ពេជ្រ សោភា៖ ចំណេញធំក្រោយចាប់ដៃគ្រូភ្លេង

0
218

ភ្នំពេញ៖នៅរដូវកូវីដនេះពេជ្រ សោភា បានរៀបចំយុទ្ធសាស្រ្ដថ្មីក្នុងការច្រៀងសម្ដែងរបស់នាងនៅ​លើឆាកដោយ​មានក្រុម​តន្រ្ដីផ្ទាល់​ខ្លួនដល់ទៅ៤នាក់លេងផ្ទាល់ឲ្យនាងច្រៀងតែម្ដងដែលដឹកនាំដោយតន្រ្ដីករលោកមាស សុគន្ធ ហៅគ្រូអ៊ូយ និង​សមាជិក៣រូបផ្សេងទៀត។តាមរយៈការច្រៀងផ្ទាល់Live Band នេះសោភា ប្រាកដជាមានការចំណាយ​ខ្ពស់ច្រើនជាង​មុន​ជាមិនខាន ប៉ុន្ដែទស្សនិកជនចាប់អារម្មណ៍នាងខ្លាំងព្រោះថានាងបានយកបទ​ចម្រៀងល្បីៗកាលពីជាង១០ឆ្នាំមុនមកច្រៀង​ឡើងវិញជាមួយបទភ្លេងថ្មីទើបធ្វើឲ្យកាន់តែប្លែកហើយសកម្មភាពច្រៀងសម្ដែងរបស់នាងមានភាពរស់រវើកហើយទាក់ទាញ។

ពេជ្រ សោភា និយាយថាពេលនេះនាងមានសមាជិកច្រើនជាងមុនហើយការចំណាយប្រាកដជាមានការកើនឡើងមែន។ប៉ុន្ដែនាងថាតម្លៃខ្លួនរបស់នាងក៍បានខ្ពស់ជាមុនផងដែរហើយការច្រៀងសម្ដែងនៅលើឆាកនោះស្ទើតែគ្រប់កម្មវិធីនាងនិងតន្រ្ដីករផ្ទាល់ខ្លួនទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួនតាមរយៈសម្លៀកបំពាក់ ,ស្បែកជើង និងនាឡិកាដៃជាច្រើន​កម្មវិធីមក​ហើយ។ចំពោះសម្ភារៈទាំងនោះគឺសុទ្ធតែជាម៉ាកល្បីៗដូចជាស្បែក​ជើង១គូតម្លៃជាង៣០០ដុល្លារ​ហើយអាវយឺត១ថ្លៃ៥០ដុល្លារ​ជាដើម​ដែល​ធ្វើឲ្យរូបនាងនិងក្រុមការងារមានភាពរីករាយដែលបានកាដូទាំងនោះ។

 តាមរយៈការអះអាងរបស់ពេជ្រ សោភា នេះបញ្ជាក់ថាការចាប់ដៃគូជាមួយលោកគ្រូអ៊ូយ មិនត្រឹមតែធ្វើឲ្យ​នាងបានការចាប់​អារម្មណ៍កាន់តែខ្លាំងតាមរយៈការច្រៀងសម្ដែងនិងប្រគុំតន្រ្ដីដោយផ្ទាល់នោះទេ ប៉ុន្ដែពេលនេះតម្លៃខ្លួន​របស់នាងក៍ខ្ពស់​ជាង​មុន ហើយនាងតែងតែទទួលបានកាដូពីផលិតផលម៉ាកប្រេន ប្រេនពីក្រុមហ៊ុនទាំងនោះជាបន្ដបន្ទាប់ផងដែរ ខណៈដែលការ​ឧបត្ថម្ភបែបនេះសោភា ថាកន្លងមកធ្លាប់តែឃើញតារានៅប្រទេស​ជិតខាងតែពេលនេះតារាខ្មែរ​ក៍មានផលិតផលល្បីៗ​ចាប់ផ្ដើម​ទទួលបានដូចតារាបរទេសដែរហើយ។

ទោះជាយ៉ាងណាគេកត់សម្គាល់​ថានៅថ្ងៃខួបកំណើតគម្រប់​អាយុ៣៧ឆ្នាំកាល​ពីថ្ងៃ​ទី​៩ខែមិថុនាឆ្នាំ២០២១នោះសោភា បែរជាមិនទាន់ទទួលបានកាដូពិសេសពីសង្សារបណ្ដូលចិត្តរបស់នាងគឺលោកឆឹម សក្កដា ទៅវិញ៕