ភ្នំពេញ ៖ ក្រុមគ្រួសារមួយ បានចិញ្ចឹមសត្វជ្រូក ជាច្រើនក្បាល រួមទាំងសត្វមាន់ផង នៅលើដំបូលផ្ទះល្វែងរបស់ខ្លួន ធ្វើឱ្យមានក្លិនស្អុយជះក្លិនសាយភាយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាអ្នកជិតខាង រហូតដល់ប្រជាពលរដ្ឋទ្រាំលែងបាន សម្រេចចិត្តប្តឹងសុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន។

ទីតាំងចិញ្ចឹមសត្វជ្រូកនៅលើដំបូលផ្ទះនេះលើ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប៉ុន្តែអាជ្ញាធរមិនទាន់ប្រាប់ពីអត្តសញ្ញាណអ្នកចិញ្ចឹមជ្រូកនោះនៅឡើយ។
តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា គ្រួសារមួយនោះ បានចិញ្ចឹមជ្រូកលើដំបូលផ្ទះ យូរមកហើយ ដែលពេលនេះ ជ្រូកជាច្រើនក្បាល បានធំធាត់អស់ទៅហើយ។ ដោយសារតែជាផ្ទះល្វែងជាប់គ្នារដឹកនោះ មានក្លិនស្អុយអាចម៍នោមជ្រូកនិងមាន់ បានធ្វើឱ្យមានការប៉ះពាល់ យ៉ាងខ្លាំងដល់អ្នកជិតខាងច្រើនគ្រួសារ ហើយមនុស្សចាស់ ក្មេង រួមទាំងអ្នកកំពុងមានជំងឺផង សុទ្ធតែរងផលប៉ះពាល់គ្រប់ពេល មិនថាយប់ឬថ្ងៃនោះទេ ។

ប្រភពដដែល បានឱ្យដឹងបន្តថា មិនតែប៉ុណ្ណោះ ក៏មានសំឡេងសត្វជ្រូកយំទារបាយស៊ី រំខានយ៉ាងខ្លាំងថែមទៀតផង ហើយដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន គ្រួសារមួយនេះ មិនខ្វល់ពីផលប៉ះពាល់និងការរំខានដល់អ្នកជិតខាងឡើយ។ ដោយមិនអាចអត់ទ្រាំបានតទៅទៀត អ្នកជិតខាង បាននាំគ្នាប្តឹងទៅកាន់អាជ្ញាធរសង្កាត់ចោមចៅទី៣ ដើម្បីឱ្យជួយអន្តរាគមន៍ ធ្វើយ៉ាងណាឱ្យម្ចាស់ផ្ទះខាងលើ យកសត្វជ្រូក ចេញពីដំបូលផ្ទះ និងលាងសម្អាតទ្រុងជ្រូក ឱ្យស្អាតដើម្បីបំបាត់ក្លិនស្អុយ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានប្រាប់អ្នកសារព័ត៌មានថា ក្រោយទទួលបានដំណឹងនោះលោក បានចាត់ឱ្យលោកមេភូមិ ទៅប្រាប់អ្នកចិញ្ចឹមជ្រូក នៅលើដំបូលផ្ទះនោះ ឱ្យយកជ្រូកចេញហើយ ដោយបានកំណត់ត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ត្រូវតែយកចេញ ឱ្យអស់។ ប៉ុន្តែរហូតមកដល់ថ្ងៃទី១៤ ខែមីនា អ្នកចិញ្ចឹមជ្រូកនោះ នៅមិនទាន់យកជ្រូកចេញសូម្បីតែ ១ក្បាល នៅឡើយ ដោយពួកគាត់និយាយថា ពិបាកយកចេញ ព្រោះជ្រូកធំៗពេក។

លោកចៅសង្កាត់ បានថ្លែងបន្តទៀតថា ជ្រូក ឱ្យតែចិញ្ចឹម គឺធំហើយ ប៉ុន្តែទោះបីជាបែបណា ត្រូវតែយកចេញ ប្រសិនបើដល់ថ្ងៃកំណត់ ពួកគាត់នៅតែមិនព្រមយកចេញទៀតនោះ លោកនឹងប្តឹងខាងបរិស្ថាន ហើយអាជ្ញាធរនឹងមានវិធានការយកជ្រូកនោះចេញហើយ។
ដោយឡែក កាលពីថ្ងៃទី១៤ ខែមីនា លោកបានចាត់កម្លាំងមន្ត្រីសង្កាត់ ឱ្យចុះទៅវាយកន្លែងដែលអ្នកចិញ្ចឹមជ្រូកខាងលើ សង់ដាក់សំរាម នៅលើចិញ្ចើមផ្លូវ មុខផ្ទះនោះចោលរួចហើយដែរ។

ប្រជាពលរដ្ឋ បានឱ្យដឹងកថា នៅវេលាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ គ្រួសារមួយនោះ បានចាប់ផ្តើមចាប់ជ្រូកដាក់ជុច ចងខ្សែរ៉ត ដាក់ចុះញពីលើដំបូលផ្ទះហើយ៕