កូនប្រុសជេរអស់ចិត្ត ទាញកាំបិតដេញ…..

0
88

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា បានប្រើប្រាស់ថ្នាំញៀនជាប្រចាំ រហូតដល់បែកថ្នាំលែងដឹងខុសត្រូវ រករឿងជេរប្រមាថម្តាយបង្កើតខ្លួនឯងមិនអស់ចិត្ត ថែមទាំងទាញកាំបិតផ្គាក់ដេញកាប់ម្តាយទៀត រហូតដល់ម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ច ចុះចាប់ខ្លួនកូនប្រុសកំណាចយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

កូនប្រុសកំណាចដែលជេរប្រមាថម្តាយ មិនអស់ចិត្តបែរជាទាញកាំបិតដេញកាប់ម្តាយ រហូតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះ សៀង អឿត អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សញៀនថ្នាំ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះសៀង មួយ អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យ បណ្តឹងរបស់ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះសៀង មួយ បានប្តឹងពីកូនប្រុសបង្កើតរបស់គាត់ឈ្មោះសៀង អឿត ថាបានជេរប្រមាថ និងប្រើអំពើហិង្សា ដោយយកអង្រែ ព្រមទាំងកាំបិត មកវាយ និងកាប់លើរូបគាត់ ដែលជាម្តាយបង្កើត។

ស្ត្រីរងគ្រោះជាម្តាយ បានបន្តថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់ម្នាក់នេះ បានលួចទ្រព្យសម្បត្តិក្នុងផ្ទះយកទៅលក់ដើម្បី យកលុយទិញគ្រឿងញៀនមកប្រើប្រាស់ និងបង្កជម្លោះជាមួយអ្នកជិតខាងបន្ថែមទៀត ដោយយកកាំបិតផ្គាក់ មកកាន់នឹងដៃបម្រុងកាប់គេ ទៀតផង ឃើញបែបនេះ គាត់ជាម្តាយក៏បានទៅឃាត់ តែកូនប្រុសមិនត្រឹមតែមិនខ្ចីស្តាប់ប៉ុណ្ណោះទេ ថែមទាំងទាញអង្រែ និងកាំបិត ដេញវាយ និងកាប់គាត់ជាម្តាយទៀត ទើបគាត់សម្រេចចិត្តមកប្តឹងសមត្ថកិច្ចអាវុធហត្ថក្រុងឱ្យជួយអន្តរាគមន៍តែម្តង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងរបស់ស្ត្រីដែលជាម្តាយជនសង្ស័យ ខាងលើ លោកបានចាត់ តាំងកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនឈ្មោះ សៀង អឿត និងដកហូតបានកាំបិតចំនួន១ដើម ដងឈើ ប្រវែង ០,៦៨ម៉ែត្រ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានប្រើប្រាស់គ្រឿងញៀនជាយូរឆ្នាំមកហើយ ដោយពេលរូបគេប្រើ ប្រាស់គ្រឿងញៀនម្តងៗ រូបគេតែងតែជេរប្រមាថ និងប្រើអំពើហិង្សាលើម្តាយ បង្កើតខ្លួនឯងពិតប្រាកដមែន ហើយរូបគេតែងតែបង្កជម្លោះ ជាមួយអ្នកជិតខាង ដូចម្តាយខ្លួនរៀបរាប់ក្នុងពាក្យបណ្តឹងមែន។

ដោយផ្អែកលើពាក្យបណ្តឹង និងផ្អែកការស្តាប់ចម្លើយរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាង ផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកង រាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យ ខាងលើធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល នីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ និងវុត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលា ដំបូងខេត្តចាត់ការតាម ច្បាប់ហើយ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១៕