លោកព្រាប សុវត្ថិ ប៉ះស្រីក្មេងតន់ ច័ន្ទសីម៉ា ទាល់តែបាន

0
338

ការខកខានចូលផលិតកម្ម Galaxy របស់តារាស្រីជួរមុខគេ ២ដួង គឺមាស សុខសោភា និងពេជ្រ សោភា នោះ ធ្វើឲ្យកំពូលតារាចម្រៀងព្រាប សុវត្ថិ នៅតែពិបាករកដៃគូច្រៀងឆ្លងឆ្លើយដែលស័ក្តិសមបំផុតជាមួយលោក ហើយដោយសារតែគ្មានជម្រើសនោះ អតីតតាតារាចម្រៀងផលិតកម្មហង្សមាស រូបនេះ នឹងគេចមិនផុតឡើយ ក្នុងការចាប់ដៃជាមួយស្រីក្មេងតន់ ច័ន្ទសីម៉ា នាពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីកញ្ញាច័ន្ទសីម៉ា បានច្រៀង Cover បទចម្រៀងរបស់ព្រាប សុវត្ថិ ជាបន្ដបន្ទាប់នោះ។

លោកព្រាប សុវត្ថិ

អ្នកជំនាញសិល្បៈមើលឃើញថា ទោះជាលោកព្រាប សុវត្ថិ និងតន់ ច័ន្ទសីម៉ា មានរយៈពេលនៃការចូលសិល្បៈខុសគ្នាជាច្រើនឆ្នាំ ពោលគឺដូចឪនិងកូនក្ដី ប៉ុន្ដែចុងក្រោយនេះ សីម៉ា ឡើងកូដខ្លាំង រហូតត្រូវបានលោកយឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រង Galaxy ចាត់ទុកថាជាតារាលំដាប់ Grade A ទៀតផង ហេតុនេះហើយអ្នកទាំង២ អាចច្រៀងជាមួយគ្នាបាន ដែលចាត់ទុកថា លោកព្រាប សុវត្ថិ ផ្ដល់ឱកាសឲ្យពន្លកថ្មីសាងស្នាដៃជាមួយលោកដែរ ព្រោះកញ្ញាច័ន្ទសីម៉ា អាចច្រៀងបានជាច្រើនទំរង់ដែរ ដូចជា រ៉ក, ប៉ុប, កន្រឹ្ទម, ញាក់ និងលុកធុង ជាដើម។

កញ្ញាតន់ ច័ន្ទសីម៉ា ក៏ធ្លាប់បង្ហើបថា មានក្ដីស្រម៉ៃចង់ច្រៀងឆ្លើងឆ្លើយជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ផងដែរ ក្រោយរួមទ្រនំជាមួយគ្នាជាង៤ខែនេះ។

លោកព្រាប សុវត្ថិ និងតន់ ចាន់សីម៉ា

លោកព្រាប សុវត្ថិ ដែលជ្រកនៅហង្សមាស ២៣ឆ្នាំនោះ លោកធ្លាប់ចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយអ្នកនាងម៉េង កែវពេជ្ជតា, ហ៊ឹម ស៊ីវន, គឹម លក្ខិណា, ពេជ្រ សោភា, ឱក សុគន្ធកញ្ញា និងសុគន្ធ និសា ជាដើម។

ប៉ុន្ដែព្រាប សុវត្ថិ មិនដែលច្រៀងដៃគូជាមួយកញ្ញាឈិត សុវណ្ណបញ្ញា ដែលច្រៀងនៅហង្សមាស ជាមួយគ្នារហូតដល់ទៅ១១ឆ្នាំនោះទេ ដែលបញ្ជាក់ថា លោកក៏មានការប្រុងប្រយ័ត្នក្នុងការចាប់ដៃគូដែរ។

ទោះជាយ៉ាងណា កំពូលតារាចម្រៀងព្រាប សុវត្ថិ នៅតែមិនអាចជៀសផុតពីការចាប់ដៃគូជាមួយកញ្ញាតន់ ច័ន្ទសីម៉ា ឡើយ នាពេលខាងមុខនេះ ព្រោះថៅកែផលិតកម្មនេះចង់ឲ្យស្រីក្មេងឡើងកូដមួយក្រឺតទៀតនោះ គឺមានតែការចាប់ដៃជាមួយព្រាប សុវត្ថិ នេះឯង៕