កញ្ញារ៉ាប៊ី សរសើរខេមរៈ សិរីមន្ត ឡើងកូដខ្លាំង ក្នុងរដូវកូវីដ-១៩

0
264

ខណៈដែលកូវីដ-១៩ អុកឡុកជាង១ឆ្នាំទៅហើយ ធ្វើឲ្យតារាល្បីៗជាច្រើនស្ងាបគ្រប់គ្នា ព្រោះធ្លាក់ប្រាក់ចំណូល និងមិនហ៊ានចេញបទចម្រៀង ព្រោះតារាខ្លះធ្វើបទចម្រៀងហើយ មិនហ៊ានចេញ ព្រោះខ្លាចខុសកាលៈទេសៈនោះ ស្រីស្អាតរ៉ាប៊ី បានឲ្យដឹងថា រយៈពេលចុងក្រោយនេះ នាងមើលឃើញតារាចម្រៀងតែម្នាក់គត់ទេ ដែលឡើងនៅពេលនេះ នោះគឺលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ។

កញ្ញរ៉ាប៊ី

រ៉ាប៊ី ថា ក្រៅពីលោកសិរីមន្ដ តារាទាំងអស់ស្ងាត់ដូចតែគ្នាទេ ព្រោះតែបទចម្រៀងធ្វើរួចហើយ តែមិនហ៊ានចេញ ទើបនៅទ្រឹងតែម្ដង។

ដោយឡែក ចំពោះរូបនាងវិញ ហ៊ានចេញតែ១បទទេ គឺបទ ”មីខ្មៅ” ខណៈដែលបទចម្រៀងរបស់នាងមាននៅក្នុងដៃជាច្រើនបទ តែនាងយល់ថា បើចេញបទសប្បាយៗពេក នៅពេលដែលគេគ្រប់គ្នាកំពុងតែមានទុក្ខ ព្រោះកូវីដ-១៩ នេះ នាងយល់ថា ហាក់ដូចជាមិនត្រូវពេលវេលានោះទេ ហេតុនេះហើយបានជានាងផ្អឹបបទទាំងនោះទុកមួយអន្លើសិន។

រ៉ាប៊ី វាចាថា ក្រោយចេញបទ ”មីខ្មៅ” នោះ ក៏មានក្រុមអ្នកគាំទ្ររបស់នាងចូលទៅខមិនថា បទល្អអីចឹង ម៉េចមិនចាំស្ងាត់កូវីដ-១៩ ចាំចេញ តែនាងថា កុំឲ្យស្ងាត់ពេក ទើបចេញ១បទនេះសិនទៅ។

ការវាចារបស់រ៉ាប៊ី ថា រដូវកូវីដ-១៩នេះ តារាចម្រៀងដែលស្ទុះឡើងមានតែលោកខេមរៈ សិរីមន្ដ ម្នាក់នោះ ហាក់ដូចជាស្រីស្រស់រូបនេះមើលរំលងតារាចម្រៀងតន់ ច័ន្ទសីម៉ា របស់ Galaxy ព្រោះថា នាងបានចេញបទចម្រៀងថ្មីៗស្ទើររៀងរាល់ថ្ងៃតែម្ដង អីចឹងម៉េចបានល្បីតែលោកខេមរៈ សិរីមន្ត ជាងគេទៅវិញ?

រ៉ាប៊ី បានអះអាងថា នាងមិនចាប់អារម្មណ៍អ្នកណាចេញបទចម្រៀងរាល់ថ្ងៃនោះទេ ព្រោះតារាចម្រៀងនីមួយៗមានគោលការណ៍ខុសៗគ្នា ហើយសម្រាប់រូបនាងមិនយល់ថា បទចម្រៀងចេញរាល់ថ្ងៃនោះល្អឡើយ។ ស្រីស្អាតរូបនេះបន្ថែមថា មានមោទនភាពដែលបទ ”មាន់ស្រែ” របស់នាងពេលនេះ គ្មានអ្នកណាអាចបំបែកឯកគត្តកម្មបានទេ ព្រោះបទនោះខ្លាំងពេក ដោយពេលនេះមានអ្នកចូលមើលរហូតដល់ទៅ 52M។

លោកខេមរៈ សិរីមន្ត

ការដែលរ៉ាប៊ី ចេញមុខសរសើរលោកសិរីមន្ត នៅពេលនេះ ក្រោយពីតារាកូន៣ ផ្ទុះបទ ”ពឺតៗ” ខណៈដែលកញ្ញារ៉ាប៊ី ថាបទ ”មីខ្មៅ” ដែលនាងទើបបញ្ចេញជា Audio នោះ ទទួលបានការគាំទ្រច្រើនគួរសម ៕