លោតឆត្រពេលល្ងាច ជួបប៉េអឹម ឆែកឆេរឃើញឈើពេញឡាន

0
69

ខេត្តបាត់ដំបង ៖ រថយន្តតូយ៉ូតា ហាយឡែនឌ័រ ដឹកឈើ១គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថស្រុកសំឡូត ចេញបង្ក្រាបកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចគល់ស្ពានអូរស្ងួត ស្ថិតនៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត រួចក៏ប្រគល់ទៅឱ្យរដ្ឋបាលព្រៃឈើខេត្ត ចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

លោកវរសេនីយ៍ត្រី ជួប ណូ មេបញ្ជាការអាវុធហត្ថស្រុកសំឡូត បានឱ្យដឹងថា កាលពីនៅល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថស្រុក សហការជាមួយកម្លាំងអាវុធហត្ថខេត្តបានស្ទាក់ចាប់ រថយន្តដឹកឈើ១គ្រឿង ម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្តាល 2A-1889 និងឃាត់ខ្លួនជនសង្ស័យ២នាក់។

លោកមេបញ្ជាការអាវុធហត្ថស្រុក បានបញ្ជាក់ថា ជនសង្ស័យរកស៊ីដឹកឈើ ទាំង២នាក់ រួមមាន ទី១-ឈ្មោះវ៉ាន់ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរតាពុក សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងទី២-ឈ្មោះប៊ុន ឡែន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ដោយឡែកវត្ថុតាងដកហូត រួមមានរថយន្ត១គ្រឿង, ឈើប្រណិតចំនួន១៦៤ដុំ និងប្រាក់ខ្មែរ ៨៤៥០០រៀល។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថ ខេត្តបាត់ដំបង បានកសាងសំណុំរឿង បញ្ជូនវត្ថុតាង ទាំងឈើ និងរថយន្ត ទៅឱ្យខាងមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធី៕