ប្រុសផ្ញើសារតាម Messenger ភ្លាម នាងភ័យ រត់មកដាក់ពាក្យបណ្តឹងភ្លែត

0
75

ភ្នំពេញ ៖ គ្រូឱសថបុរាណម្នាក់បានតាំងខ្លួនជាឧត្តមសេនីយ៍យោធា និងបានធ្វើសកម្មភាពឆបោកប្រាក់ពីស្ត្រីម្នាក់ ពាក់ព័ន្ធនឹងការទិញលក់សំរឹទ្ធ (វត្ថុស័ក្តិសិទ្ធិ) លុះក្រោយពីស្ត្រីរងគ្រោះដឹងថា ខ្លួនចាញ់បោកល្បិចគ្រូប៉ោក ក៏សួរនាំរឿងលុយកាក់ ស្រាប់តែត្រូវជនសង្ស័យរូបនេះគំរាមសម្លាប់ផ្តាច់ពូជ សូម្បីកូនក្នុងអង្រឹងក៏មិនទុក ជាហេតុធ្វើឱ្យស្ត្រីរងគ្រោះមានការភិតភ័យក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនគ្រូប៉ោក នាំយកទៅចាត់ការតាមច្បាប់។

តាមប្រភពពីអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចជំនាញនៃការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីឆបោក គំរាមសម្លាប់ និងលាក់ទុកប្រើប្រាស់អាវុធដោយខុសច្បាប់ ចំនួន២ដើម។

ជនសង្ស័យឈ្មោះយន្ត ដារ៉ា ហៅនូ រស្មី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរគ្រូឱសថបុរាណ តែដើរតាំងខ្លួនជាឧត្តមសេនីយ៍យោធា ស្រុកកំណើតភូមិតាលួស ឃុំតាលួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបឹងទំពុន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ យន្ត ដារ៉ា បានសារភាពថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ រូបគេពិតជាបានឆបោកប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់ សរុប៣២១០០ដុល្លារប្រាកដមែន ពាក់ព័ន្ធករណីទិញលក់សំរឹទ្ធ។

នៅពេលដែលជនរងគ្រោះដឹងខ្លួនថា ត្រូវបានជនសង្ស័យបោកប្រាស់ ជនសង្ស័យក៏បានផ្ញើសារទៅកាន់ជនរងគ្រោះគំរាមកំហែងម្តងហើយម្តងទៀត តាមរយៈបណ្តាញទំនាក់ទំនង Messenger ដោយប្រើពាក្យសម្តីថា នឹងសម្លាប់ចោលទាំងពូជ សូម្បីតែកូនង៉ែតក្នុងអង្រឹងក៏មិនទុកដែរ។ ដោយមានការភ័យខ្លាច ជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងនៅអាវុធហត្ថរាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានបណ្តឹង សមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតអាវុធខ្លី ចំនួនពីរដើម គឺម៉ាក K៥៤ និង ម៉ាក Swees នៅចំណុចភូមិខ្វា ទល់មុខធនាគារអេស៊ីលីដា ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលអាវុធទាំង២ដើមខាងលើ ជនសង្ស័យប្រាប់ថា រូបខ្លួនបានទិញពីអ្នកស្គាល់គ្នា ដែលបច្ចុប្បន្នបានស្លាប់បាត់ទៅហើយ៕