សុគន្ធ និសា រឹតចំណងស្នេហ៍ នាំប្តីដើរកម្សាន្តដល់ហ្វីលីពីន

0
129

តារាចម្រៀងសុគន្ធ និសា ដែលទើបហោះមកពីច្រៀងរាំនៅប្រទេសកូរ៉េខាងត្បូង ជាមួយអ្នកចម្រៀងឆន សុវណ្ណរាជ កាលពីថ្ងៃទី15 ខែកញ្ញា នោះ ស្រាប់តែកាលពីថ្ងៃទី18 ខែកញ្ញា អ្នកចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះបានដឹកដៃប្តីសំណព្វចិត្តហោះទៅដល់ប្រទេសហ្វីលីពីន ទៀតក្នុងដំណើរកម្សាន្តរយៈពេលខ្លី។

នេះជាការរឹតចំណងស្នេហ៍បន្ថែមទៀតរបស់សុគន្ធ និសា ជាមួយស្វាមីអាណិកជនខ្មែរមកពីរដ្ឋឡូវែល៍ សហរដ្ឋអាមេរិក លោកចៅ សម្បត្តិ ហៅសាំបា ខណៈដែលកាលពីខែមុន និសា ក៏ទើបតែដឹកដៃប្តីទៅសាសងស្នេហ៍នៅទីក្រុងសៀងហៃ ប្រទេសចិន ផងដែរ។

ទោះជាយ៉ាងណា ដំណើរកម្សាន្តរបស់សុគន្ធ និសា នៅប្រទេសហ្វីលីពីន នេះមិនមែនមានតែនាងជាមួយស្វាមីនោះទេ គឺមានទាំងតារាសម្តែងណាក់ ស្រីណា និងក្រុមការងារក្រុមហ៊ុន Manulife មួយចំនួនទៀត ក៏បានចូលរួមអមដំណើរផងដែរ ហើយពួកគេបានដើរកម្សាន្តតាមកន្លែងកម្សាន្តជាច្រើនរបស់ប្រទេសហ្វីលីពីន។

សុគន្ធ និសា នៅសល់តែជាង2ខែទៀតប៉ុណ្ណោះ នឹងគម្រប់ខួប2ឆ្នាំនៃចំណង អាពាហ៍ពិពាហ៍របស់នាងជាមួយស្វាមី លោកសាំបា ក្រោយពីបានក្រាបផ្ទឹមតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី01 ខែធ្នូ ឆ្នាំ2017។

មហាជនជាច្រើនឆ្ងល់ថា សុគន្ធ និសា រៀបការជិត2ឆ្នាំទៅហើយ តែនៅគ្មានកូនប្រើទៀត គឺមិនដូចឱក សុគន្ធកញ្ញា សោះ ដែលទើបរៀបការបាន 5ខែ តែមានផ្ទៃពោះដល់ទៅ6ខែទៅហើយ។

យ៉ាងណា សុគន្ធ និសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មូលហេតុដែលនាងមិនទាន់ពពោះកូនដំបូងនេះ ព្រោះតែចាំទិដ្ឋាការដែលធ្លាក់ពីស្ថានទូតអាមេរិកសិន ទើបនាងសម្រេចចិត្តយកកូនតាមក្រោយ តែពេលនេះទិដ្ឋាការមិនទាន់ធ្លាក់ដល់ដៃនាងទេ។

គួរបញ្ជាក់ថា ក្រោយមានប្តី សុគន្ធ និសា ត្រូវបានមហាជនមើលឃើញថា នាងមានទីផ្សារចម្រៀងចុះខ្សោយជាងមុន ដោយមិនសូវមានបទចម្រៀងផ្ទុះដូចមុនទៀតឡើយ។ យ៉ាងណា និសា មិននៅស្ងៀមនោះទេ ព្រោះនាងងាកទៅថតសម្តែងភាពយន្តដោយឆក់បានតំណែងតួឯកដល់ទៅ3រឿង គឺ“សិសិររដូវក្នុងបេះដូង”, “រាជិនីភូមិគ្រឹះ” និងរឿង “ព្រះវេស្សន្តរជាតក”។

តាមរយៈការលេចមុខភាពយន្តទាំង3រឿងនេះ សុគន្ធ និសា ត្រូវបានគេសង្ស័យថា នាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញទៅរស់នៅតាមប្តីនៅអាមេរិក ទើបចង់បន្សល់ស្នាដៃចុងក្រោយនេះ។ ប៉ុន្តែអ្នកខ្លះទៀតលើកឡើងថា និសា ប្រឹងថតកុនដើម្បីទប់ការធ្លាក់ចុះអាជីពចម្រៀង។

ទោះជាយ៉ាងណា សុគន្ធ និសា ដែលមានប្តីជាអ្នកជំនួញជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Manulife នោះ នាងមិនចាំបាច់ច្រៀងទៀតក៏មិនជួបវិបត្តិសេដ្ឋកិច្ចដែរ ខណៈពេលនេះនាងក៏មានមុខរបរក្រៅសិល្បៈផងដែរ ដូចជាបើកហាងកាហ្វេ, គុយទាវខ្ចប់ និង ចេកឆឹងប្រអប់ ជាដើម។

ទស្សនិកជនជឿថា តាមរយៈការចេញទៅរឹតចំណងស្នេហ៍នៅក្រៅស្រុកជាញឹកញាប់បែបនេះ មិនយូរទេ និសា នឹងមានផ្ទៃពោះដូចឱក សុគន្ធកញ្ញា ជាមិនខាន៕