មានបទល្មើសនេសាទក្នុងដែនអភិរក្សបឹងទន្លេឆ្មារ

0
74

ខេត្តកំពង់ធំ ៖ ទូកនេសាទខុសច្បាប់ បានលបលួចចូលនេសាទនៅក្នុងឡូត៍អភិរក្សបឹងទន្លេឆ្មារ ដែលស្ថិតក្នុងឃុំពាមបាង ស្រុកស្ទោង ទាំងរដូវបិទនិងបើកនេសាទ ដោយមិនឃើញជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនោះទេ។ នេះបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ប្រាប់ឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឱ្យដឹងថា ដូចរាល់ឆ្នាំដែរ នាឆ្នាំ២០២១នេះ បទល្មើសនេសាទដាក់លូស្បៃមុង សាច់ដាយក្រហម និងខៀវ បានសម្រុកទៅដាក់នៅក្នុងឡូត៍អភិរក្សបឹងទន្លេឆ្មារ ជ្រោយខាងកើតបឹង និងព័ទ្ធជុំវិញបឹង និងថែមទាំងមានឧបករណ៍សំណាញ់នេសាទក្រឡាញឹក និងក្រឡារង្វើល ត្រូវបានគេប្រើប្រាស់យ៉ាងគគ្រឹកគគ្រេង និងអនាធិបតេយ្យ។

ឃើញភាពមិនប្រក្រតីបែបនេះ ប្រជានេសាទបានបង្ហើបថា គឺមានមេខ្យល់ឈ្មោះ ស៊ុម អ៊ឹម និងក៏ជាអនុប្រធានភូមិពៅវើយ ឃុំពាមបាង ជាអ្នករត់ការកាង សម្របសម្រួលជាមួយជំនាញ និងសមត្ថកិច្ចកងកម្លាំង មន្ត្រីស៊ីវិល ពោលគឺមិនមែនមានតែរបាំងសាច់អួន នោះទេ តែថែមទាំងមានមងក្រឡុក មងត្រី បណ្តូលល្ពៅ រុញស៊ីបរាប់គ្រឿងនៅជុំវិញឡូត៍ អភិរក្ស ចំណុចខាងមុខបឡត, ពាមបាង, ជ្រោយធំ បាក់ដាវ ផងដែរ។

ប៉ុន្តែឈ្មោះស៊ុម អ៊ឹម បានបដិសេធថា លោកមិនមែនជាសមត្ថកិច្ចជំនាញជលផល និង មន្ត្រីនគរបាលយុត្តិធម៌ឡើយ បទល្មើសដែលប្រើឧបករណ៍ទំនើបទាំងនោះ គឺប្រជានេសាទក្នុងភូមិខ្លះ និងភាគច្រើនមកពីក្រៅបានលួចធ្វើខ្លួនឯង។ វាគ្មាននរណាទៅកាងអីទេ គឺមានតែរាយការណ៍ហើយគេស្អប់ គេគុំកួន នៅពេលជំនាញ និងកងកម្លាំងមិនទៅទប់ស្កាត់និងបង្ក្រាបនោះ។

លោកស៊ុម អ៊ឹម បានស្នើបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំពាមបាង និងឃុំផាត់សណ្តាយ ដែលរិះគន់លោក ត្រូវធ្វើការរួមគ្នាជាមួយលោក ហើយចុះទៅដល់ទីតាំងដែលចោទប្រកាន់ថា មានបទល្មើសនេសាទនោះ ហើយថា ចាំមើលពេលអ្នកនេសាទតបតមក តើនរណារត់មុនអ្នកណា?៕