ប្រដៅណែនាំមិនបានទេ គាត់ខ្លាំងណាស់

0
86

ខេត្តបាត់ដំបង ៖ បុរសម្នាក់ផឹកស្រាស្រវឹងជោកខឹងនឹងបុរសម្នាក់រស់នៅភូមិជាមួយគ្នាស្តីប្រដៅច្រើនពេក ក៏ផ្ទុះកំហឹងស្ទុះទៅទាញស្លាបព្រាចាក់ជនរងគ្រោះចំក្រោមភ្នែក បណ្តាលឱ្យមុតធ្លុះរងរបួសធ្ងន់ និងត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។

ករណីហិង្សាដោយចេតនាចាក់១ស្លាបព្រាធ្លុះក្រោមភ្នែកនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៩ នៅចំណុចអូរដំបង ស្ថិតក្នុងក្រុមទី០៩ ភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។ លុះមកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនដៃដល់បាននាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសំ សីហា ហៅហ៊ីង ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះឡុង វុទ្ធី ភេទប្រុស អាយុ៥៦ឆ្នាំ មានលំនៅក្នុងភូមិឃុំ ជាមួយគ្នា រងរបួសមុតធ្លុះក្រោមភ្នែកស្តាំ។

លោកវរសេនីយ៏ទោ សារ៉េត វិសេដ្ធ អធិការនគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់ឱ្យដឹងពីករណីហិង្សានៅចំណុចកើតហេតុខាងលើនេះ ថា ក្រោយពីធ្វើសកម្មភាពរួចមក ជនសង្ស័យក៏បានគេចខ្លួនបាត់ស្រមោលអស់រយៈពេល២ ថ្ងៃ។ រហូតមកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៩ ក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវអស់រយៈពេល២ថ្ងៃ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះប្រាកដមែន មូលហេតុមកពីជនរងគ្រោះបានស្តីប្រដៅរូបគេច្រើនពេក ហើយចំពេលដែលរូបគេកំពុងតែស្រវឹងស្រាផង ទើបធ្វើឱ្យរូបគេទ្រាំមិនបាន ក៏ផ្ទុះកំហឹងស្ទុះទៅទាញយកស្លាបព្រាមកចាក់ចំក្រោមភ្នែកជនរងគ្រោះតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕