QHR បានត្រៀមខ្លួនក្លាយជាអ្នកផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងផ្នែកធនធានមនុស្សបែបថ្មីនៅក្នុងទីផ្សារកម្ពុជា

0
87

ភ្នំពេញ ៖ ក្រុមហ៊ុន QHR Solutions ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយសម្រាប់ការគ្រប់គ្រងធនធានមនុស្សនៅលើខ្លោដ (cloud-base) ឈានមុខគេមួយនៅក្នុងប្រទេសសិង្ហបុរី ដែលឥឡូវនេះបានមកដល់ប្រទេសកម្ពុជាហើយ។

កាលពីខែកុម្ភៈ ឆ្នាំ2020 កន្លងទៅនេះ ក្រុមហ៊ុន Enable Business Pte. Ltd. បានបើកដំណើរការអាជីវកម្មនៅក្នុងទីក្រុងភ្នំពេញ ដោយប្រើពាណិជ្ជនាមរបស់ខ្លួន ឈ្មោះថា QHR Solutions ដើម្បីជួយសម្រួលដល់បណ្ដាក្រុមហ៊ុននានា នៅក្នុងការជម្នះបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះនៅក្នុងការគ្រប់គ្រងបច្ចេកវិទ្យា និងបេក្ខភាពមានទេពកោសល្យ ដែលសព្វថ្ងៃនេះមានក្រុមហ៊ុនជាច្រើនកំពុងជួបប្រទះនៅក្នុងទិដ្ឋភាពអាជីវកម្មដែលកំពុងតែមានការប្រែប្រួលមិនធ្លាប់មានពីមុនមកបែបនេះ។

ក្រុមហ៊ុននេះបាននាំមកនូវកម្មវិធីសូហ្វវែរ (Software) ដែលជាកម្មវិធីសម្រាប់គ្រប់គ្រងធនធានមនុស្ស (HRM) មានមុខងាររួមបញ្ចូលគ្រប់ជ្រុងជ្រោយ ពោលគឺ ចាប់ពីដំណើរការដំបូងរហូតដល់ចប់ ដែលដំណើរការនៅលើប្រព័ន្ធខ្លោដ (cloud-base) ដើម្បីផ្ដល់ជូននូវដំណោះស្រាយផ្នែកធនធានមនុស្សប្រកបដោយសក្ដានុពល និងមានប្រសិទ្ធភាពខ្ពស់បំផុត ជាមួយនឹងតម្លៃសមរម្យ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៏ដូចប្រទេសកម្ពុជាជាដើម។

កម្មវិធីសូហ្វវែរ (Software) គ្រប់គ្រងធនធានមនុស្សគ្រប់ជ្រុងជ្រោយនេះ បានបង្កើតឡើងក្នុងគោលបំណងជួយគាំទ្រដល់ផ្នែកធនធានមនុស្សក្នុងការផ្ដោតទៅលើការប្រើក្រដាសតិចជាងមុន តែអាចគ្រប់គ្រងធនធានមនុស្សក្នុងបរិមាណយ៉ាងច្រើនប្រកបដោយប្រសិទ្ធភាពខ្ពស់។ កម្មវិធីសូហ្វវែរ (Software) នេះមានផ្ដល់ជូននូវអ៊ីនធឺហ្វេសងាយស្រួលសម្រាប់ប្រើប្រាស់ (intuitive interface), ម៉ូឌុលលើកកំពស់សមត្ថភាព ដំណោះស្រាយមានប្រសិទ្ធភាពក្នុងការចំណាយ ដែលលោកអ្នកអាចបំពេញកិច្ចការតាមការចង់បានក្នុងរយៈពេលដ៏ខ្លីត្រឹមតែពីរបីនាទីប៉ុណ្ណោះ។

កម្មវិធី QHR គឺជាកម្មវិធីសូហ្វវែរ (Software) ដែលទទួលបានការស្វាគមន៍ជាច្រើនពីសំណាក់អ្នកប្រើប្រាស់ និងបានឈ្នះពានរង្វាន់ជាបន្តបន្ទាប់ រួមមានពានរង្វាន់កម្មវិធីសូហ្វវែរតាមដានបេក្ខភាពល្អបំផុត [ពានរង្វាន់ប្រាក់ ឆ្នាំ2019] (Best Applicant Tracking Software-Silver Award 2019) ក្រុមហ៊ុនធនធានមនុស្សបង្កើតថ្មីល្អបំផុត [ពានរង្វាន់មាស ឆ្នាំ2018] (Best HR Start-up Company-Gold Award 2018) និងពានរង្វាន់ករណីសិក្សាសម្រាប់ប្រឹក្សាយោបល់ផ្នែកធនធានមនុស្ស ប្រចាំឆ្នាំ2018 (Human Resource Consulting Case Study of the Year 2018)។

ការគាំទ្រ និងគំនិតផ្ដួចផ្ដើមដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ឌីជីថលូបនីយកម្មនៅក្នុងប្រទេស គឺជាគន្លឹះចាប់ផ្ដើមក្នុងការលើកកម្ពស់ការយល់ដឹង ហើយបន្ទាប់មក ឈានដល់ការបង្កើតប្រព័ន្ធអេកូអំណោយផល ដែលមានលក្ខណៈរួមបញ្ចូល និងការរចនាឡើងដើម្បីលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមនៅក្នុងការប្ដូរមកប្រើប្រាស់ប្រព័ន្ធឌីជីថលជំនួសវិញ។

នេះហើយជាមូលហេតុដែលក្រុមហ៊ុន QHR Solutions ចូលខ្លួនមកផ្ដល់នូវជំនាញឯកទេសរបស់ខ្លួន ហើយនៅពេលក្រុមហ៊ុននានាប្រើប្រាស់សេវាកម្មរបស់យើង ហើយដំណោះស្រាយទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសម្រេចគោលដៅ និងការអនុវត្តន៏ ការផ្លាស់ប្ដូរមកប្រើប្រាស់ប្រព័ន្ធឌីជីថលដែលបានលើកឡើងខាងលើនេះជាក់ជាមិនខាន។ ហេតុដូច្នេះហើយក្រុមហ៊ុននេះនឹងបន្សល់ទុកនូវឥទ្ធិពលមួយក្នុងនាមជាអ្នកកែប្រែរបៀបរបបថ្មីនៅក្នុងវិស័យគ្រប់គ្រងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។

លោក Victor La នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន QHR Solutions បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រព័ន្ធឌីជីថល QHR Solutions គឺជាប្រព័ន្ធគ្រប់គ្រងធនធានមនុស្សនៅលើខ្លោដ (cloud-base) ដែលមានមុខងារជាច្រើនដោយបានកែសម្រួលតាមតម្រូវការជាក់ស្ដែងនៅក្នុងក្រុមហ៊ុន និងងាយស្រួលប្រើប្រាស់។ ជំងឺកូវីដ-19 បានបង្ហាញឱ្យយើងឃើញថា ផ្នែកធនធានមនុស្សបានក្លាយជាផ្នែកមួយនៅជួរមុខគេគ្រប់បណ្តាក្រុមហ៊ុនទាំងអស់”។

លោកបន្តថា “ឌីជីថលរូបនីយកម្មផ្នែកធនធានមនុស្សគឺមិនមែនគ្រាន់តែជាកិច្ចការល្អប្រសើរមួយដែលគួរតែមាននោះទេ ប៉ុន្តែគឺវាគឺជាកិច្ចការដ៏ចាំបាច់បំផុតដែលត្រូវតែអនុវត្តដោយខានមិនបានសម្រាប់គ្រប់ក្រុមហ៊ុនទាំងអស់ ដើម្បីអាចដាក់ចេញនូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្សមានលក្ខណៈរួមបញ្ចូលដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការជម្នះនឹងបញ្ហាប្រឈមនាពេលអនាគត”។

លោក Victor La បានបញ្ជាក់ថា “គោលដៅរបស់យើង គឺនាំមកនូវវិធីសាស្រ្តគ្រប់គ្រងធនធានមនុស្សដែលអាចអនុវត្តបានល្អប្រសើរបំផុត ដែលមានប្រភពពី ប្រទេសដែលមានសេដ្ឋកិច្ចលក្ខណៈឌីជីថលលំដាប់កំពូលនៅក្នុងតំបន់អាស៊ាន ដើម្បីជួយពន្លឿនសន្ទុះកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា តាមរយៈការអនុញ្ញាតឱ្យប្រជាជនប្រើប្រាស់បច្ចេកវិទ្យា និងផ្ដល់ភាពអង់អាចដល់កម្លាំងពលកម្មវ័យក្មេងនៅកម្ពុជា។ ក្រុមការងារយើងខ្ញុំពិតជាមានក្ដីរំភើបរីករាយណាស់ និងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការងារជាមួយនឹងវិស័យផ្សេងៗ ដើម្បីផ្ដល់ជូននូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមតម្រូវការក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាពខ្ពស់”៕