លោកឆឹម សក្កដា ក្លាយជាទូតសុច្ឆន្ទៈគ្រឿងសម្អាង

0
100

ក្រុមហ៊ុន NS Skincare Co,Ltd ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវផលិតផលថែរក្សាសម្រស់ ម៉ាក NS Skincare និងខូឡាជេនល្បីឈ្មោះមួយប្រភេទ បានធ្វើពិធីសម្ពោធកាលពីថ្ងៃទី12 ខែកញ្ញា ឆ្នាំ2020 ហើយតារាសម្ដែង លោកឆឹម សក្កដា និងតារាកំប្លែង លោកម៉ាដូណា ត្រូវបានក្រុមហ៊ុនមួយនេះ ប្រកាសថា គឺជា Brand Ambassador រយៈពេល1ឆ្នាំ។

ទោះជាយ៉ាងណា ក្នុងចំណោមតារាជាអ្នកតំណាងទាំងពីរ លោកឆឹម សក្កដា ត្រូវបានមហាជនផ្តោតការចាប់អារម្មណ៍ជាង ដោយសារតែលោកគឺជាអ្នកតំណាងផលិតផលផ្នែកផ្ទៃមុខ NS Skin Care ដែលនេះគឺជាឱកាសរបស់លោកជាលើកដំបូងនៅក្នុងវិស័យគ្រឿងសម្អាង។

ម្ចាស់ប្រេន SN Skin Care ក៏បានលើកឡើងពីមូលហេតុមួយចំនួនដែលនាំឲ្យលោកឆឹម សក្កដា ទទួលបានតំណែងនេះផងដែរ។

លោកស្រី លាង សុខអ៊ីម អគ្គនាយិកាក្រុមហ៊ុន SN Skincare Co,Ltd បានថ្លែងឲ្យដឹងថា មូលហេតុនៃការជ្រើសយកលោកឆឹម សក្កដា គឺដោយសារតែលោកក៏ជាអតិថិជនរបស់ផលិតផល SN Skin Care មួយរូប ហើយដោយសារតែផលិតផលនេះបានធ្វើឲ្យផ្ទៃមុខរបស់លោកប្រែប្រួលពីមុខរោល មុខមុន និងប្រហោង មកជារលោងស្អាតដូចបច្ចុប្បន្ន ទើបលោកយល់ព្រមធ្វើជាអ្នកតំណាង ក្រោយពេលលោកស្រីដាក់សំណើរ។

លោកស្រីសុខអ៊ីម បន្តថា ក្រុមហ៊ុនភាគច្រើន គឺយកតារាស្រីធ្វើជាអ្នកតំណាង ប៉ុន្តែលោកស្រីជ្រើសយកលោកឆឹម សក្កដា ព្រោះតែលោកគឺជាអតិថិជនស្រាប់ ហើយក៏ចង់ឲ្យមហាជនដឹងថា ផលិតផលរបស់ SN Skin Care គឺក្រៅពីត្រូវសម្រាប់ស្បែកមុខនារី ក៏ប្រើបានសម្រាប់បុរសផងដែរ។

ចំណែកលោកឆឹម សក្កដា បញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំនៃការកុងត្រា លោកមាននាទីថតរូបសន្លឹក និងផ្សាយប្រូម៉ូតពីផលិតផលមុខ NS Skin Care ដោយលោកក៏នឹងមានវីដេអូណែនាំឲ្យអ្នកគាំទ្ររបស់លោកជឿជាក់លើ SN Skin Care ដោយលោករំពឹងថា រយៈពេល១ឆ្នាំនេះ នឹងធ្វើអោយតួនាទីជាអ្នកតំណាងរបស់លោកឈានឡើង។

លោកស្រីលាង សុខអ៊ីម អះអាងថា ក្រៅពីផលិតផលមុខ NS Skin Care ដែលតំណាងដោយលោកឆឹម សក្កដា ក្រុមហ៊ុនក៏បាននាំចូលផលិតផលខូឡូជេនមួយប្រភេទ ដោយជ្រើសយកតារាកំប្លែងលោក ម៉ាដូណា ធ្វើជាអ្នកតំណាងផងដែរ។ មកដល់បច្ចុប្បន្ន លោកស្រីថា ក្រុមហ៊ុនមានតំណាងចែកចាយប្រមាណជាខ្ទង់ម៉ឺននាក់ ដោយផលិតផលទាំងមូលក្រៅពីវាយលុកទីផ្សារក្នុងស្រុក ក៏មានទីផ្សានៅបារាំង កូរ៉េ និងបណ្ដាប្រទេសមួយចំនួនផងដែរ បន្ទាប់ពីចរាចរអស់៦ខែ មុនបើកសម្ពោធទ្រង់ទ្រាយធំនេះ។

ក្រៅពីជប់លៀងកាត់ខ្សែបូរ ប្រកាសពីការដំណើរការក្រុមហ៊ុន NS Skincare នៅក្នុងពិធីនោះក៏មានពិធីប្រគល់វិញ្ញាបនប័ត្រជូនដល់អ្នកតំណាងឆ្នើមជាងមួយរយនាក់ផងដែរ៕