អុញ… ប្រហែលអ្នកនាងយុគ ចិន្តា ចូលរោងការឆាប់ៗហ្នឹងហើយ មើល៍ទៅ

0
105

ថ្មីៗនេះ ធ្លាយព័ត៌មានថា ពិធីការិនីជើងចាស់ អ្នកនាងយុគ ចិន្ដា ដឹកដៃគូស្នេហ៍ទៅថត Pre-Wedding ដើម្បីត្រៀមរៀបការក្រោយស្ងប់ស្ងាត់ជំងឺកូវីដ-១៩ នាពេលដ៏ខ្លីខាងមុខនេះ។

ប្រភពនោះបានឲ្យដឹងថា អ្នកនាងយុគ ចិន្ដា ព្យាយាមលាក់រឿងថតទុកតាំងរោងការនេះ​តែជំនួយការរបស់អ្នកនាង លោកជីមមី បែរជាធ្លោយមាត់បញ្ចេញសារប្រាប់មិត្តភក្ដិ ដោយអមរូបភាពអ្នកនាងចិន្ដា គ្រងឈុតកូនក្រមុំ១ប៉ុស្ដិ៍ និងភ្ជាប់ដោយសំណេរថា ”កំរង Pre-Wedding Soon @ Chinda Yok“។

ភាពភ្ញាក់ផ្អើលបានកើតមានទាំងក្នុងនិងក្រៅសិល្បៈ ព្រោះម្នាក់ៗចង់ឃើញអ្នកនាងយុគ ចិន្ដា រៀបការតាមប្រពៃណីខ្មែរ ដូចនារីទូទៅ ព្រោះថាពេលនេះនាងមានអ្វីៗគ្រប់បែបយ៉ាងអស់ទៅហើយ ដូចជា ទ្រព្យសម្បត្តិ កិត្តិយស រួមទាំងមុខជំនួញជាច្រើនទៀត តែអ្នកនាងបែរជាមិនអាចរៀបការដូចនារីសាមញ្ញបានទៅវិញ?

ដោយឡែក តារារួមអាជីពដែលស្និទ្ធស្នាលអ្នកនាងយុគ ចិន្ដា ហើយពួកគេធ្លាប់តែជំរុញឲ្យអ្នកនាងរៀបការឡើងរួយមាត់ទៅហើយនោះ បានបង្ហាញការសប្បាយរីករាយជាខ្លាំង​ នៅពេលដែលមានដំណឹងថា អ្នកនាងចិន្ដា ដឹកដៃសង្សារទៅថត​ Pre-Wedding។

អ្នកយកព័ត៌មានយើងបានទូរស័ព្ទសួរលោកជីមមី ដែលជាជំនួយការរបស់អ្នកនាងយុគ ចិន្ដា កាលពីថ្ងៃទី៣០ ខែកក្កដា ពីរឿងដែលពិធីការិនីដ៏មានឥទ្ធិពលរបស់ CTN រូបនេះ ទៅថត Pre-Wedding នឹងត្រៀមចូលរោងការឆាប់ៗនេះ​ តាមការទម្លាយសាររបស់លោក ប៉ុន្ដែអ្នកស្និទ្ធអ្នកនាងចិន្ដា បំផុតរូបនេះ បែរជាថា ពិធីការិនីរូបនេះមិនអាចរៀបការនៅពេលឆាប់ៗនេះទៅវិញ។

លោកជីមមី ថា ដោយសារតែកូវីដ-១៩ នៅមិនទាន់ស្ងាត់ អីចឹងអ្នកនាងចិន្ដា មិនអាចរៀបការបានពេលនេះទេ គឺនៅត្រូវការពេលវេលាយូរឆ្នាំតទៅទៀត បានអាចធ្វើពិធីនោះបាន។

លោកជំនួយការរូបនេះ និយាយហាក់លាក់លៀមរឿងនេះ ដោយបន្ថែមថា ការដែលអ្នកនាងចិន្ដា ទៅថតរូបឈុតកូនក្រមុំកាលពីពេលថ្មីៗនេះ មិនមែនថតសម្រាប់ការខ្លួនឯងទេ គឺថតស្ពតឲ្យសម្អាងការឲ្យគេទេ។

លោកជីមមី បន្ថែមថា លោកដឹងចិត្តអ្នកនាងចិន្ដា ច្បាស់ណាស់ គឺនាងមិនទាន់ចង់រៀបការឆាប់ៗទេ ហើយកូវីដ-១៩ នៅមិនទាន់រលត់ អីចឹងពិធីនោះកាន់តែមិនអាចកំណត់បានថា នឹងរៀបចំនៅពេលណាណាស់។

យុគ ចិន្ដា បានជោគជ័យអាជីពពិធីការិនីជាង២ទសវត្សន៍មកហើយ ដែលពេលនេះនាងក៏ជាអ្នកជំនួញម្នាក់ផងដែរ ហើយនាងត្រូវបានគេចាត់ទុកថា ជាតារាដែលមានទ្រព្យស្ដុកម្នាក់ផងដែរ។

ប៉ុន្ដែក្រឡេកមើលរឿងស្នេហារបស់អ្នកនាងចិន្ដា វិញ គឺកន្លងមកនាងមិនសូវសមប្រកបនោះទេ ដូចជាធ្លាប់ប្រេះឆាស្នេហ៍ជាមួយ DJ ឃ្លាំង, ពោះម៉ាយមកពីអាមេរិក លោកវុទ្ធី បណ្ឌិត ហៅសម័យ ជាដើម។ តែពេលនេះ អ្នកនាងចិន្ដា រកបានគូស្នេហ៍ថ្មី ហើយគឺជាបុរសម្នាក់នៅក្រៅសិល្បៈ ហើយមានចរិតស្លូតបូត និងមានចំណេះដឹងស័ក្តិសមជាមួយនាង។

អ្នកនាងចិន្ដា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងនឹងរៀបការនៅពេលដែលកូនស្រីរបស់នាង ឈ្មោះយុគ ដាពេជ្រ ហៅស្រីអម គម្រប់អាយុ១៨ឆ្នាំ ខណៈដែលពេលនេះនាងទើបមានអាយុ១៦ឆ្នាំ ពោលគឺនៅឆ្នាំ២០២២ នាងអាចរៀបការបានហើយ ដែលពេលនេះកូនស្រីរបស់នាងធ្វើជាអ្នកកំដរនាងតែម្ដង។

យ៉ាងណា ការមានកូនស្រីពេញវ័យក្រមុំស្ដូក ទាំងអ្នកនាងមិនដែលរៀបការនេះ ធ្វើឲ្យអ្នកនាងចិន្ដា នៅតែបន្ដស្នេហ៍អាថ៌កំបាំងពីអតីតកាល ហើយមហាជននៅតែចង់ដឹងថា តើអ្នកណាជាឪពុករបស់កូនស្រីអ្នកនាងចិន្ដា? ហ៊ឹម វិចិត្រ