អ្នកខាត់ សុឃីម ថា អុជធូប ស្រាប់តែឃើញឪពុកមកចូលរួមបុណ្យ៧ថ្ងៃ

0
101

នៅថ្ងៃបុណ្យសព៧ថ្ងៃ ឪពុកអ្នកនាងខាត់ សុឃីម លោកលាវ ខាត់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ដែលរៀបចំនៅផ្ទះម្ដាយសុឃីម អ្នកស្រីផុន សាវ៉ុន ស្ថិតនៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នោះ អ្នកនាងសុឃីម បានប្រាប់អ្នកយកព័ត៌មានយើងថា នៅពេលនាងកំពុងតែអុជធូបនៅមុខរូបថតឪពុករបស់នាង ហើយព្រះសង្ឃគង់នៅក្បែរនោះ នាងបានឃើញឪពុកមកចូលរួមដែរ។

អ្នកនាងសុជីម ថា ពិបាកនិយាយថា តើជាអារម្មណ៍ឬក៏យ៉ាងណា? ប៉ុន្ដែនាងពិតជាបានឃើញគាត់នៅពេលនោះមែន។ នាងថា មុនបុណ្យសព៧ថ្ងៃនោះ ម្ដាយនាងក៏បានយល់សប្តិឃើញឪពុករបស់នាងទៅនៅវត្តសុវណ្ណធម្មរាជ ផងដែរ ប៉ុន្ដែរូបនាងមិនដែលបានយល់សពឃើញឪពុកនោះទេ ​តាំងពីគាត់ទទូលមរណភាព៧ថ្ងៃទៅហើយនោះ គឺឃើញតែពេលថ្ងៃបុណ្យសពរបស់គាត់គម្រប់៧ថ្ងៃនេះតែម្ដងគត់។

អ្នកនាងខាត់ សុឃីម បន្តថា ក្រោយធ្វើបុណ្យសព៧ថ្ងៃ ឲ្យឪពុករួច នាងនឹងបន្ដធ្វើការងារសិល្បៈជាធម្មតាវិញ ប៉ុន្តែនឹងយកធាតុរបស់ឪពុកទៅតម្កល់ទុកនៅវត្តប្រាសាទ។

នៅថ្ងៃបុណ្យខួប៧ថ្ងៃសពលោកលាវ ខាត់ ដែលជាតន្រ្ដីករផ្នែកបុរណនោះ គេឃើញមានអ្នកសិល្បៈរួមអាជីពមួយចំនួន បានទៅចូលរួមរំលែកទុក្ខអ្នកនាងខាត់ សុឃីម ក្នុងនោះដែរ​ មានដូចជា លោកគួច ខេវិន , សុគន្ធ និសា , ណាក់ ស្រីណា , លោកយាយយ៉យ , ទឹម រដ្ឋា , ព្រះកាយ ច័ន្ទ , ញឹម ចាន់ថន ,​ នាយព្រែក , នាយក្រឹម , នាងព្រលិត និងតារាមួយចំនួនទៀត។

លោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ បានឲ្យដឹងថា ការបាត់បង់លោកលាវ ខាត់ ជាការបាត់ធនធានមនុស្សផ្នែកបុរាណដ៏ឆ្នើមមួយរូប ហើយលោកមានតែការសោកស្ដាយ និងសូមបួងសួងឲ្យគាត់បានទៅកាន់សុខគតិភព។

អ្នកនាងខាត់ សុឃីម និងលោកគួច ខេវិន

លោកខេវិន បន្តថា អ្វីដែលលោកកោតសរសើរនោះ គឺលោកលាវ ខាត់ បានផ្ទេរចំណេះដឹងតន្រ្ដីករផ្នែកបុរាណ ដែលលោកមានឲ្យមកកូនៗគ្រប់គ្នាហើយ​ដូចជា អ្នកនាងសុឃីម អីចឹង​គាត់ជាកូនច្បងដែលមានទេពកោសល្យសិល្បៈល្អណាស់ និងប្រឹងប្រែងធ្វើការរកស៊ីគ្មានថ្ងៃណាសម្រាកនោះទេ ទើបធ្វើឲ្យនាងមានជីវភាពបានសមរម្យដូចពេលនេះ។

គួរំឮកថា ឪពុកខាត់ សុឃីម លោកលាវ ខាត់ បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដោយជំងឺលើសឈាម ក្នុងអាយុ៦៧ឆ្នាំ។

ក្រោយធ្វើបុណ្យ៧ថ្ងៃរួចនេះ អ្នកនាងសុឃីម បានឲ្យដឹងថា នាងនឹងរៀបចំធ្វើបុណ្យគម្រប់១០០ថ្ងៃ ឲ្យឪពុកទៀតនៅថ្ងៃខាងមុខ។ អ្នកនាងថា អ្វីដែលនាងស្រណោះបំផុតនោះ គឺនៅថ្ងៃដែលឪពុករបស់នាងផុតដង្ហើម គ្មានកូនណាម្នាក់ទៅទាន់ដង្ហើមគាត់ចុងក្រោយទេ។

អ្នកនាងខាត់ សុឃីម បន្ថែមថា ឪពុកនាងជាបុរសដ៏មហិមាសម្រាប់កូនៗ ហើយកន្លងមក​គាត់ធ្វើអ្វីក៏ដោយ គឺមិនចង់ឲ្យកូនចៅអស់លុយកាក់នោះទេ៕ ហ៊ឹម វិចិត្រ