បាត់១ឆ្នាំទៅហើយ ស្រាប់តែនាងឃើញក្នុងយានដ្ឋាន ហៅប៉ូលិសឲ្យជួយ

0
159

ភ្នំពេញ ៖ យុវតីម្នាក់ត្រូវជនសង្ស័យលួចកាច់កម៉ូតូ១គ្រឿងទៅបាត់អស់រយៈពេលជាង១ឆ្នាំមកហើយ ទោះជាដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកយ៉ាងណាក៏មិនឃើញ ស្រាប់តែនៅសុខៗក៏ប្រទះឃើញម៉ូតូរបស់ខ្លួននៅក្នុងយានដ្ឋានជួសជុលរថយន្ត១កន្លែង ទើបរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍នាំយកទាំងម៉ូតូ និងម្ចាស់ថ្មីយកទៅសាកសួរ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង តាមផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូដែលបាត់ជាង១ឆ្នាំ ស្រាប់តែនៅសុខៗត្រូវម្ចាស់តាមរកឃើញដោយចៃដន្យនេះ ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GZ-1254 ដែលមានម្ចាស់ដើមឈ្មោះចក់ សុខឃីម ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម និងមានស្រុកកំណើត នៅភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមសម្តីយុវជនជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុកាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ម៉ូតូរបស់នាងខាងលើត្រូវបានជនសង្ស័យលួចកាច់សោកយកទៅបាត់ពីមុខផ្ទះ ក្នុងនោះមានទាំងកាតគ្រី រួមនឹងឯកសារផ្សេងៗនៅក្រោមកែបទៀតផង។

នាងបន្តថា ក្រោយកើតហេតុ នាងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សំរោងក្រោម ដើម្បីស្វែងរកតែមិនឃើញ អស់រយៈពេលជាង១ឆ្នាំមកហើយ នៅតែមិនមានដំណឹងអ្វីសោះ។ ស្រាប់តែមកដល់រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាងបានប្រទះឃើញម៉ូតូនៅយានដ្ឋានជួសរថយន្តទៅវិញ ហើយសាកសួរគេ ដឹងថាមានម្ចាស់ ទើបប្តឹងប៉ូលិសឱ្យជួយអន្តរាគមន៍យកម៉ូតូហៅម្ចាស់ទៅសាកសួរនៅផ្នែកជំនាញខណ្ឌ។

តាមការបំភ្លឺពីបុរសឈ្មោះថន ភ័ក្រ អាយុ៣២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលភូមិក្បាលដំរី២ សង្កាត់កាកាប២ មានស្រុកកំណើតភូមិទួលស្នួល ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម បានឱ្យដឹងថា ម៉ូតូខាងលើគាត់បានទិញនៅផ្ទះអ្នកលក់ម៉ូតូនៅម្តុំគិរីរម្យ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ មានឯកសារទិញលក់ត្រឹមត្រូវក្នុងតម្លៃ១២៥០ដុល្លារ។

លោកបន្តថា គាត់មិនដឹងថាម៉ូតូនេះពាក់ព័ន្ធករណីលួចទេ ព្រោះឃើញមានឯកសារត្រឹមត្រូវ លុះដល់រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ទើបមាននារីម្នាក់មកអះអាងថា ម៉ូតូរបស់ខ្លួនបាត់កាលពីជាង១ឆ្នាំមុនទៅវិញ។

តាមសមត្ថកិច្ចប៉ុស្តិ៍សំរោងក្រោម បានឱ្យដឹងថា ស្ត្រីខាងលើពិតជាបានដាក់ពាក្យបណ្តឹងជុំវិញករណីចោរលួចម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GZ-1254 ពិតប្រាកដមែន ដោយពាក្យបណ្តឹងនៅតម្កល់ទុកនៅឡើយ។

ករណីពាក់ព័ន្ធនឹងម៉ូតូខាងលើសមត្ថកិច្ចជំនាញកំពុងសាកសួរនិងអនុវត្តន៍តាមនីតិវិធី៕