កញ្ញាអេនី ហ្សាម សន្យាស្មោះស្នេហ៍ប្តូរផ្តាច់ជាមួយសង្សារស្រី

0
333

តារាចម្រៀងថោន កញ្ញាអេនី ហ្សាម ដែលល្បីបទ ”សង្ស័យតែឆេះអ៊ីសេ” ច្រៀងឆ្លងឆ្លើយជាមួយនាយគ្រឿន និងបទ ”ធ្លាប់សន្យាហើយថាមិនធ្វើឲ្យអូនយំ” ច្រៀងជាមួយលោកខេម នោះ ពេលនេះកាន់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ភេទដូចគ្នា ជាមួយដៃគូស្រី រហូតហ៊ានប្រកាសប្ដូរផ្ដាច់ថា នឹងរក្សាស្នេហាខុសធម្មជាតិនេះ ឲ្យនៅគង់វង្សជារៀងរហូតទៀតផង។

ចំណែកគូស្នេហ៍អេនី ហ្សាម ដែលមានហ្វេសបុកឈ្មោះថា ”NoNa Ra នោះ បានចេញមុខលាតត្រដាងរឿងស្នេហ៍នេះជាសាធារណៈតែម្ដង ដោយនាងបង្ហោះសារថា ”ស្រលាញ់គ្នា៦ខែ បើនិយាយពីសាច់ឈ្លោះគ្នា ឡើងដូចរឿងភាគហើយ តែអរគុណដែលមិនគិតថាលែងខ្ញុំ ក៏មិនដែលគិតថាឈប់ស្រលាញ់ខ្ញុំ អរគុណដែលហ៊ានបញ្ចេញប្រាប់គេឯងថាខ្ញុំជាសង្សារ ដោយមិនលាក់លៀម អរគុណដែលមិនដែលជឿពាក្យសម្តីគេនិយាយអាក្រក់ពីខ្ញុំ អរគុណដែលធ្វើអ្វី ចេះខ្លាចចិត្តខ្ញុំ និងឲ្យតម្លៃខ្ញុំ អរគុណដែលស្រលាញ់ចេញពីចិត្ត ទោះដឹងថា ខ្ញុំគ្មានអ្វីផ្ដល់ឲ្យអ្នក នៅមានច្រើនទៀតដែលខ្ញុំចង់អរគុណនិយាយមិនអស់ទេ ខ្ញុំនិងថែការស្រលាញ់របស់អ្នកឲ្យបានល្អបំផុត មិនឲ្យវាខូចខាតទេណាអេនី”។

ក្រោយឃើញគូស្នេហ៍សរសើរពេញៗមាត់មកលើនាងបែបនេះ អេនី ហ្សាម បានតបសារទៅសង្សារ ថា”សុំប្ដូផ្ដាច់ជាមួយម្នាក់ស្រីហ្នឹងហើយ”។

នេះគឺជាការតាំងចិត្តរវាងអេនី ហ្សាម និងសង្សារជាស្រីដូចគ្នា ដោយពួកគេនឹងបន្ដការពារស្នេហាភេទដូចគ្នានេះ មិនឲ្យប្រេះឆាកណ្ដាលទីឡើយ បើទោះជាមានការិះគន់ខ្លះថា អេនីហ្សាម ជាអ្នកចម្រៀងល្បីគួរសមម្នាក់ មិនគួរណាមកយកសង្សារជាស្រីភេទដូចគ្នាក្ដី។

ដោយឡែក តាមព័ត៌មានពីតារាម្នាក់ដែលជិតស្និទ្ធអេនីហ្សាម បានបង្ហើបឲ្យដឹងថា ការដែលតារាថោន រូបនេះ ងាកមកងប់ស្នេហ៍ភេទដូចគ្នា បន្ទាប់ពីនាងធ្លាប់ឈឺចាប់ ក្រោយប៉ះស្នេហ៍មិនសមប្រកប ជួបតែប្រុសព្រាន ទើបនាងឆ្អែតចិត្តជាមួយប្រុសៗតាមស្នេហ៍ ហើយមកភ្ជាប់ស្នេហ៍ជាមួយស្រីដូចគ្នាវិញម្ដង ក្រែងស្មោះជាងប្រុស។

ប្រភពបានឲ្យដឹងថា អេនី ហ្សាម ធ្លាប់មានកូនស្រីម្នាក់ បន្ទាប់ពីចែកផ្លូវគ្នាជាមួយបុរសម្នាក់ តែដំណឹងនេះនាងធ្លាប់ច្រានចោល៕