ដួង វីរៈសិទ្ធ ប្រាប់មូលហេតុដើរចេញពីហង្សមាស ដោយសារមូលហេតុ១គត់

0
751

តារាចម្រៀងដួង វីរៈសិទ្ធ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាងមាស សុខសោភា ទៅទៀត នៅពេលដែលអ្នកចម្រៀងសំនៀងផ្អែមរូបសង្ហានេះ បានស្ពាយបង្វេចចេញពីផលិតកម្មរស្មីហង្សមាស ទៅជ្រកនៅទ្រនំថ្មី “រាម” ហើយរូបគេបានបង្ហាញមុខជាផ្លូវការ កាលពីរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

មានការសង្ស័យថា ការចាកចេញរបស់វីរៈសិទ្ធ នៅពេលនេះ ដោយសារតែលោកមានការអាក់អន់ស្រពន់ចិត្តជាមួយហង្សមាស ដែលមិនសូវអើពើលើកស្ទួយលោក ខណៈដែលខ្លះទៀតថា វីរៈសិទ្ធ មានទំនាស់ជាមួយហង្សមាស បានជាអស់និស្ស័យជាមួយផលិតកម្មធំត្រឹមនេះ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដួង វីរៈសិទ្ធ បានឲ្យដឹងថា លោកគ្មានការអាក់អាន់ស្រពន់ចិត្ត ឬមានជម្លោះណាមួយជាមួយហង្សមាស នោះទេ ប៉ុន្ដែលោកបានផុតកុងត្រាជាមួយហង្សមាស រយៈពេល៣ឆ្នាំមកហើយ។ លោកថា ការថតសម្ដែងរឿងមួយចំនួន ដោយសារតែមានកុងត្រា តែរឿងបទចម្រៀងវិញ លោកបានចេញមកធ្វើនៅខាងក្រៅផលិតកម្មយូរហើយ។

តារាចម្រៀងរូបនេះបានឲ្យដឹងដែរថា លោកបានប្រាប់ថៅកែហង្សមាស មុននឹងចេញថា លោកចង់ស្វែងរកបទពិសោធន៍ថ្មីៗនៅខាងក្រៅ ហើយថៅកែ ក៏ថា បើលោកចង់ទៅហើយ លោកក៏មិនហាមឃាត់ដែរ។

ដោយឡែក ការចូលនៅរាម នៅពេលនេះ វីរៈសិទ្ធ ថា បានចុះកុងត្រាតែ១ឆ្នាំទេ ហើយលោកបានធ្វើបទចម្រៀង២បទរួចហើយ ដែលក្រៅពីជាតារាចម្រៀង លោកក៏មានតួនាទីជាអ្នកធ្វើភ្លេងនិងនិពន្ធបទចម្រៀងផងដែរ។

ឆ្លើយតបសំណួរថា តើដួង វីរៈសិទ្ធ បារម្ភខ្លាចធ្លាក់កូដឬអត់ ពេលចេញពីហង្សមាស ចូលផលិតកម្មរាម ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការផលិតចម្រៀងពីមុនមកនោះ?

វីរៈសិទ្ធ ឆ្លើយតបថា លោកមិនភ័យខ្លាចគេលែងគាំទ្រ ឬធ្លាក់កូដនោះឡើយ។ អតីតតារាចម្រៀងហង្សមាស រូបនេះថា ដោយសារតែលោកចេះធ្វើភ្លេងនិងនិពន្ធបទចម្រៀងដោយខ្លួនឯង ហេតុនេះហើយលោកមានការជឿជាក់ថា ទោះជានៅហង្សមាស ឬនៅខាងក្រៅផលិតកម្ម គឺដូចតែគ្នាទេ។

លោកបន្ថែមថា រយៈពេលដែលផុតកុងត្រាជាមួយហង្សមាស ៣ឆ្នាំនេះ លោកបានធ្វើបទចម្រៀងចេញនៅខាងក្រៅជាបន្ដបន្ទាប់ ហើយឃើញបងប្អូននៅតែគាំទ្រ ហេតុនេះហើយលោកមានការជឿជាក់ថា ទោះជាទៅដល់ផលិតកម្មណា ក៏ទស្សនិកជននៅតែស្គាល់លោកដែរ។

យ៉ាងណា វីរៈសិទ្ធ ថា លោកមិនភ្លេចអនុស្សាវរីយ៍ជាមួយហង្សមាស ឡើយ ហើយបទដែលលោកចេញចុងក្រោយនៅផលិតកម្មនោះ គឺបទ ”អ្នកស្រែចាំអូន”។

ដួង វីរៈសិទ្ធ អាយុ២៧ឆ្នាំ ជាម្ចាស់ពាន “I Am A Singer Cambodia” រដូវកាលទី១ បន្ទាប់ពីឈ្នះពាននេះកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦។

តារាចម្រៀងដែលកំព្រាឪពុក និងមានបងប្អូនប្រុស៣នាក់ សុទ្ធតែជាតារាចម្រៀងដូចគ្នា និងមានស្រុកកំណើតមកពីខេត្តកំពត នោះ ធ្លាប់ចេញបទចម្រៀងជាច្រើននៅផលិតកម្មភ្លេងរីខដ ដែលជាសាខារបស់ហង្សមាស ដូចជាបទ ”បងក្រមិនសមគិតអនាគតអូន”, ”មិនអាចរស់គ្មានអូន”, ”អូនគ្មានសិទ្ធទៅចោលបងទេ”, ”អ្នកថ្មីគេល្អ”, ”ទឹកភ្នែកព្រាននារី”, ”ប្រយោគស្នេហ៍” និងបទ”ចិញ្ចៀនផ្កាស្មៅ” ជាដើម។

ដួង វីរៈសិទ្ធ បញ្ជាក់ថា លោកនៅតែទៅច្រៀងសម្ដែងនៅប៉ុស្ដិ៍ ឬកម្មវិធីរបស់ហង្សមាស ប្រសិនបើគេហៅ បើទោះជាពេលនេះ លោកលែងជាតារាចម្រៀងរបស់ផលិតកម្មមួយនេះក្ដី។

ដោយឡែក ទាក់ទងរឿងស្នេហាវិញ វីរៈសិទ្ធ ធ្លាប់និយាយថា ពេលនេះលោកគ្មានសង្សារ ឬគ្មានគម្រោងរៀបការឆាប់ៗឡើយ។

គួរបញ្ជាក់ថា រយៈពេលចុងក្រោយនេះ តារាចម្រៀងល្បីៗរបស់ហង្សមាស បានបន្ដកន្ទុយគ្នាដើរចេញពីទ្រនំធំនេះ មានដូចជា លោកព្រាប សុវត្ថិ, បាន មុន្នីល័ក្ខ, សុន ស្រីពេជ្រ, រិន សាវ៉េត និងសុវត្ថិ សិរីវុឌ្ឍ ជាដើម ខណៈដែលហង្សមាស ទោះមានតារាឡើងគជើងគ្នាមែន តែពេលនេះគេមើលឃើញថា បច្ចុប្បន្នឡើងកូដតែ២ដួងប៉ុណ្ណោះ គឺលោកខេមរៈ សិរីមន្ដ និងកញ្ញារ៉េត ស៊ូហ្សាណា ៕ ហ៊ឹម វិចិត្រ