រំលោភក្មេងស្រីរួច រត់ទៅបួស សមត្ថកិច្ចដឹង ចាប់ប្រគល់ឱ្យមន្ត្រីសង្ឃបកស្បង់ វាយខ្នោះ

0
387

ខេត្តកំពង់ចាម ៖ បុរសកំហូចល្មោភកាមម្នាក់ បានចាប់រំលោភកូនក្រមុំគេរហូតដល់បានសម្រេច រួចក៏ព្យាយាមរត់គេចចេញពីស្រុកកំណើត ដោយរស់នៅប្តូរឈ្មោះរាប់ភ្លេច និងថែមទាំងចូលទៅបួសជាព្រះសង្ឃ បំណងសម្ងំលាក់ខ្លួន គេចពីការតាមប្រមាញ់របស់សមត្ថកិច្ចដែរ តែចុងក្រោយ សមត្ថកិច្ចនៅតែស៊ើបដឹង និងចាប់ខ្លួនប្រគល់ឱ្យមន្ត្រីសង្ឃចាប់បកស្បង់ រួចនាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការចាប់ខ្លួនជនល្មោភកាម ដែលព្យាយាមបួសជាសង្ឃគេចពីទោសទណ្ឌនេះ បានធ្វើឡើង កាលពីវេលាម៉ោង9និង30នាទីព្រឹក ថ្ងៃទី13 ខែមិថុនា ឆ្នាំ2019 នៅចំណុចភូមិឃ្លោយទី1 ឃុំមៀន ស្រុកព្រៃឈរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ុំ សុផុន ហៅលឿង សុផុន ហៅលឿង កែវមុនីរតនៈ អាយុ41ឆ្នាំ ស្នាក់នៅភូមិឃ្លោយទី1 ឃុំមៀន ស្រុកព្រៃឈរ និងមានស្រុកកំណើតនៅភូមិត្រាំង ឃុំថ្មពួន ស្រុកព្រៃឈរ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅព្រឹកថ្ងៃទី13 ខែមិថុនា ឆ្នាំ2019 កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំ ដោយលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ595 ចុះថ្ងៃទី 12 ខែមីនា ឆ្នាំ2015 របស់លោកប៉ុក សុវណ្ណមុន្នី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ដោយបាននាំព្រះកាយព្រះសង្ឃ អ៊ុំ សុផុន ហៅលឿង សុផុន ហៅលឿង កែវមុនីរតនៈ នៅចំណុចភូមិឃ្លោយទី1 ឃុំមៀន ស្រុកព្រៃឈរ ទៅប្រគល់ជូនការិយាល័យធម្មការស្រុក និងព្រះអនុគណស្តីទីស្រុកព្រៃឈរ នៅវត្តក្រឡោង ភូមិក្រឡោង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ចាត់ការតាមវិន័យសង្ឃ (ផ្សឹក)។

ប្រភពដដែលបន្តថា រហូតដល់វេលាម៉ោង11និង30នាទីព្រឹកថ្ងៃដដែល ក្រោយពីផ្សឹករួចភ្លាម កម្លាំងខាងលើបានចាប់ខ្លួនឈ្មោះអ៊ុំ សុផុន តាមអំណាចដីកាខាងលើពីបទរំលោភសេពសន្ថវៈ កាលពីថ្ងៃទី26 ខែឧសភា ឆ្នាំ2014 នៅចំណុចវត្តព្រះលានថ្មពូន ស្ថិតក្នុងភូមិត្រាំង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ប៉ូលិសបានបន្តថា ជនមានឈ្មោះក្នុងដីកាខាងលើនេះ បានប្តូរឈ្មោះម្តងជាពីរដង ដើម្បីបំភាន់សមត្ថកិច្ច តែទោះបីយ៉ាងណា ជង់មិនភ្លេចកុកនោះទេ ទីបំផុត សមត្ថកិច្ចក៏ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន និងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីបន្តចាត់ការតាមនីតិវិធី៕