គេរត់ទៅប្រាប់ម៉ែឪនៅស្រែ ទើបប្រញាប់នាំគ្នាជូនកូនទៅពេទ្យ

0
43

ខេត្តតាកែវ ៖ ក្មេងប្រុសស្រីតូចៗ ២នាក់បងប្អូនបង្កើត ឆ្លៀតពេលឪពុកម្តាយរវល់ការងារស្រែចម្ការ ក៏នាំគ្នាទៅដើរចាប់សត្វគីង្គក់យកមកដុតហូប លុះក្រោយពីនាំគ្នាហូបរួច ក៏ចាប់ផ្តើមកើតអាការពុលចុកពោះ ក្អួតចង្អោរ បែកពពុះមាត់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល ពេលបញ្ជូនទៅដល់ពេទ្យ ក្មេងប្រុសជាប្អូនបានស្លាប់ ចំណែកបងស្រីកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង១៦នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះដែលហូបសាច់គីង្គក់ បណ្តាលឱ្យពុលស្លាប់ មានឈ្មោះ វិន ពិសិដ្ឋ ហៅចិន អាយុ៥ឆ្នាំ។ ចំណែកក្មេងស្រីជាបង ដែលកំពុងតែស្ថិតក្រោមការសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យ មានឈ្មោះវិន មករា អាយុ៧ឆ្នាំ។ ក្មេងប្រុសស្រីរងគ្រោះទាំង២នាក់បងប្អូន មានឪពុកឈ្មោះលឹម យឿន អាយុ៤០ឆ្នាំ និងម្តាយឈ្មោះសេង ស្រី អាយុ៤៧ឆ្នាំ និងមានលំនៅក្នុងភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។

ប្រភពដដែល បន្តថា មុនពេលកើតខាងលើ ប្រជាពលរដ្ឋជិតខាង បានឃើញក្មេង ២នាក់ ជាបងប្អូនបង្កើត ម្នាក់ឈ្មោះវិន មករា ភេទស្រី អាយុ៧ឆ្នាំ (ជាបង) និងម្នាក់ទៀតឈ្មោះ វិន ពិសិដ្ឋ ភេទប្រុស អាយុ៥ឆ្នាំ (ជាប្អូន) បាននាំគ្នាដើរចាប់សត្វគីង្គក់ យកទៅដុតហូប តែមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍នោះទេ នឹកស្មានថា ពួកគេដុតកង្កែបហូប ចំណែកឪពុកម្តាយក្មេងទាំង២នាក់ រវល់ចេញទៅស្រែបាត់អស់។

លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញក្មេងប្រុសស្រីទាំង២នាក់បងប្អូន កើតអាការចុកពោះ ក្អួតចង្អោរ បែកពពុះមាត់ ទើបដឹងថា ក្មេងទាំង២នាក់ ពុលគីង្គក់ ក៏ប្រញាប់ទៅប្រាប់ឪពុកម្តាយពួកគេ មកដល់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកគិរីរង់ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ។ ប៉ុន្តែជាអកុសល ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្មេងប្រុសជាប្អូន ឈ្មោះវិន ពិសិដ្ឋ បានស្លាប់បាត់ទៅហើយ ចំណែកឈ្មោះវិន មករា ជាបងស្រី កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការពិនិត្យសពក្មេងប្រុសរងគ្រោះ តាមជំនាញ ដោយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រួសារសព។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ខាងលើ ពិតជាបាត់បង់ជីវិត ដោយសារពុលគីង្គក់ ប្រាកដមែន។

សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕