ភ្នំពេញ៖នៅរដូវកូវីដនេះពេជ្រ សោភា បានរៀបចំយុទ្ធសាស្រ្ដថ្មីក្នុងការច្រៀងសម្ដែងរបស់នាងនៅលើឆាកដោយមានក្រុមតន្រ្ដីផ្ទាល់ខ្លួនដល់ទៅ៤នាក់លេងផ្ទាល់ឲ្យនាងច្រៀងតែម្ដងដែលដឹកនាំដោយតន្រ្ដីករលោកមាស សុគន្ធ ហៅគ្រូអ៊ូយ និងសមាជិក៣រូបផ្សេងទៀត។តាមរយៈការច្រៀងផ្ទាល់Live Band នេះសោភា ប្រាកដជាមានការចំណាយខ្ពស់ច្រើនជាងមុនជាមិនខាន ប៉ុន្ដែទស្សនិកជនចាប់អារម្មណ៍នាងខ្លាំងព្រោះថានាងបានយកបទចម្រៀងល្បីៗកាលពីជាង១០ឆ្នាំមុនមកច្រៀងឡើងវិញជាមួយបទភ្លេងថ្មីទើបធ្វើឲ្យកាន់តែប្លែកហើយសកម្មភាពច្រៀងសម្ដែងរបស់នាងមានភាពរស់រវើកហើយទាក់ទាញ។

ពេជ្រ សោភា និយាយថាពេលនេះនាងមានសមាជិកច្រើនជាងមុនហើយការចំណាយប្រាកដជាមានការកើនឡើងមែន។ប៉ុន្ដែនាងថាតម្លៃខ្លួនរបស់នាងក៍បានខ្ពស់ជាមុនផងដែរហើយការច្រៀងសម្ដែងនៅលើឆាកនោះស្ទើតែគ្រប់កម្មវិធីនាងនិងតន្រ្ដីករផ្ទាល់ខ្លួនទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួនតាមរយៈសម្លៀកបំពាក់ ,ស្បែកជើង និងនាឡិកាដៃជាច្រើនកម្មវិធីមកហើយ។ចំពោះសម្ភារៈទាំងនោះគឺសុទ្ធតែជាម៉ាកល្បីៗដូចជាស្បែកជើង១គូតម្លៃជាង៣០០ដុល្លារហើយអាវយឺត១ថ្លៃ៥០ដុល្លារជាដើមដែលធ្វើឲ្យរូបនាងនិងក្រុមការងារមានភាពរីករាយដែលបានកាដូទាំងនោះ។

តាមរយៈការអះអាងរបស់ពេជ្រ សោភា នេះបញ្ជាក់ថាការចាប់ដៃគូជាមួយលោកគ្រូអ៊ូយ មិនត្រឹមតែធ្វើឲ្យនាងបានការចាប់អារម្មណ៍កាន់តែខ្លាំងតាមរយៈការច្រៀងសម្ដែងនិងប្រគុំតន្រ្ដីដោយផ្ទាល់នោះទេ ប៉ុន្ដែពេលនេះតម្លៃខ្លួនរបស់នាងក៍ខ្ពស់ជាងមុន ហើយនាងតែងតែទទួលបានកាដូពីផលិតផលម៉ាកប្រេន ប្រេនពីក្រុមហ៊ុនទាំងនោះជាបន្ដបន្ទាប់ផងដែរ ខណៈដែលការឧបត្ថម្ភបែបនេះសោភា ថាកន្លងមកធ្លាប់តែឃើញតារានៅប្រទេសជិតខាងតែពេលនេះតារាខ្មែរក៍មានផលិតផលល្បីៗចាប់ផ្ដើមទទួលបានដូចតារាបរទេសដែរហើយ។

ទោះជាយ៉ាងណាគេកត់សម្គាល់ថានៅថ្ងៃខួបកំណើតគម្រប់អាយុ៣៧ឆ្នាំកាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១នោះសោភា បែរជាមិនទាន់ទទួលបានកាដូពិសេសពីសង្សារបណ្ដូលចិត្តរបស់នាងគឺលោកឆឹម សក្កដា ទៅវិញ៕






