កម្មវិធី រាត្រីជួបជុំអ្នកសរសេរកូដកម្ពុជា ឆ្នាំ២០១៩ ក្រោមប្រធានបទ “យុវជននាយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០”

0
384

នៅក្នុងរយៈពេលតែ១សប្ដាហ៍ទៀតប៉ុណ្ណោះ កម្ពុជានឹងមានកម្មវិធីជួបជុំអ្នកសរសេរកូដកម្ពុជាឆ្នាំ២០១៩ ក្រោមប្រធានបទ “យុវជននាយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០” ដែលជាកម្មវិធីដ៏ធំមួយ និងពុំធ្លាប់មានពីមុនមក។

នេះជាវេទិកាប្រមូលផ្ដុំអ្នកសរសេរកូដជាង៨០០នាក់សុទ្ធសឹងជាយុវជន ជាមួយនឹងបណ្ដាក្រុមហ៊ុនជាតិនិងអន្តរជាតិនានា ដើម្បីជួបពិភាក្សា ចែករំលែកចំណេះដឹង បទពិសោធន៍ និងការផ្ដល់នូវឱកាសសិក្សានៅបរទេស ក៏ដូចជាឱកាសការងារជាច្រើន។

កម្មវិធីជួបជុំអ្នកសរសេរកូដកម្ពុជាឆ្នាំ២០១៩ ក្រោមប្រធានបទ “យុវជននាយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០” ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយគេហទំព័របង្រៀនតាមអនឡាញ E-School Cambodia និងក្រុមហ៊ុន True Money នឹងប្រារព្ធធ្វើឡើងនាថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច នៅសណ្ឋាគារណាហ្គាវើល៍។

លោកឈន ឈុនឡេង ប្រធានគណៈកម្មការរៀបចំកម្មវិធី បានឲ្យដឹងថា “ដោយរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងសិក្សាសម្រេចទទួលយកបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល និងការរៀបចំឯកសារសម្រាប់រដ្ឋាភិបាលឌីជីថល កិច្ចការទាំងនេះចាំបាច់ត្រូវមានការចូលរួមពីសំណាក់វិស័យឯកជន ជាពិសេសគឺយុវជនកម្ពុជា ដែលទាមទារអោយមានការត្រៀមខ្លួនតាមដំណាក់កាល ការរៀបចំយុទ្ធសាស្រ្ត ដែលឆ្លើយតបលើបម្រែបម្រួលបច្ច័យនៃបដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី៤.០ លើសេដ្ឋកិច្ច និងសង្គម។

ហើយយុវជនកម្ពុជាបច្ចុប្បន្ននេះ ពុំទាន់បានស្វែងយល់ឬត្រៀមខ្លួនរួចរាល់ដើម្បីសម្របខ្លួនជាមួយបដិវត្តន៍ឧស្សាហកម្ម៤.០ នៅឡើយ អាស្រ័យដោយកង្វះនូវប្រភពឯកសារការស្រាវជ្រាវ ការអនុវត្តសាកល្បងជាក់ស្ដែង និងអ្នកជំនាញ។

ដូច្នេះ កម្មវិធីជួបជុំអ្នកសរសេរកូដកម្ពុជាឆ្នាំ២០១៩ ក្រោមប្រធានបទ “យុវជននាយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០” នឹងផ្ដល់នូវចម្លើយជាច្រើនដើម្បីឆ្លើយតប និងដោះស្រាយនូវរាល់បញ្ហាប្រឈមរបស់យុវជននិងអ្នកចូលរួម”។

លោកបន្ថែម “គណៈកម្មការរៀបចំកម្មវិធីមានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការបែបនេះ យើងអាចបង្កើតនូវលក្ខខណ្ឌចាំបាច់ធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងផ្ដល់លទ្ធភាពឲ្យមានការសម្របខ្លួន ដើម្បីឈានទៅសម្រេចលទ្ធផលជាវិជ្ជមានសម្រាប់សេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជារបស់យើង

ដើម្បីបន្តអនុវត្តន៍លើសមិទ្ធិផលរបស់រាជរដ្ឋាភិបាលដែលសម្រេចបានកន្លងមក និងជំរុញការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ព្រមទាំង បណ្តុះវប្បធម៌ដឹកនាំផ្នែកលើ Transformative Leadership ដើម្បីអភិវឌ្ឍមូលធនមនុស្ស គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ប្រកបដោយឧត្តមភាពប្រកួតប្រជែងផងដែរ”។

ព័ត៌មានលម្អិត សូមចូលទៅកាន់ Link Facebook ៖ https://www.facebook.com/csap.community/