ថា ដោយសារតែពេញចិត្តខ្លាំងរឿង “ភ្លើងគំនុំ” ដែលទូរទស្សន៍ប៉ុស្តិ៍លេខ៥ ជ្រើសនាងឱ្យសម្តែងជាតួឯក ទើបនាងត្រូវតែឆ្លៀតពេលសម្តែងរឿងនេះ ដើម្បីបន្សល់ស្នាដៃចុងក្រោយក្នុងការថតកុនភាគ។

ឌី សូនីតា បានឱ្យដឹងថា “រឿង“ភ្លើងគំនុំ” នេះ ខ្ញុំសម្តែងជាតួពីរ គឺតួកាចផង ស្លូតផង។ តួទី១ ខ្ញុំសម្តែងឈ្មោះដានីន ជាកូនភ្លោះ មានសម្រស់ស្រស់ស្អាតឆ្លាតពូកែជាងស្រីក្រមុំឯទៀត មានភាពជឿជាក់លើខ្លួនឯងខ្ពស់ រៀនពូកែ ប្រលងជាប់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ ចំណែកតួទី២ គឺឈ្មោះដាណេ ជាកូនភ្លោះម្នាក់ទៀត ជាមួយដានីន ចរិតខុសគ្នាស្រឡះ សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីតែស្នេហា។

ឌី សូនីតា បានឱ្យដឹងទៀតថា “ការដែលនាងផ្អាកថតរឿងភាគ ព្រោះតែរឿងភាគថត យូរថ្ងៃពេក មិនដូចរឿងដុំ ថតត្រឹមតែ១០ទៅ១៥ថ្ងៃក៏ចប់ ទើបអាចឆ្លៀតបាន។ ប៉ុន្តែចំពោះរឿង“ភ្លើងគំនុំ”នេះ នាងពេញចិត្តចំពោះរូបខ្លួនឯងសម្តែងខ្លាំងណាស់ អ៊ីចឹងទោះជារវល់យ៉ាងណា ក៏ត្រូវតែឆ្លៀតដែរ។

លោកសុិន សុផាត

ក្រៅពីឌី សូនីតា និងលោកឆឹម សក្កដា រួមទាំងលោកដានី ជាតួឯកនោះ រឿង “ភ្លើងគំនុំ” ក៏មានតារាល្បីៗជាច្រើនទៀតចូលរួមសម្តែង ដូចជា ទឹម រដ្ឋា, ងិន សុធារ៉ា, ឡាឡែន, ឆដា, អូន នាង និងប៊េលឡា ជាដើម។

លោកស៊ិន សុផាត ប្រធានត្រួតពិនិត្យការផលិតរឿងភាគរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឱ្យដឹងថា “នេះជារឿងទី២០ហើយ ដែលទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ផលិតរឿងភាគខ្មែរ ហើយរឿងនេះមាន៣៥ភាគ គ្រោងថត៣ខែកន្លះ ដែលទីតាំងស្ទើរតែទាំងស្រុង គឺនៅភ្នំពេញ ព្រោះជារឿងសម័យ។ រឿងនេះអប់រំច្រើនទៅលើរឿងស្នេហា ឱ្យយើងជ្រើសយកអ្វីចំណុចល្អ ចំណុចអាក្រក់យើងកុំយក។  រឿង“ភ្លើងគំនុំ” នេះ មានចំណុចពិសេសមួយទៀត គឺតួអង្គតែមួយ លេង២តួ ជាកូនភ្លោះ តួកាចផង ស្លូតផង ហើយយើងគ្រោងដាក់បញ្ចាំងនៅអំឡុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ”។

ឌី សូនីតា ជាតួឯកស្រី “ភ្លើងគំនុំ” ធ្លាប់ត្រូវបានគេសង្ស័យថា នាងមានស្នេហាជាមួយប្រុសសង្ហាលោកអាឡិច ហ្សូរ៉ា ព្រោះអ្នកទាំង២ មានសកម្មភាពស្និទ្ធស្នាលគ្នាដូចប្តីប្រពន្ធទើបរៀបការហើយថ្មោងថ្មៅអ៊ីចឹង។

ប៉ុន្តែ សូនីតា ថា ទំនាក់ទំនងរវាងនាង និងលោកអាឡិច ហ្សូរ៉ា គ្រាន់តែជាមិត្តរួមអាជីពប៉ុណ្ណោះ ហើយកន្លងមក ការផលិតវីដេអូនោះ ដើម្បីឱ្យគេចាប់អារម្មណ៍ទេ។ នាងថា ពេលនេះក្រៅពីអាជីពសិល្បៈ នាងផ្តោតសំខាន់ទៅលើការរកស៊ីផ្នែកអចលនទ្រព្យ និងលក់គ្រឿង Cosmetic៕

ឌី សូនីតា និងលោកអាឡិច ហ្សូរ៉ា