ស្រែកហៅប្រពន្ធយ៉ាងណា ក៏មិនឮឆ្លើយតប តាមពិត…

0
507

ខេត្តត្បូងឃ្មុំ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានចេញទៅធ្វើចម្ការតែម្នាក់ឯង លុះល្ងាចឡើងប្តីទៅទទួល ស្រាប់តែបាត់ខ្លួនមិនដឹងទៅណា លុះប្តីប្រទះឃើញឈាមនិងស្លាកស្នាមអូសសំដៅត្រពាំងទឹក ក៏ចុះទៅរាវរក​ស្រាប់តែប្រទះឃើញសាកសពប្រពន្ធនៅក្នុងបាតត្រពាំង ដោយមានស្នាមរបួសជាច្រើនកន្លែង ទើបធ្វើឱ្យផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ ពិនិត្យស្រាវជ្រាវជាបន្ទាន់។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចត្រពាំងទឹកមួយកន្លែង ក្នុងចម្ការម្រេច ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់។

សាកសពស្ត្រីរងគ្រោះខាងលើ មានឈ្មោះ ណំ ឃ្នីម អាយុ៥១ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ចម្ងាយពីកន្លែងកើតហេតុប្រមាណ២គីឡូម៉ែត្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវប្តីជូនទៅចម្ការនៅចំណុចកើតហេតុខាងលើដូចសព្វដង ចំណែកប្តីក៏បានវិលត្រឡប់មកផ្ទះវិញ បំពេញការងាររបស់ខ្លួន។ រហូតដល់ល្ងាចថ្ងៃដដែល ទើបបុរសជាប្តីបានទៅទទួលប្រពន្ធនៅឯចម្ការ លុះទៅដល់មិនឃើញប្រពន្ធ មិនដឹងបាត់ទៅណា ក៏ស្រែកហៅដែរ ប៉ុន្តែមិនឮសំឡេងឆ្លើយ ទើបបុរសជាប្តីបានទៅហៅសាច់ញាតិឱ្យមកជួយតាមរក លុះពេលដើររកមួយសន្ទុះក៏ប្រទះឃើញមានឈាម និងស្លាកស្នាមអូសសំដៅទៅចំណុចត្រពាំងទឹកខាងលើ (ទីតាំងកើតហេតុ) ទើបបុរសជាប្តីនិងសាច់ញាតិនាំគ្នាចុះទៅរាវរកក្នុងទឹកត្រពាំង ស្រាប់តែប្រទះឃើញសាកសពស្ត្រីរងគ្រោះជាប្រពន្ធនៅបាតត្រពាំងទើបកើតមានការផ្អើលឆោឡោឡើងតែម្តង។

បន្ទាប់ពីស្រង់សាកសពស្ត្រីរងគ្រោះឡើងមកលើគោក គេបានប្រទះឃើញនៅលើផ្ទៃមុខនិងខ្លួនស្ត្រីរងគ្រោះ មានស្នាមរបួសជាច្រើនកន្លែង ទើបសង្ស័យថាជាអំពើឃាតកម្ម ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅខាងជំនាញឱ្យចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព ដើម្បីស្វែងរកពីមូលហេតុពិតប្រាកដ។ យ៉ាងណាមិញ ករណីនេះនៅមិនទាន់ដឹងច្បាស់នោះទេ ដោយសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ៕