ភ្លើងប្រចណ្ឌ!!! ប្រពន្ធដេកលក់ ប្តីចាក់សាំងដុត រួចអារកសម្លាប់ខ្លួនតាមក្រោយ

0
960

តាកែវ ៖ ករណីភ្លើងប្រចណ្ឌ ប្តីចិត្តអប្រិយបានចាក់សាំងដុតសម្លាប់ប្រពន្ធ នៅក្នុងផ្ទះ រួចហើយបានអារកសម្លាប់ខ្លួនតាមក្រោយ លុះអ្នកជិតខាងឃើញភ្លើងឆាបឆេះឡើង ក៏បាននាំគ្នាជួយទម្លុះទ្វារលើកយកប្តីប្រពន្ធរងគ្រោះនេះ ទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យបង្អែក ប៉ុន្តែជាអកុសល ស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ចំណែកប្តីកំពុងសង្គ្រោះបន្ទាន់។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាទៀបភ្លឺ​ ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​ នៅភូមិ​ត្រគៀត​ ឃុំត្រពាំងសាប​ ស្រុកបាទី​ ​ខេត្តតាកែវ​។

ស្ត្រីរងគ្រោះមានឈ្មោះលាស់​ ស្រីណេ​ អាយុ​៣២​ឆ្នាំ​។ ចំណែកប្តីចិត្តអប្រិយ មានឈ្មោះ ព្រុំ​ តាំ​ អាយុ​ ៣៧ឆ្នាំ​ មុខរបរ​ អ្នកថែទាំដំរីនៅភ្នំតាម៉ៅ។ អ្នកទាំងពីរមានកូន២នាក់ក្នុងបន្ទុក សព្វថ្ងៃរស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពបានឲ្យដឹងថា កន្លងមកប្តីប្រពន្ធ១គូនេះឧស្សាហ៍ឈ្លោះប្រកែកគ្នាណាស់ ដោយប្រុសជាប្តីតែងតែកើតរោគប្រចណ្ឌ ហើយរករឿងប្រពន្ធមិនដែលលស់ថ្ងៃ។ លុះនៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យរូបនេះបានទៅទិញសាំងចំនួន២កាន ទុកក្នុងផ្ទះរួចជាស្រេច ហើយដល់វលាយប់ ជនសង្ស័យនិងស្ត្រីរងគ្រោះក៏ដេកលង់លក់អស់ទៅ។

ប្រភពបានបន្តថា លុះមកដល់វេលាទៀបភ្លឺថ្ងៃកើតហេតុ បុរសជាបានក្រោកមុនប្រពន្ធ ក៏ទៅលើកយកសាំងដែលទិញទុកជាស្រេចនោះ ចូលក្នុងផ្ទះ រួចដាក់គន្លឹះទ្វារជាប់ ហើយបានធ្វសកម្មភាពយកសាំង១កាន ចាក់លើប្រពន្ធ ហើយ១កានទៀត ជនសង្ស័យបានបើកគំរប រួចបានយកដែកកេះ កេះដុតតែម្តង ពេលឃើញប្រពន្ធកំពុងឆេះក្នុងភ្លើងនោះ ជនសង្ស័យបានយកកាំបិតអារកខ្លួនឯង ដើម្បីសម្លាប់ខ្លួនទាំងពីរនាក់។

ប្រភពបានបញ្ជាក់ថា ពេលឃើញភ្លើងកំពុងឆាបឆេះ អ្នកជិតខាងបានស្រែកប្រកាសហៅគ្នាជួយ ទម្លុះទ្វារផ្ទះជួយប្តីប្រពន្ធ១គូនេះ ដោយបានដឹកយកទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យបង្អែក ប៉ុន្តែដោយសារតែស្ថានភាពរបស់ស្ត្រីរងគ្រោះធ្ងន់ធ្ងរពេក គ្រួសារបានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ចំណែកបុរសជាប្តីដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ជាអកុសល ស្ត្រីរងគ្រោះបាត់បង់ជីវិតនៅវេលាម៉ោង​៣​ទៀបភ្លឺ​ ថ្ងៃទី​១៤​ ខែមិថុនា​ ឆ្នាំ២០១៩នេះ។

ដោយឡែក ប្រភពពីអ្នកជិតខាងបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ មានអត្តចរិតទន់ភ្លន់​ សុភាពរាបសារ​ ចេះជួយយកអាសារអ្នកភូមិផងរបងជាមួយគ្នា​ ពុំដែលខានឡើយ​។

បច្ចុប្បន្ន​ សពស្រ្តីរងគ្រោះ​ត្រូវបានសាច់ញាតិ​ដឹកយកមកស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី​៕

ព័ត៌មានលម្អិត ផ្សាយនៅពេលក្រោយ