ថៃ ស្រីនាង សមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីមិនធ្វើតាមកិច្ចសន្យា

0
124

ក្រោយពេលឃាត់ខ្លួន១ថ្ងៃពេញ អ្នកលក់ខោអាវ និងរ៉ូបសិចស៊ីតាមអនឡាញបង្ហាញកេរ្តិ៍ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការហើយ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០  បន្ទាប់ពីត្រូវឃាត់ខ្លួនជាលើកទី២ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ការបញ្ជូនថៃ ស្រីនាង ទៅកាន់តុលាការនេះ បន្ទាប់ពីសមត្ថកិច្ចបានហៅទៅណែនាំនិងធ្វើកិច្ចសន្យាម្តងហើយកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពេលចេញពីស្នងការនគរបាលរាជធានី អ្នកលក់ខោអាវ និងរ៉ូបសិចស៊ីតាមអនឡាញរូបនេះ នៅតែមិនរាងចាល បានបន្តការ Post រូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ។

យោងតាមមាត្រា៣៨-៣៩ នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ថៃ ស្រីនាង អាចជាប់ទោសចាប់ពី (១ខែដល់១ឆ្នាំ)។

គួបញ្ជាក់ថា នៅក្នុងវីដេអូឃ្លីបរយៈពេលជាង១នាទី ថៃ ស្រីនាង បាននិយាយថា “នាងខ្ញុំឈ្មោះវ៉ែន រចនា ហៅ ថៃ ស្រីនាង មានមុខរបរលក់ខោទ្រនាប់ និងរ៉ូបសិចស៊ីក្នុងបណ្តាញសង្គមហ្វេសប៊ុក សូមធ្វើការសុំទោសជាសាធារណៈដែលកន្លងមកនាងងខ្ញុំបានPost រូប និងវីដេអូឃ្លីបដែលមានលក្ខណៈសិចស៊ីជ្រុលហួសប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ជាពិសេសធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ស្ត្រីខ្មែរ”។

ថៃ ស្រីនាង បានបន្តថា “នាងខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ ជាពិសេសប្រមុខថ្នាក់ដឹកនាំ មេត្តាអនុគ្រោះ និងលើកលែងទោសនូវរាល់កំហុសដែលនាងខ្ញុំធ្វើកន្លងមក ពីពេលនេះទៅ នាងខ្ញុំសូមសន្យាថា នឹងឈប់Post រូប និងវីដេអូឃ្លីបដែលមានលក្ខណៈសិចស៊ីទៀតហើយ ហើយក៏សូមអំពាវនាវដល់បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក សូមកុំយកតម្រាប់តាមខ្ញុំ”។

ប៉ុន្តែថៃ ស្រីនាង មិនបានធ្វើតាមការកិច្ចសន្យារបស់ខ្លួនទេ ពេលមកដល់ផ្ទះ នាងថែមទាំងផ្គើន Post រូបសិចស៊ី ផ្គើនសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធថែមទៀតផង៕