លោកស្រីទ្រី ដាណា ផ្ញើសារទៅប្តី ប្រុសត្រចៀកស យកប្រពន្ធថ្មីចុះ

0
254

ភ្នំពេញ ៖​ លោកស្រី ទ្រី ដាណា ថៅកែហាងពេជ្រល្ពិឈ្មោះ បន្ទាប់ពីមានទំនាស់ឈានដល់ការប្តឹងលែងលះស្វាមី ហើយបុរសជាស្វាមី បានទៅកោរសក់បួសមក ទោះបីបានទទួលស្គាល់កំហុស និងអំពាវនាវសុំឲ្យភរិយាលើកលែងទោស ដកពាក្យបណ្តឹងវិញយ៉ាងណា ក៏មិនអាចបន្ទន់ចិត្តលោកស្រីទ្រី ដាណា បានឡើយ ដោយលោកស្រីបានបញ្ជាក់ថា មិនដកពាក្យបណ្តឹងវិញឡើយ ថែមទាំងផ្ញើសារទៅស្វាមី ឲ្យយកប្រពន្ធថ្មីចុះ។

លោកស្រី ទ្រី ដាណា បានសរសេរក្នុងទំព័របណ្តាញសង្គម​ ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ថា «កំហុសដ៏ធំបំផុតរបស់មនុស្សស្រី គឺយល់ច្រឡំថាប្ដីស្មោះនឹងខ្លួន កំហុសដ៏ធ្ងន់បំផុតរបស់មនុស្សប្រុស គឺជឿសម្ដីអ្នកក្រៅ មកបំផ្លាញគ្រួសារខ្លួនឯង ជឿសម្ដីម៉ែ បងប្អូននិងគ្រួសារ មកបំផ្លាញជីវិតសុភមង្គលគ្រួសាររបស់ខ្លួន ឯកំហុសរបស់មនុស្សប្រុសមួយទៀត គឺភាពអំនួត អួតអាងថាខ្លួនមិនចេះខុស កំហុសរបស់មនុស្សប្រុសមួយទៀត គឺបំផ្លាញគ្រួសាររបស់ខ្លួនហើយថាមនុស្សស្រីជាអ្នកបំផ្លាញ (មនុស្សប្រុសដែលបំផ្លាញគ្រួសារខ្លួនឯង ដោយសារអ្នកដទៃនិងបងប្អូន ត្រចៀកស ថោកទាបខ្លាំងណាស់)»។

លោកស្រី ទ្រី ដាណា សរសេរបន្តថា «សារនេះផ្ញើទៅអតីតប្ដី សូមភ្ញាក់ខ្លួនឡើង យកប្រពន្ធលើកក្រោយ កុំបំផ្លាញគ្នាអី ចេះស្រឡាញ់គ្នាផង កុំយកគ្រួសារ កុំយកម្ដាយ កុំយកប្អូន កុំយកបង មកនិយាយនៅក្នុងគ្រួសារនោះទៀត រៀនរស់ជាមួយប្រពន្ធនិងកូន ឲ្យស្ងប់ស្ងាត់ កុំឲ្យម្តាយនិងបងប្អូនចូលជ្រែក ហើយកុំមានអំនួតនៅលើគ្រួសារពេក ហើយកុំគិតថាខ្លួនឯងអស្ចារ្យ ហើយបើសិនជាអាច ពេលផឹកស៊ីស្រវឹង កុំវ៉ៃប្រពន្ធក្រោយដូចខ្ញុំអី ខ្ញុំអស់ទ្រាំត្រឹមខ្ញុំហើយ តែសូមជូនពរប្រពន្ធក្រោយ កុំឱ្យជាន់លើដានចាស់ដូចរូបខ្ញុំ»។

លោកស្រី ទ្រី ដាណា សរសេរបន្តទៀតថា​ «សង្ឃឹមថាក្រោយពេលដែលសាលក្រមចេញមក យើងនឹងបានស្ងប់ស្ងាត់រៀងខ្លួន ហើយអ្នកដែលយកគេធ្វើប្ដី ថ្ងៃក្រោយ ត្រូវដាក់ខសន្យាឲ្យច្បាស់ថា កុំយកគ្រួសារខាងគេជាធំ ព្រោះប្រឈមខ្លាំងណាស់ លំដាប់ប្រហែលខ្ញុំហើយ នៅទប់មិនឈ្នះ ឈានដល់ការលែងលះ ទម្រាំតែលំដាប់ក្រោយៗ បើសិនជាអាចដាក់លក្ខខណ្ឌឲ្យបានច្បាស់លាស់ មុនពេលចូលរួមជីវិតជាមួយគេ ត្រូវសម្របគ្រប់យ៉ាងទាំងអស់ទើបសុខ ហើយត្រូវជួយម៉ែគេ និងប្អូនគេឱ្យបានគ្រប់សព្វបែបយ៉ាង ទើបនៅសុខ បើមិនដូច្នេះទេ គ្មានសេចក្តីសុខទេ ប្រឈមនឹងទឹកភ្នែករាល់ថ្ងៃ ប៉ុន្តែខ្ញុំសរសើរខ្លួនឯងដែរដែលរឹងមាំ ឆ្លងកាត់ដំណាក់កាលនេះហើយ ខ្ញុំនឹងរឹតតែស្រស់ស្រាយជាមួយនឹងជីវិតដែលមានក្តីសុខសុភមង្គលជាមួយកូនៗ»។

គួរបញ្ជាក់ថា បន្ទាប់ពីកើតមានរឿងរកាំរកូសក្នុងគ្រួសាររួចមក លោកហ៊ីង បញ្ញារិទ្ធ ហៅពូខ្មៅ ដែលត្រូវជាស្វាមីរបស់លោកស្រី ទ្រី ដាណា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចចិត្តកោរសក់បួស ដើម្បីរក្សាចិត្តស្ងប់ និងពិចារណាកំហុសរបស់ខ្លួន ប៉ុន្តែមុននឹង កោរសក់បួស ពូខ្មៅ បានសារភាពកំហុសរបស់ខ្លួន ព្រមទាំងអង្វរករដល់ភរិយា ឱ្យដកពាក្យបណ្តឹង ដើម្បីលោកបានចូលផ្ទះ មើលថែប្រពន្ធកូនវិញ។

លោកហ៊ីង បញ្ញារិទ្ធ ហៅពូខ្មៅ បានលើកឡើង តាមរយៈវីដេអូឡាយ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ថា លោកចេញ វីដេអូនេះជាលើកចុងក្រោយ ហើយក៏ដើម្បីផ្ញើជូនទៅភរិយាជាទីស្រលាញ់ផងដែរ ខណៈដែលភរិយារបស់លោក បានប្លុកលោកចោល តាំងពីហ្វេសប៊ុក តេឡេក្រាម ពោលគឺរាល់ប្រព័ន្ធទំនាក់ទំនងទាំងអស់ ត្រូវបានភរិយាលោក ប្លុកលោកចោលអស់ទៅហើយ។ លោកថា កន្លងមក មានមតិមួយចំនួនលើកឡើងថា ជំម្លោះរវាងលោក និងភរិយា គឺជាការសម្តែង ដើម្បីយកប្រយោជន៍  ប៉ុន្តែលោកចង់ប្រាប់ថា  គ្មានអ្នកណាម្នាក់ យកកិត្តិយសគ្រួសារ មកសម្តែងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបៀបនេះទេ ប៉ុន្តែវិវាទគ្រួសាររបស់លោកនេះ គឺជារឿងពិត ដែលកើតចេញពីការខឹងមួយឆាវ។

ជាមួយនេះ លោកហ៊ីង បញ្ញារិទ្ធ ក៏បានធ្វើការសុំទោសជាសាធារណៈដល់ភរិយារបស់លោក គឺលោកស្រី ទ្រី ដាណា ផងដែរ ដោយលោកបានអះអាងថា រយៈពេលខ្លីកន្លងមក ដែលរស់នៅបែកគ្នា គឺលោកបានគិតឃើញពីចំណុចខ្វះខាត ក៏ដូចជាកំហុសរបស់ខ្លួនហើយ ហើយលោកនឹងធ្វើការកែប្រែដើម្បីគ្រួសារ ដើម្បីភរិយា និងកូន ហេតុនេះលោកសូមអភ័យទោសដល់ភរិយា សូមឱ្យភរិយាដកពាក្យបណ្តឹងពីតុលាការ ដើម្បីឱ្យលោកបានចូលផ្ទះ មើលថែប្រពន្ធកូន ដូចមុនវិញ ហើយលោកសង្ឃឹមថា ភរិយារបស់លោក នឹងដកពាក្យបណ្តឹង ពីតុលាការ ដើម្បីបើកផ្លូវឱ្យលោកបានជួបប្រពន្ធកូន ដូចដើមពីមុន ហើយអ្វីៗដែលជាកំហុស និងចំណុចខ្វះខាតរបស់លោក លោកនឹងកែ ដើម្បីគ្រួសារមួយនេះ ហើយលោកសម្រេចទៅបួសមួយរយៈពេល ដើម្បីយកធម៌យកអាថ៌មកដាក់នៅក្នុងខ្លួន រកអ្វីដែលស្ងប់ និងពិចារណាកំហុសរបស់ខ្លួនឡើងវិញ។

ទោះបីជាយ៉ាងណា ជាការឆ្លើយតបទៅនឹងការសូមទោសរបស់ស្វាមី ក៏ដូចជាការទទូចស្នើសុំពីមហាជន ឱ្យស្វាមីភរិយាលោកស្រីត្រឡប់មកត្រូវរ៉ូវគ្នាវិញនោះ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ទ្រី ដាណា បានបញ្ជាក់ពីជំហររបស់ខ្លួនថា លោកស្រី អរគុណចំពោះការអាណិត ស្រលាញ់ ក៏ដូចជាការសំណូមពរឱ្យត្រូវគ្នាជាមួយពូខ្មៅ វិញ ប៉ុន្តែលោកស្រី សូមអធ្យាស្រ័យផង រឿងនេះគឺវាទៅមុខហើយ ហើយមួយវិញទៀត អ្នកខ្លះគាត់ថា ចង់ឱ្យលោកស្រី ដើរធ្វើបុណ្យជាមួយពូខ្មៅ ដូចមុន ប៉ុន្តែទោះជាអត់មានពូខ្មៅ ក៏លោកស្រី នៅតែដើរធ្វើបុណ្យដដែលទេ។

លោកស្រី ទ្រី ដាណា បានលើកឡើងថា អ្នកខ្លះគិតថា ពេលដែលលោកស្រីលែងប្តី សង្ស័យតែពិបាកចិត្ត វេទនាចិត្ត ប៉ុន្តែសម្រាប់លោកស្រី គឺគ្មានទេ ព្រោះគិតថា ជួនកាលការរស់នៅម្នាក់ឯង សប្បាយចិត្តជាងមានគ្នាក៏ថាបានដែរ មិនប្រាកដថា មានគ្នាយើងមានក្តីសុខទេ ហើយតាមពិត លោកស្រីក៏ចង់ត្រូវគ្នាដែរ អត់ចង់បែកគ្នាទេ គ្រាន់តែថា ពេលខ្លះដើរដល់ផ្លូវទាល់ទៅហើយ មិនអាចងាកក្រោយទេ មានតែទៅមុខ៕