Friday, March 29, 2024
Homeព័ត៌មានជាតិស្នេហាស្រី៣នាក់ ប្តី១ ប្រពន្ធ២ ត្រៀមរៀបការផ្អើលផ្សារណាត់ បាត់ដំបង

ស្នេហាស្រី៣នាក់ ប្តី១ ប្រពន្ធ២ ត្រៀមរៀបការផ្អើលផ្សារណាត់ បាត់ដំបង

ខេត្តបាត់ដំបង ៖ កន្លងមកធ្លាប់តែឃើញស្នេហាភេទដូចគ្នា ស្រី2នាក់ ឬប្រុស2នាក់ រៀបការនឹងគ្នា ប៉ុន្តែពេលនេះមានស្រី៣នាក់ គឺម្នាក់ដើរតួជាប្តី និង២នាក់ដើរតួជាប្រពន្ធ (ប្តី១ ប្រពន្ធ២) ត្រៀមរៀបការនឹងគ្នាឱ្យផ្អើលផ្សារណាត់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ស្នេហាត្រីកោណភេទដូចគ្នា ស្រី៣នាក់ ប្តី១ ប្រពន្ធ២នេះ កំពុងធ្វើឱ្យមានការចាប់អារម្មណ៍ភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃើញពួកគេស្លៀកពាក់ឈុតរៀបការយ៉ាងស្រស់ស្អាតថតរូបត្រៀមរៀបការ (Pre-Weddding) នៅឯទឹកដីអង្គរ ខេត្តសៀមរាប។

នារីទី១ ដែលតែងខ្លួនជាប្រុស (ប្តី) កាត់សក់ខ្លី មានឈ្មោះវិន ឡៃខេង អាយុ២៥ឆ្នាំ ជាអាជីវករលក់គ្រឿងអលង្ការ (ប្លាទីន) នៅផ្សារណាត់ បាត់ដំបង និងរស់នៅភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

រីឯនារីទី២ (ប្រពន្ធទី១) ឈ្មោះកៅ ឡាយ អាយុ២៦ឆ្នាំ រស់នៅក្រុងបាត់ដំបង ខេត្តដំបង ជាអាជីវករនៅផ្សារណាត់បាត់ដំបង។ នារីទី៣ (ប្រពន្ធទី២) ឈ្មោះឡេង ស្រីខួច អាយុ២៨ឆ្នាំ រស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និងជាអាជីវករនៅផ្សារណាត់ បាត់ដំបង។

នាងវិន ឡៃខេង ដែលដើរតួជាអនាគតកូនកំលោះនៅក្នុងសម្ព័ន្ធស្នេហាភេទដូចគ្នា ប្តី១ប្រពន្ធ២នេះ បានបង្ហោះរូបភាពត្រៀមរៀបការរបស់នាងជាមួយអនាគតប្រពន្ធទាំង២នាក់ ក្នុងគណនីហ្វេសប៊ុករបស់នាងជាមួយសំណេរថា “អរគុណគ្រប់យ៉ាងដែលអូនផ្តល់ឱ្យបង ស្រលាញ់អូនទាំងពីរច្បាស់ហើយ មិនបានសម្តែងទេ ជាតិនេះខ្ញុំបានប្រពន្ធពីរហើយ”។

នាងវិន ឡៃខេង បានសរសេរបន្ថែមទៀតថា “ស្នេហ៍ភេទដូចគ្នាមានអ្វីមិនល្អ សំខាន់ស្រលាញ់ចិត្តនិងចិត្ត។ អរគុណអូនទាំងពីរដែលចូលមកក្នុងជីវិតបង បងនឹងកាន់ដៃអូនអស់មួយជីវិត…  (រយៈពេល១១ឆ្នាំ) ដែលពួកយើងស្គាល់គ្នា ទម្រាំពួកយើងមានថ្ងៃនេះ ពួកយើងឆ្លងកាត់ឧបសគ្គជាច្រើន…។

បងនឹងកាន់ដៃអូនទាំងពីរអស់មួយជីវិត មិនថាមានឧបសគ្គអ្វីក៏ដោយ…”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ នាងវិន ឡៃខេង បានរៀបរាប់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ថា ពីដំបូងឡើយក្នុងនាមជាមនុស្សស្រីម្នាក់ ក៏មានប្រុសៗសួរនាំចង់បានជាគូតាមរយៈឪពុកម្តាយ ក្រុមគ្រួសារនាងដែរ តែដោយនាងមិនមានអារម្មណ៍ជាមួយមនុស្សប្រុស នាងក៏បានបដិសេធស្នេហ៍នឹងប្រុសទាំងអស់នោះ ហើយក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយស្រីៗដូចគ្នាជាច្រើន ក្នុងនោះមានទាំងនាងកៅ ឡាយ (ប្រពន្ធទី១) ផង គឺនាងទាក់ទងស្រីដូចគ្នាធ្វើរបៀបជាដូចជាបុរសសម្បូរស្នេហ៍ ប៉ុន្តែទីបំផុតនាងជាប់តែជាមួយនាងកៅ ឡាយ ម្នាក់ រហូតបានរួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធអស់រយៈពេល៦ឆ្នាំ ទើបនាងក៏បានស្គាល់នាងខួច ស្រីឡេង ម្នាក់ទៀត ហើយក៏បានចាត់ទុកនាងជាប្រពន្ធទី២។

ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំ នាងកៅ ឡាយ មានចិត្តប្រចណ្ឌនឹងនាងណាស់ ដោយមិនចង់ឱ្យនាងបានប្រពន្ធទី២ ឬយកប្រពន្ធណាទៀតក្រៅពីនាងទេ។ ទើបតែមកដល់រយៈពេល៤ខែចុងក្រោយនេះ នាងស្រាប់តែទន់ចិត្តលែងរករឿងនាងយល់ព្រមជាមួយគ្នាទាំងនាក់នៅលើផ្ទះតែមួយ លែងប្រចណ្ឌលែងហួងហែងគ្នាថា អ្នកណាជាប្រពន្ធទី១ ទី២ទៀត គឺជាប្រពន្ធដែលស្រលាញ់នាងទាំងអស់គ្នាដែលធ្វើឱ្យនាងសប្បាយចិត្តណាស់ ហើយក៏ឃើញថា បើគិតពីរយៈពេលនៃការស្រលាញ់គ្នាជាមួយនារីទី១ បាន១១ឆ្នាំហើយ ជាមួយនារីទី២ បាន៤ឆ្នាំហើយ ជារយៈពេលមួយវែង និងជារយៈពេលដែលនាងត្រូវគិតគូររឿងរៀបការជាមួយគ្នា។

មិនត្រឹមតែគិតគូររឿងរៀបការជាមួយគ្នាទេ ពួកនាងទាំង៣នាក់ ថែមចូលលុយគ្នាសង់ផ្ទះថ្មី ទុករួមរស់នៅជាមួយគ្នាទាំង៣ នៅពេលរៀបការហើយទៀតផង។

នាងវិន ឡៃខេង បានរៀបរាប់បន្តថា ផ្ទះថ្មីកំពុងសាងសង់នោះនៅឆ្ងាយពីផ្សារណាត់ បាត់ដំបង គឺនៅក្រោយផ្សារភូពុយ ខេត្តបាត់ដំបង ដែលផ្ទះថ្មីនេះនឹងហើយរួចរាល់នៅឆ្នាំ២០២០នេះហើយ ប៉ុន្តែពួកនាងមិនដឹងថា ពេលសង់ហើយភ្លាម ពួកនាងបានរៀបការនឹងគ្នាឬអត់ទេ ព្រោះនាងខ្លាចអាជ្ញាធរមិនឱ្យរៀបការ៣នាក់ ខណៈដែលពួកនាងពេលនេះបានត្រឹមថតរូបត្រៀមអាពាហ៍ពិពាហ៍ (Pre-Wedding) ទុកជាមុន ដើម្បីបញ្ជាក់ថា ពួកនាងពិតជាត្រៀមរៀបការឱ្យផ្អើលគេឯង ព្រោះពួកនាងសម្រេចចិត្តច្បាស់ហើយថា ត្រូវតែរួមរស់ជាមួយគ្នាទាំង៣នាក់អស់មួយជីវិត។

ដូច្នេះពួកនាងកំពុងតែមានសុភមង្គលហើយៗ នាងគិតថា រឿងរៀបការក៏មិនសំខាន់ប៉ុន្មានដែរ សំខាន់ឱ្យតែពួកនាងយល់ចិត្តគ្នាល្អូកល្អិន នឹងគ្នាទៅបានហើយ ឯរឿងប្រកាសឱ្យគេដឹង មិនបាច់ក៏បានដែរ។ ប៉ុន្តែទោះយ៉ាងណា នាងពិតជាចង់ឱ្យប្រពន្ធទាំងពីររបស់នាងបានស្លៀកពាក់ឈុតកូនក្រមុំក្នុងថ្ងៃរៀបការ កុំឱ្យថាមកយកនាងធ្វើប្តីហើយ អត់បានរៀបការតាមប្រពៃណី អត់បានស្លៀកឈុតកូនក្រមុំ ដូចនេះសម្រេចទៅនាងនៅតែចង់រៀបការ។

ម៉្យាងទៀត បើពួកនាងរៀបការ ក៏នឹងក្រុមគ្រួសាររៀងខ្លួន ដឹងឮទទួលស្គាល់ដែរ។ បានន័យថា មិនមែនជាឧបសគ្គទេ គឺពួកគាត់មិនព្យាយាមរារាំង បំបែកបំបាក់ពួកនាងទៀតទេ គឺយល់ព្រមឱ្យពួកនាងស្រលាញ់គ្នា និងឱ្យរស់នៅតាមការពេញចិត្តបែបរបស់ពួកនាងហើយ។

នាងវិន ឡៃខេង បានរៀបរាប់បន្តទៀតថា អ្វីដែលនាងចង់ប្រាប់ដែរនោះ គឺមានអ្នកខ្លះបាននិយាយថា យកស្រីដូចគ្នាជាប្តីប្រពន្ធធ្វើម្តេចមានកូនកើតទៅ? ប៉ុន្តែចំណុចនេះនាងបានត្រៀមខ្លួនឆ្លើយយ៉ាងច្បាស់ថា បើនាងមានលទ្ធភាពនាងនឹងទិញមេជីវិតបុរស ចាក់ឱ្យប្រពន្ធទាំងពីររបស់នាង មានកូនម្នាក់១ ដូចដែលប្តីប្រពន្ធភេទដូចគ្នាធ្លាប់ធ្វើកន្លងមក។ ប៉ុន្តែបើមិនមានលទ្ធភាពគ្រប់គ្រាន់ទេ នាងនឹងសុំកូនគេមកចិញ្ចឹម។ ដូច្នេះនាងគិតថា រឿងមានកូនមិនជាបញ្ហាទេ ដោយនឹងគិតតាមវិធី ទាំងពីរនេះនៅពេលក្រោយ ឯអ្វីលើសពីនេះនាងសុំឱ្យមនុស្សគ្រប់គ្នា កុំមានការស្អប់ខ្ពើម ឬរើសអើងពួកនាងដែលស្រលាញ់ភេទដូចគ្នានេះ។

ជាចុងក្រោយ នាងវិន ឡៃខេង បានបញ្ជាក់យ៉ាងដូច្នេះថា “និយាយទៅ គ្រាន់តែសុំផ្តាំផ្ញើថា កុំឱ្យស្អប់ខ្ពើមអ្នកស្រលាញ់ភេទដូចគ្នា ព្រោះពួកយើងក៏មិនចង់ដែរ តែធ្វើម៉េចធម្មជាតិបានបង្កើតឱ្យអ៊ីចឹងហើយៗយើងក៏មិនចង់មានស្នេហាពីរបីដែរ ធ្វើម៉េចបើព្រហ្មលិខិតកម្រិតឱ្យអ៊ីចឹង។ បានន័យថា ខ្ញុំក៏មិនចង់បានប្រពន្ធពីរដែរ ប៉ុន្តែធ្វើម៉េចបើចិត្តយើងទៅអ៊ីចឹង មិនអាចមានអ្វីមកកែប្រែចិត្តខ្ញុំបាន។

ទោះយ៉ាងណា ខ្ញុំក៏អរគុណទាំងម៉ាក់ខ្ញុំ ទាំងម៉ាក់គេ ទី១ ទាំងម៉ាក់គេទី២ ដែលពួកគាត់មិនបំបែក ពួកខ្ញុំទៀត។ និយាយទៅ អរគុណដល់ម៉ាក់អ្នកទី១ តែម្តង ដែលគាត់ព្រមទទួលយកបាន ពេលខ្ញុំមានម្នាក់ទៀត មិនមែនតែកូនស្រីគាត់ម្នាក់”៕

កុលបុត្រ

RELATED ARTICLES