ខេត្តក្រចេះ ៖ បុរសម្នាក់ក្រោកពីដំណេកតាំងពីវេលាទៀបភ្លឺ រួចក៏ចេញទៅមើលមងបាត់មិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារនឹកឆ្ងល់ចេញតាមទៅរក ក៏ប្រទះឃើញលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចទឹកបឹងខាងក្រោយភូមិស្ទឹងស្វាយ ស្ថិតក្នុងឃុំដារ ស្រុកចិត្របុរី។
បុរសរងគ្រោះខាងលើ មានឈ្មោះវ៉ាត់ សាវី អាយុ៤៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះបានក្រោកពីដំណេក រួចក៏ចេញទៅមើលមងនៅឯបឹងកោះសុក្រំ ក្រោយភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ចំណែកស្ត្រីជាប្រពន្ធជនរងគ្រោះក៏ក្រោកពីដំណេកតំណាលគ្នានោះដែរ ហើយក៏ចេញទៅទិញបន្លែនៅឯខេត្តក្រចេះ ដើម្បីយកទៅលក់បន្តបាត់ទៅ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៦ព្រឹកថ្ងៃដដែល ពេលស្ត្រីជាប្រពន្ធត្រឡប់មកពីផ្សារដល់ផ្ទះវិញ ពុំទាន់ឃើញប្តីមកដល់ដូចសព្វដង ទើបបានទូរសព្ទ័ទៅប្រាប់ប្អូនឱ្យជួយទៅតាមរក ចំណែកគាត់ជាប្រពន្ធក៏ចេញទៅលក់បន្លែបន្តទៀត។ លុះវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល ស្ត្រីជាប្រពន្ធក៏បានទទួលដំណឹងពីប្អូនថា ប្រទះឃើញប្តីរបស់គាត់ស្លាប់ក្នុងទឹកបឹងបាត់ទៅហើយ ហើយក៏នាំគ្នាស្រង់សាកសពដាក់គោយន្តកន្ត្រៃដឹកមកផ្ទះវិញ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដារ និងកម្លាំងជំនាញបច្ចេកទេស បានចុះទៅត្រួតពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន មិនមានពាក់ពន្ធ័នឹងបទល្មើសព្រហ្មទណ្ឌឡើយ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕