កញ្ញារ៉ាប៊ី ខកចិត្ត ពេលផ្ទុះព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ”

0
113

តារាចម្រៀងលេងសម្រស់និងក្បាច់រាំ របស់ផលិតកម្មថោន កញ្ញាផាន វីរ៉ាទី ហៅរ៉ាប៊ី មានរំពឹងយ៉ាងមុតមាំមុននេះថា នៅកៀកថ្ងៃចូលឆ្នាំខ្មែរ ឆ្នាំ២០២១នេះ បណ្ដាឆាកតន្ត្រីទាំងឡាយនៅតាមខេត្ត នឹងត្រូវបានដំណើរការឡើងវិញហើយ ព្រោះថា កូវីដ-១៩ ស្ងប់ស្ងាត់ជាងមុន។

ប៉ុន្ដែក្ដីសង្ឃឹមរបស់ស្រីស្អាតបែរជារលាយទៅវិញ ដោយសារតែព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” ឆ្នាំ២០២១ កូវីដ-១៩ កាន់តែមានទ្រង់ទ្រាយធំ ទើបធ្វើឲ្យនាងនិងតារាល្បីៗផ្សេងៗទៀត នៅតែមិនអាចចេញច្រៀងសម្ដែងបានឡើយ ដែលទំនងអាចអូសបន្លាយពេញ១ដូវឆ្នាំនេះតែម្ដង ខណៈដែលពេជ្រ សោភា ថា កាលៈទេសៈនេះមិនដឹងជាចេញបទចម្រៀងផ្ទុះយកទៅច្រៀងនៅឯណាឡើយ ស្របពេលដែលអ្នកនាងកាតុ យល់ថា កូវីដ នឹងអូសបន្លាយរហូតដល់ឆ្នាំ២០២២ ទើបស្ថានការណ៍ចេញច្រៀងសម្ដែងរបស់តារាសិល្បៈទាំងឡាយ នឹងដូចដើមឡើងវិញ។

ទោះជាបាត់ប្រាក់ចំណូលពីការច្រៀងសម្ដែងនៅរដូវក្ដៅ ២ឆ្នាំជាប់គ្នាក្ដី ប៉ុន្ដែរ៉ាប៊ី នៅតែអះអាងថា នាងពុំបានជួបវិបត្ថិសេដ្ឋកិច្ចទេ ព្រោះតែទទួលបានលុយពីការធ្វើទូតសុច្ឆន្ទៈ ឲ្យផលិតផលមួយចំនួន ជាប្រចាំ ខណៈដែលការទិញផ្ទះ, រថយន្ដ និងដីធ្លី ជាដើម​ពីមុននាងតែងតែទិញផ្ដាច់ៗតែម្ដង មិនមានទម្លាប់បង់រំលស់ ឬជំពាក់ធនាគារនោះឡើយ។

ក្រៅពីមិនសូវបារម្ភច្រើនរឿងគ្មានប្រាក់ចំណូលពីអាជីពចម្រៀងដូចមុននោះ រ៉ាប៊ី នៅតែបង្ហាញភាពហ៊ឺហា តាមរយៈការជិះរថយន្ដ៣គ្រឿងឆ្លាស់គ្នា គឺ Lexus NX200t, Starex និង Lexus RX300 ស្របពេលដែលគេដឹងថា នាងបានទិញផ្ទះបាន៣ផ្សេងគ្នា ក្នុងនោះ មានផ្ទះវីឡាមួយខ្នង តម្លៃ១៥ម៉ឺនដុល្លារ, ផ្ទះ២ល្វែង តម្លៃជាង២០ម៉ឺនដុល្លារ និងបន្ទប់ខុនដូ តម្លៃជិត១០ម៉ឺនដុល្លារផងដែរ ដែលសរុប ស្រីស្អាតរូបនេះមានទ្រព្យជាងកន្លះលានដុល្លារ ក្នុងកណ្ដាប់ដៃទៅហើយ។

យ៉ាងណាអ្វីដែលចម្លែក ក្រោយពីមានទ្រព្យយ៉ាងរហ័ស ធ្វើឲ្យគេសង្ស័យថា រ៉ាប៊ី មានប្រុសស្នេហ៍ជួយឧបត្ថម្ភនៅក្រោយខ្នងនោះ ស្រីស្រស់រូបនេះបែរជាថ្ងូរថា រកតែក្ដឹបសង្សារ១ ធ្វើថ្នាំមិនបានទៅវិញ។ នាងថា ពីមុនមិនទាន់ល្បីឈ្មោះ ទៅណាក៏មានប្រុសតាមញ៉ែ តែឥឡូវអ្នកធ្លាប់តាមស្រលាញ់ លែងហ៊ានចែចង់ទៀតហើយ អីចឹងល្បីពេក ក៏មិនស្រួលដែរ៕