ប្តីរត់តាមស្រី ប្រពន្ធដង្ហោយហៅ វិលវិញមកបង ម្តេចទុកអូនចោល

0
147

ភ្នំពេញ ៖ នារីម្នាក់បានទម្លាយរឿងក្នុងគ្រួសារ ដែលបុរសជាប្តីបានរត់ចោលប្រពន្ធកូនទៅដេកឱបស្រីថ្មី ទុកឱ្យនាងត្រូវរ៉ាប់រងសងបំណុលធនាគារ និងចិញ្ចឹមកូនប្រុសស្រី៣នាក់តែម្នាក់ឯងយ៉ាងវេទនា ទើបនាងជាប្រពន្ធដង្ហោយហៅប្តីឱ្យវិលមករកប្រពន្ធកូនវិញ ព្រោះមិនទាន់ហួសពេលទេ បើមិនដូច្នេះទេ នាងនឹងលុបរូបគេចេញពីបេះដូងជារៀងរហូតមិនខាន។

នារីដែលទម្លាយរឿងប្តីរត់តាមស្រី ទុកនាងនិងកូនចោល និងដង្ហោយហៅប្តីវិលវិញនោះ មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យជាង៣០ឆ្នាំ មានកូនបីនាក់ (ប្រុស១ ស្រី២)។ ចំណែកបុរសជាប្តីក៏មិនត្រូវបានបង្ហាញអត្តសញ្ញាណដូចគ្នា និងមានវ័យស្របាលគ្នាដែរ។

នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីជាប្រពន្ធបានបង្ហោះរូបថតនាងជាមួយបុរសជាប្តីនិងកូនទាំងបី និងរូបថតបុរសជាប្តីដេកឱបស្រីស្នេហ៍ថ្មី ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់នាង ជាមួយសំណេរថា “នេះហើយមនុស្សប្រុសមួយចំនួនដែលមិនខ្វល់ពីប្រពន្ធ កូនកំព្រា គ្មានឪពុកហៅដូចគេ តើប្តីសប្បាយណាស់មែនទេ ដែលធ្វើបាបចិត្តប្រពន្ធនិងកូន ដែលគ្នានៅតូចៗមិនទាន់ដឹងសោះ កូនស្រែកយំរកឪពុករាល់ថ្ងៃរាល់យប់ តែឪពុកមិនដែលខ្វល់ពីកូនឡើយ គិតសប្បាយយក ប្រពន្ធមួយហើយមួយទៀត។

តើបងមានគិតប្រពន្ធកូនខ្លះទេថា ប្រពន្ធកូនឈឺចាប់ប៉ុនណា? កូននឹកឪពុកឡើងឈឺហើយ តើបងមានដឹងទេថាកូនឈឺរកឪពុក? បងគេចប្រពន្ធកូន បងគេចបំណុលគេ ឱ្យខ្ញុំចេញរកសងតែម្នាក់ឯង និងចិញ្ចឹមកូនទាំងបីម្នាក់ឯង បងគេចរឿងគ្រប់យ៉ាង ទុកឱ្យខ្ញុំដោះស្រាយតែម្នាក់ឯងទាំងអស់។ ខ្ញុំចង់សួរបងថា បងមានអាណិតស្រលាញ់ប្រពន្ធកូនខ្លះទេ ម្តេចបងទុកគេចោល? ដឹងទេថាគេឈឺ?”។

ស្ត្រីដដែលបានសរសេរបន្តថា “បើនៅស្រលាញ់ប្រពន្ធកូន បងឆាប់មករកកូនវិញមក តែបើបងអស់ចិត្តពីប្រពន្ធកូន សូមបងចុះមកដោះស្រាយរឿងបំណុលឱ្យខ្ញុំផងបានទេ? ខ្ញុំមិនចង់ធ្វើជាឆ្អឹងទទឹងកបងទេ សូមសម្រេចចិត្តឱ្យច្បាស់ណា មុននឹងដើរចេញពីជីវិតប្រពន្ធកូន គិតឱ្យច្បាស់ណាបង ទាន់មិនទាន់ហួសពេល”។

ស្ត្រីជាប្រពន្ធបានសរសេរបន្តទៀតថា “ខ្ញុំសុំសួរទៅអ៊ំពូមីង និងបងប្អូន មិត្តៗណាដែលបានស្គាល់មុខប្រពន្ធចុងនិងប្តីខ្ញុំ ជួយប្រាប់គេផងថា កូនគាត់ឈឺស្រែករកគាត់រាល់ថ្ងៃ ឱ្យគាត់ចុះមកដោះស្រាយមក គេចបែបហ្នឹង មិនសមទេ ព្រោះគាត់ជាប្តីជាឪពុកគេ ទុកគេចោលដោយគ្មានហេតុផលបែបនេះ តើសមទេបងប្អូន?

ខ្ញុំសួរដូចជាល្ងង់ទៅចុះបងប្អូន។ ខ្ញុំសូមអរគុណ អ៊ំ ពូ មីង និងបងប្អូន ទុកជាមុនផង ! ជួយឡាច ជួយស៊ែរមួយផង និងខមិន ជួយជាកម្លាំងចិត្តឱ្យបានតស៊ូដើរទៅមុខផងបងៗ ខ្ញុំគ្មានកម្លាំងចិត្តតស៊ូទេ…!។

ស្ត្រីប្តីរត់ចោលខាងលើ បានបង្ហោះរូបភាពដដែលក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយសំណេរបន្ថែមនៅយប់ថ្ងៃដដែលនោះថា “ផុសរូបនេះជាលើកចុងក្រោយហើយ ខ្ញុំនឹងលុបអ្នកចេញពីបេះដូងខ្ញុំឱ្យបាន ព្រោះអ្នកឱ្យខ្ញុំឈឺចាប់គ្រប់គ្រាន់ហើយ ល្មមនឹងភ្លេចអ្នកបានហើយ ព្រោះអ្នកគេចរឿងគ្រប់យ៉ាងឱ្យខ្ញុំដោះស្រាយតែម្នាក់ឯង ទាំងបំណុល និងចិញ្ចឹមកូនៗម្នាក់ឯងដោយគ្មានអ្នក។

ខ្ញុំរឹងមាំហើយ ខ្ញុំនឹងតស៊ូម្នាក់ឯងដើម្បីកូនៗទាំងបីរបស់ខ្ញុំ ចាប់ពីយប់ថ្ងៃនេះ ខែនេះ ឆ្នាំនេះ ឬឆ្នាំណាក៏ដោយ ក៏លែងមានអ្នកក្នុងបេះដូងខ្ញុំទៀតហើយ។ លាហើយ លាមួយជីវិត ឆ្អែតហើយជាតិនេះ! សុំកម្លាំងចិត្តម្នាក់មួយម៉ាត់ផង បងៗ មិត្តៗ ណប់ៗ ឱ្យមានកម្លាំងចិត្តនឹងដើរទៅមុខបន្តទៀត… ពេលនេះអស់កម្លាំងចិត្តនឹងស៊ូហើយបងៗ…”។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចសុំការបកស្រាយបំភ្លឺពីបុរសជាប្តីនិងស្រីស្នេហ៍ថ្មី ដែលត្រូវបានស្ត្រីជាប្រពន្ធទម្លាយរឿងលួចសហាយស្មន់ និងរត់តាមគ្នា ចោលប្រពន្ធកូននោះបានទេ កាលពីល្ងាចម្សិលមិញ។ ទោះជាយ៉ាងណា យើងរង់ចាំទទួលការបំភ្លឺពីភាគីពាក់ព័ន្ធជានិច្ច៕