រ៉ាប៊ី ថា ឆ្នាំនេះ ចង់ធ្វើបុណ្យឱ្យបានច្រើនវត្ត

0
128

នៅថ្ងៃកាន់បិណ្ឌបុណ្យភ្ជុំទី៦នេះ តារាចម្រៀងលេងសម្រស់ផលិតកម្មថោន កញ្ញាផាន វីរ៉ាទី ហៅរ៉ាប៊ី ថា នាងគ្មានអារម្មណ៍និយាយរឿងស្នេហាទេ ព្រោះចិត្តកំពុងតែផ្តោតលើការធ្វើបុណ្យទាន។

យ៉ាងណា ស្រីស្អាតរ៉ាប៊ី ថា សម្រាប់ឆ្នាំនេះនាងចង់ធ្វើបុណ្យឱ្យបានច្រើនវត្ត ហើយនៅថ្ងៃបុណ្យភ្ជុំបិណ្ឌធំ នាងនឹងទៅវត្តនៅខេត្តកំពត ដែលជាស្រុកកំណើតរបស់នាង។

អ្នកចម្រៀងផលិតកម្មថោន រូបនេះវាចាថា “ខ្ញុំគ្មានអារម្មណ៍អីនិយាយរឿងស្នេហាពេលហ្នឹងទេ។ ឥឡូវគិតគូររឿងទៅវត្តទៅវ៉ាច្រើនជាង។ គិតត្រឹមថ្ងៃកាន់បិណ្ឌទី៦នេះ ខ្ញុំទៅបាន៧វត្តហើយ គឺវត្តនៅភ្នំពេញ តែម្តង។ ប៉ុន្តែនៅថ្ងៃភ្ជុំបិណ្ឌធំ ខ្ញុំនឹងទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តកំពតហើយ ទៅម្តងគឺឱ្យបានច្រើនវត្ត”។

ថ្វីត្បិតតែរ៉ាប៊ី ថា ចូលចិត្តធ្វើបុណ្យរហូតគ្មានអារម្មណ៍គិតដល់រឿងស្នេហានៅថ្ងៃបុណ្យមែន ប៉ុន្តែអតីតពិធីការិនីហង្សមាស រូបនេះថា នាងទៅបុណ្យភ្ជុំបិណ្ឌនេះ គឺទៅតាមៗគេ ព្រោះតែទំនៀមទម្លាប់នេះមានតាំងពីយូរយារមកហើយ អ៊ីចឹងមិនអាចអាក់ខានបានទេ។ ប៉ុន្តែការលម្អិតពីពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងណា នាងថាមិនសូវច្បាស់ទេ។

រ៉ាប៊ី ក្លាយជាតារាចម្រៀងស្រីក្រសោបទីផ្សារចម្រៀងផ្នែកយុវវ័យនៅរយៈពេលចុងក្រោយនេះ តាមរយៈការលេងក្បាច់រាំ និងពូកែតុបតែងខ្លួនសិចស៊ីគួរឱ្យក្នក់ក្នាញ់។

រ៉ាប៊ី បានចេញបទចម្រៀងចុងក្រោយ “កាយ” ដែលទទួលបានការគាំទ្រមធ្យម បើប្រៀបធៀបបទចម្រៀងខ្លាំងៗរបស់នាង ដូចជា “មាន់ស្រែ”,  “លុយ លុយ លុយ” និង “ម៉ែជេរ” ជាដើម។

ប៉ុន្តែរឿងស្នេហាវិញ រ៉ាប៊ី ដែលធ្លាប់មានសង្សារហើយប្រេះឆាគ្នាវិញនោះ បានអះអាងថា នាងគ្មានអារម្មណ៍គិតច្រើនចំពោះរឿងនេះទេ ពិសេសគឺនៅរដូវបុណ្យភ្ជុំបិណ្ឌនេះ។

ទស្សនិកជនជឿថា ស្រីស្អាតដូចរ៉ាប៊ី ប្រាកដជាមិនទុកបេះដូងឱ្យនៅទំនេរឡើយ គឺគ្រាន់តែនាងប្រឹងលាក់បណ្តូលចិត្តប៉ុណ្ណោះ៕