ប្រុសរត់កង់បី ដឹកភ្ញៀវស្រីប្រគល់ឲ្យសមត្ថកិច្ច ព្រោះតែខឹងមិនព្រមឆ្លើយ

0
510

ភ្នំពេញ ៖ ស្ត្រីម្នាក់ស្ថិតក្នុងសភាពស្ងៀមស្ងាត់ មិនព្រមនិយាយស្តីអ្វីទាំងអស់បានឡើងជិះម៉ូតូកង់បី១គ្រឿង ដោយមិនប្រាប់ពីទីតាំងដែលខ្លួនចង់ទៅសោះ លុះអ្នករត់ម៉ូតូកង់បីព្យាយាមសួរនាំយ៉ាងណា ក៏មិនព្រមឆ្លើយ សង្ស័យថាត្រូវថ្នាំសណ្តំ ក៏ដឹកនារីរូបនោះទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍តែម្តង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខសាលាអន្តរជាតិ (ICA) តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណ៣០ឆ្នាំ។

តាមសម្តីបុរសជាអ្នករត់ម៉ូតូកង់បីដែលបានដឹកស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ឃើញស្ត្រីខាងលើឈរនៅចំណុចការាស់សាំង PTT តាមបណ្តោយផ្លូវទេពផន ខណៈនោះរូបគាត់បានហៅស្ត្រីខាងលើជិះម៉ូតូកង់បីរបស់គាត់ ស្រាប់តែស្ត្រីខាងលើមិនមាត់មិនកនោះទេ រួចក៏បានដើរមកជិះកង់បីគាត់តែម្តង។

ប្រភពដដែលបានបន្តថា ក្រោយពីបានជិះលើម៉ូតូកង់បីរបស់គាត់ហើយ គាត់បានបើកម៉ូតូកង់បីបន្តដំណើរទៅមុខរហូត ដោយបើកបណ្តើរសួរទៅលើស្ត្រីខាងលើនោះបណ្តើរ តែស្ត្រីខាងលើមិនបានឆ្លើយតប ឬប្រាប់ថាទៅកន្លែងណានោះទេ ទើបរូបគាត់មិនហ៊ានបើកកង់បីបន្តដំណើរទៅមុខទៀតទេ ដោយមិនដឹងថាគាត់ទៅដល់ណា រួចក៏សម្រេចដឹកស្ត្រីខាងលើមកប្រគល់ជូនសមត្ថកិច្ចកំពុងតែអនុវត្តតាមច្បាប់ចរាចរណ៍ នៅចំណុចកើតហេតុខាងលើតែម្តង។

ក្រោយពីដឹកស្ត្រីខាងលើ មកប្រគល់ឱ្យសមត្ថកិច្ចរួចហើយ បុរសជាអ្នករត់ម៉ូតូកង់បីរូបនោះក៏បើកម៉ូតូកង់បីរបស់ខ្លួនចេញទៅរកម៉ូយ ដឹកបន្តទៀតបាត់ទៅ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅខាងវិទ្យុ ABC ដើម្បីមកជួយយកស្ត្រីខាងនេះផង៕