សម្តេចហ៊ុន សែន ដាក់បញ្ជាម៉ឺងម៉ាត់ទប់ស្កាត់នាំចូលកូវីដ-១៩ ពីវៀតណាម

0
177

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានថ្លែងសារពិសេសមួយ ផ្ញើជូនជនរួមជាតិ ពិសេសអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន តាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ត្រូវចាត់វិធានការបន្ទាន់និងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់កុំឱ្យមានការនាំចូលជំងឺកូវីដ-១៩ ខណៈដែលភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ប្រទេសវៀតណាម កំពុងផ្ទុះខ្លាំងក្លានៃការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។

តាមរយៈសារសំឡេងរយៈពេលជាង១០នាទី សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា “សូមផ្ញើជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងក្នុងគណបក្ស ទាំងក្នុងរាជរដ្ឋាភិបាល ទាំងព្រឹទ្ធសភាព ទាំងរដ្ឋសភាព ជាពិសេស អាជ្ញាធរតាមខេត្ត និងកងកម្លាំងប្រដាប់អាវុធ ដែលនៅតាមខេត្ត ទាំងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ទាំងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ឱ្យបានជ្រាប។

កន្លងទៅនេះ យើងបានខិតខំទប់ស្កាត់នូវការរីករាលដាលកូវីដ-១៩ ពីប្រទេសថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជា របស់យើង ដោយយើងរឹងបន្តឹងការធ្វើចរាចរណ៍មនុស្ស តាមរយៈបងប្អូនពលករកម្ពុជា របស់យើង ត្រឡប់ចូលមកក្នុងផ្ទៃប្រទេស។ ឥឡូវនេះគឺនៅទិសខាងលិច នៅក្នុងប្រទេសថៃ ការឆ្លងចំពោះកូវីដ-១៩ នៅមានសភាពធ្ងន់ធ្ងរនៅឡើយ ដែលតម្រូវឱ្យយើងរៀបចំទីកន្លែងដើម្បីធ្វើចត្តាឡីស័កបន្ថែមទៀត ដែលរហូតមកដល់ពេលនេះ មានជាង៨ពាន់នាក់ហើយ នឹងមកដល់ជាបន្តបន្ទាប់ទៀត ដោយសារតែការមិនទាន់បានធូរស្រាលនៅផ្នែកខ្លះនៅក្នុងប្រទេសថៃ ដែលឆ្លងនៅក្នុងសហគមន៍។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

យើងមិនអាចបោះបង់ចោលនូវការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃបានទេ ទិសខាងលិច នៃមាតុប្រទេសរបស់យើងដែលជាប់ជាមួយប្រទេសថៃ ត្រូវបានរៀបចំបានល្អ ជាមួយនឹងការខិតខំរបស់អាជ្ញាធរខេត្តទាំងអស់ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ដែលមានការគាំទ្រពីកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាផ្នែកសុខាភិបាល។

ក៏ប៉ុន្តែឥឡូវនេះ ការព្រួយបារម្ភធំបំផុតរបស់យើង គឺការផ្ទុះឡើងនូវការឆ្លងក្នុងសហគមន៍ប្រទេសវៀតណាម ដែលចាប់ផ្តើមពីភាគខាងជើង ភាគកណ្តាល ហើយឥឡូវនេះ គឺឈានមកភាគខាងត្បូង ដែលមេរោគនោះ តាមព័ត៌មានដែលយើងទទួលបាន មានការប្លែងភេទទៀតផង នេះជាកង្វល់ដ៏ធំ ដែលខ្ញុំសុំប្រកាសឱ្យបណ្តាខេត្តដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ទាំងអស់ ចាប់តាំងពីខេត្តកំពត រហូតទៅដល់ខេត្តរតនគិរី ចាត់វិធានការបន្ទាន់ ទប់ស្កាត់កុំឱ្យមានការឆ្លងទៅឆ្លងមករបស់ប្រជាជន ទាំងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម។

ប្រជាជនកម្ពុជា ដែលឆ្លងចូលទៅក្នុងប្រទេសវៀតណាម ក៏ត្រូវតែធ្វើចត្តាឡីស័ក ដោយអាជ្ញាធរវៀតណាម ដូចដែលធ្លាប់ធ្វើកន្លងទៅ ឯប្រជាជនវៀតណាម ដែលឆ្លងចូលមកកម្ពុជា ក៏ត្រូវតែធ្វើចត្តាឡីស័កនៅក្នុងកម្ពុជា ផងដែរ។ ប្រជាជនកម្ពុជា ដែលចេញពីវៀតណាម ចូលមកកម្ពុជា ក៏ត្រូវតែធ្វើចត្តាឡីស័កផងដែរ។

ប្រការនេះពឹងពាក់ទាំងស្រុងទៅលើអាជ្ញាធរ អភិបាលខេត្ត ដឹកនាំការងារនេះ ជាមួយនឹងកងកម្លាំងប្រដាប់អាវុធ ឈរជើង បិទខ្ទប់ឱ្យខាងតែបាន នូវការឆ្លងចូលតាមច្រករបៀង ទាំងនៅតាមព្រំដែន និងការត្រួតពិនិត្យនៅខាងក្នុងឱ្យបានហ្មត់ចត់ ហើយតម្រូវឱ្យរៀបចំតំបន់ធ្វើចត្តាឡីស័ក ឱ្យបានរឹងមាំបំផុត។ យើងមិនអាចយោគយល់អធ្យាស្រ័យបាន ដូចវិធានការដែលយើងយកនៅគ្រប់ទីកន្លែង ចត្តាឡីស័ក ត្រូវតែធ្វើ ១៤ថ្ងៃ ដោយខានមិនបាន»។

សម្តេចហ៊ុន សែន មានប្រសាសន៍បន្តថា «ដូច្នេះខ្ញុំដាក់ចេញបទបញ្ជាបន្ទាន់ ឱ្យអាជ្ញាធរខេត្ត នៅតាមព្រំដែន ជាមួយនឹងស្ថាប័នមានការពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ហើយក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។ បណ្តាខេត្តដែលនៅតាមព្រំដែនកម្ពុជា-វៀតណាម ត្រូវតែពិនិត្យថា តើមានអ្វីដែលជាការខ្វះខាត?

ត្រូវលើកសំណើស្នើឡើងទៅក្រសួងសុខាភិបាល ដើម្បីនឹងជួយផ្គត់ផ្គង់ទៅរៀបចំកន្លែងដើម្បីធ្វើចត្តាឡីស័ក ត្រូវទាក់ទងជាមួយនឹងអាជ្ញាធរខេត្ត និងខេត្តដែលនៅជាប់ជាមួយគ្នា ដើម្បីនឹងជួយទប់ស្កាត់ប្រជាជន ដែលឆ្លងពីវៀតណាម ចូលមកកាន់កម្ពុជា ឬពីកម្ពុជា ឆ្លងកាត់ទៅវៀតណាម យើងរួមគ្នាទប់ស្កាត់បែបនេះ ទើបអាចចៀសវាងបាននូវចរាចរណ៍នៃជំងឺកូវីដ-១៩ ទោះបីប្រភេទចាស់ ឬក៏ប្រភេទថ្មីក៏ដោយ អ្វីដែលជាការព្រួយបារម្ភ គឺអាចនឹងមានការឆ្លងទៅឆ្លងមក នៅក្នុងរយៈពេលនៃការចូលឆ្នាំចិន និងចូលឆ្នាំវៀតណាម ខាងមុខនេះ ដែលអាជ្ញាធរ ត្រូវតែពង្រាយកម្លាំងជាបន្ទាន់ ដើម្បីទប់ស្កាត់ទៅលើការចេញចូលរបស់ប្រជាជន ទៅតាមច្រករបៀងនានា យើងនៅបន្តការសម្របសម្រួលលើការដឹកទំនិញទៅមក ដូចដែលបានព្រមព្រៀងគ្នា តាំងពីខែមីនា ឆ្នាំ២០២០ ដោយមិនធ្វើឱ្យមានការរាំងស្ទះលើការធ្វើពាណិជ្ជកម្មឆ្លងដែន និងការដឹកជញ្ជូនទំនិញឆ្លងដែននោះទេ។

ក៏ប៉ុន្តែយើងត្រូវរឹតបន្តឹងនូវការធ្វើចរាចរណ៍មនុស្សឆ្លងកាត់ព្រំដែន ដោយមិនបានធ្វើចត្តាឡីស័ក ប្រជាជនខ្មែរយើងដែលទៅវៀតណាម ត្រឡប់មកវិញ ក៏ចាំបាច់ត្រូវតែធ្វើចត្តាឡីស័ក ប្រជាជនវៀតណាម ដែលចូលមកក្នុងទឹកដីកម្ពុជា ក៏ត្រូវតែធ្វើចត្តាឡីស័កដូចគ្នា ដោយគ្មានការលើកលែង។ នេះជាវិធានការបន្ទាន់ ដើម្បីឆ្លើយតបជាមួយនឹងសភាពការណ៍ដែលកំពុងហ៊ុមព័ទ្ធយើង ពីទិសខាងលិច គឺព្រំដែនកម្ពុជា-ថៃ និងទិសខាងកើត ព្រំដែនកម្ពុជា-វៀតណាម ប្រសិនបើយើងមានការធ្វេសប្រហែស ប្រទេសយើងនឹងខ្ទេចខ្ទាំដោយសារជំងឺកូវីដ-១៩ ដែលរុញច្រានពីប្រទេសថៃ មកផង និងរុញច្រានពីប្រទេសវៀតណាម មកផង។

ខ្ញុំដាក់ចេញបញ្ជាដោយម៉ឺងម៉ាត់ ឱ្យកម្លាំងប្រដាប់អាវុធ ជាពិសេស គឺនគរបាលការពារព្រំដែន កងទ័ពជើងគោក ដែលរួមមានបណ្តាភូមិភាគជាប់ព្រំដែនកម្ពុជា-វៀតណាម ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីនឹងរួមជាមួយកម្លាំងប្រដាប់អាវុធផ្សេងទៀត មានទាំងនគរបាល និងអាវុធហត្ថ ដើម្បីត្រួតពិនិត្យឱ្យបានតឹងរ៉ឹងបំផុត នៅតាមព្រំដែនកម្ពុជា-វៀតណាម។ ក្រសួងសុខាភិបាល ត្រូវពិនិត្យបន្ទាន់ ដើម្បីពិភាក្សាជាមួយខេត្ត រៀបចំតំបន់ធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ ផ្គត់ផ្គង់ដូចដែលយើងធ្លាប់បានផ្គត់ផ្គង់នៅទិសខាងលិចដូចគ្នាផងដែរ»។

សម្តេចនាយករដ្ឋមន្ត្រី ដាក់បទបញ្ជាថា​ «ទទួលបាននូវបទបញ្ជានេះ អាជ្ញាធរខេត្តដែលនៅជាប់ព្រំដែនវៀតណាម ត្រូវតែពង្រឹងបន្ទាន់នូវវិធានការទាំងឡាយដែលខ្ញុំដាក់ចេញទៅនេះ ព្រោះនេះជាវិធានការ ដើម្បីការពារសុវត្ថិភាពរបស់ប្រជាជនយើង ឱ្យចេញផុតពីគ្រោះមហន្តរាយនៃការឆ្លងចូលសហគមន៍ ដែលវារាលដាលចេញពីប្រទេសថៃ ផង ចេញពីប្រទេសវៀតណាម ផង។

តាមព្រំដែនប្រទេសថៃ យើងធ្វើបានល្អហើយ ប៉ុន្តែយើងមិនទាន់បានមានវិធានការម៉ឺងម៉ាត់នៅតាមព្រំដែនកម្ពុជា- វៀតណាម នៅឡើយទេ។ នៅតាមព្រំដែនកម្ពុជា-វៀតណាម យើងមិនមានកង្វល់ច្រើនពេក ដោយសារយើងមិនមានពលករយើងនៅប្រទេសវៀតណាម ទេ តែអ្វីដែលជាការកង្វល់របស់យើង គឺនៅជិតពេលចូលឆ្នាំវៀតណាម នេះ អាចនឹងមានពលរដ្ឋកម្ពុជា ឆ្លងទៅវៀតណាម និងអាណិកជនវៀតណាម ដែលរស់នៅកម្ពុជា ឆ្លងទៅវៀតណាម ហើយក៏ឆ្លងចូលមកកម្ពុជា វិញ ហើយនេះគឺជារឿងដែលយើងត្រូវប្រុងប្រយ័ត្ន ហើយត្រូវ តែដោះស្រាយបញ្ហានេះជាបន្ទាន់។

សូមអាជ្ញាធរខេត្ត ចាត់វិធានការពង្រាយកម្លាំងបន្ទាន់នៅតាមព្រំដែនកម្ពុជា-វៀតណាម កងទ័ពជើងគោក ត្រូវចេញបទបញ្ជាទៅចំពោះកងទ័ពដែលនៅតាមព្រំដែន ដែលមានយោធភូមិភាគ និងកងទ័ពនៅតាមបណ្តាសឹកខេត្ត និងកងពលចំណុះយោធភូមិភាគ ឬចំណុះកងទ័ពជើងគោក ហើយប្រសិនបើមានកងទ័ពចំណុះអគ្គបញ្ជាការ ក៏កងទ័ពនោះ ក៏ត្រូវបានប្រើប្រាស់សម្រាប់ការទប់ស្កាត់ការវិលទៅការធ្វើចរាចរណ៍ដោយមនុស្ស ដោយមិនបានធ្វើចត្តាឡីស័ក។

ប៉ុន្តែខ្ញុំសូមហាមផ្តាច់ គឺមិនឱ្យបោះកងទ័ពទៅក្នុងតំបន់ណា មិនឱ្យបោះកងទ័ពជាប្រចាំ ហើយជាពិសេស កាន់តែមិនត្រូវបោះកងទ័ពនៅក្នុងតំបន់ដែលមិនទាន់ដាច់ស្រេចនោះទេ នេះគ្រាន់តែជាការល្បាត ដើម្បីទប់ស្កាត់ ដើម្បីបង្កើនកម្លាំងជាមួយកម្លាំងការពារព្រំដែនដែលមានស្រាប់តែប៉ុណ្ណោះ គឺមិនមែនទៅបោះទ័ពនៅទីតាំងកន្លែងនេះ ឬកន្លែងនោះ នោះទេ ដើម្បីចៀសវាងការភាន់ច្រឡំណាមួយពីសំណាក់មិត្តភក្តិរបស់យើង។

យើងធ្វើកិច្ចការងារនេះជាមួយថៃ បានល្អហើយ តែយើងត្រូវធ្វើកិច្ចការងារនេះឱ្យបានល្អទៀត នៅតាមព្រំដែនកម្ពុជា-វៀតណាម ហើយជាពិសេស ក៏សូមរំលឹកឱ្យបណ្តាខេត្តដែលនៅជាប់ព្រំដែនវៀតណាម ត្រូវសហការគ្នា ទាំងកម្ពុជា ទាំងវៀតណាម ត្រូវរួមគ្នាដើម្បីទប់ស្កាត់ការធ្វើចរាចរណ៍របស់មនុស្ស ដោយមិនបានធ្វើចត្តាឡីស័ក ទាំងប្រជាជនកម្ពុជា ទាំងប្រជាជនវៀតណាម។

កម្ពុជា ឆ្លងទៅវៀតណាម ត្រូវតែធ្វើចត្តាឡីស័ក ខាងវៀតណាម ឆ្លងចូលមកកម្ពុជា ក៏ត្រូវធ្វើចត្តាឡីស័កដូចគ្នា ជាវិធានការសុខាភិបាល ដែលត្រូវប្រកាន់យក ដើម្បីចៀសវាងការឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ក្នុងប្រទេសយើង។ សូមចាត់ការជាបន្ទាន់ ហើយសូមបណ្តាញផ្សព្វផ្សាយ ផ្សាយនូវសារសំឡេងរបស់ខ្ញុំនេះ ឱ្យបានទូលំទូលាយជាទីបំផុត សូមអរគុណ…”៕ ដារិទ្ធ