ករណីមួយនេះ ក៏ជាប់ពាក់ព័ន្ធនឹងនេន២អង្គដែរ… សមត្ថកិច្ចចាប់ដល់វត្ត

0
75

ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៤នាក់ ក្នុងនោះរួមមាននេនចំនួន២អង្គផង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងគាស់ដំបូលសាលារៀនចូលទៅលួចកុំព្យូទ័រ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កាលពីដើមខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងធំខាងត្បូង បានទទួលពាក្យបណ្តឹង១ច្បាប់ពីឈ្មោះខឿន  សុទ្ធិកា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ជានាយកសាលាមណ្ឌលសិក្សាប៊ុតប្រីដច៍ បានប្តឹងពីក្រុមចោរពុំស្គាល់អត្តសញ្ញាណ១ក្រុម បានធ្វើសកម្មភាពបើកដំបូលក្បឿងនៅសាលារៀនបឋមសិក្សាអង្គរកា ចូលលួចយកកុំព្យូទ័រអស់ចំនួន១៦គ្រឿង ប្រដាប់បំពងសំឡេងចំនួន២គ្រឿង កាលពីថ្ងៃ (មិនចាំ) ក្នុងអំឡុងខែឧសភា ឆ្នាំ២០២០។

ក្រោយពីទទួលបានបណ្តឹង នៅថ្ងៃទី២៨ ខែមិថុនា សមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ឈ្មោះហ៊ុន ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាកឹម ឃុំតាភេម ស្រុកត្រាំកក់ ដែលជាជនដៃដល់ធ្វើសកម្មភាពលួច ដោយដកហូតបានកុំព្យូទ័រចំនួន២គ្រឿង បន្ទាប់ពីបានសាកសួរ ជនសង្ស័យរូបនេះ បានឆ្លើយសារភាពដាក់ទៅមុខសញ្ញាផ្សេងទៀត។

លុះដល់ថ្ងៃបន្ទាប់ សមត្ថកិច្ចក៏បន្តឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត រួមមាន ទី១- ឈ្មោះលាវ រ៉ុង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។ ទី២-ឈ្មោះវន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតាតឹម ឃុំជាងទង ស្រុកត្រាំកក់ (ជាព្រះសង្ឃគង់នៅវត្តអង្គរកា) និង៣-ឈ្មោះនេត សំណាង ហៅទូច ភេទប្រុស អាយុ១៤ឆ្នាំ មាន ស្រុកកំណើតនៅឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (ជាព្រះសង្ឃគង់នៅវត្តអង្គរកា)។

ជាមួយនឹងការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ សមត្ថកិច្ចក៏បានធ្វើការដកហូតវត្ថុតាងកុំព្យូទ័រចំនួន៥គ្រឿងបន្ថែមទៀត សរុបកុំព្យូទ័រដែលសមត្ថកិច្ចដកហូតបានចំនួន៧គ្រឿង។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕