តារាសម្ដែងម៉ាក សែនសូនីតា បានបង្រីកមុខរបរថ្មីមួយទៀត ក្រៅពីបើកហាងលក់គ្រឿងសមុទ្រដែលមានជាច្រើនសាខានោះ គឺនាងបើកកសិដ្ឋានចិញ្ចឹមគោជាច្រើនក្បាលនៅតំបន់ជើងភ្នំ នៅខេត្តមួយ។

នេះជាមុខរបរថ្មីមួយទៀតសម្រាប់តូតា ហើយក៏ជាមុខរបរដំបូងគេផងដែរ សម្រាប់តារាសិល្បៈខ្មែរយើង ខណៈដែលកន្លងមក អ្នកនាងឈួន សុវណ្ណឆៃ បានបើកកសិដ្ឋានចិញ្ចឹមជ្រូកដោយជោគជ័យនៅខេត្តកំពង់ស្ពឺ រហូតមានផ្ទះវីឡាធំស្កឹមស្កៃ ជិះរថយន្ដទំនើបៗ និងពាក់សុទ្ធតែគ្រឿងមាសពេជ្រ ជ្រែកខ្លួនតែម្ដង។

ទស្សនិកជនរង់ចាំមើលថា តូតា អាចជោគជ័យជាមួយមុខរបរថ្មីនេះដែរឬទេ ខណៈដែលពេលនេះទៅណាមកណាគេហៅនាងថា ”ថៅកែគោៗ” ទៅហើយ។

ទោះជាយ៉ាងណា មុខរបរថ្មីនេះ ស្វាមីតូតា លោកប៉ុល វិបូរ ហៅនីត ជាអ្នកគ្រប់គ្រងស្ទើរតែទាំងស្រុង ខណៈដែលសូនីតា ផ្ដោតទៅលើការរកស៊ីតាមOnlineលក់គ្រឿងសម្អាងច្រើនជាង តាំងពីក្រោយនាងមានស្វាមីនេះ។

ម៉ាក សែនសូនីតា បានផាត់ចោលអតីតសង្សារប្រុសក្មេង លោកទឹម នីដា ដែលជាប្អូនតារាសម្ដែងទឹម រដ្ឋា តាមរយៈការដឹកដៃពោះម៉ាយកូន២ លោកវិបូរ ហៅនីត រៀបការកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ហើយពេលនេះនាងពពោះកូនដំបូងជាង៥ខែទៅហើយ។

តូតា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ទោះជាកូនប្រុសឬស្រី នាងពេញចិត្តទាំងអស់ ពោលគឺឲ្យតែបានកូន ខណៈដែលស្វាមីនាង លោកវិបុល វិញថា ឲ្យតែទេវតាប្រទានពរជ័យឲ្យកូនមកប្រពន្ធលោកនោះ លោករីករាយគ្មានអ្វីប្រៀបបានឡើយ។ នៅពេលនេះ តូតា-វិបូរ ពិតជាទទួលបានចំណងដៃកូនដំបូងតាមបំណងមែន ប៉ុន្តែសម្រាប់លោកនីត វិញ ជាកូនទី៣ហើយ ព្រោះលោកធ្លាប់មានកូន២នាក់ ជាមួយអតីតប្រពន្ធដើមផងដែរ។

តូតា ថា ក្រោយមានស្វាមីនាងផ្ដោតលើការធ្វើមុខជំនួញច្រើនជាងការងារសិល្បៈ ប៉ុន្តែនាងមិនបោះបង់អាជីពចាស់ឡើយ៕