ស្រវឹងស្រាកូនប្រសាឈ្លោះជាមួយឪក្មេក

0
92

ខេត្តតាកែវ ៖ បុរសម្នាក់ទើបត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ចូលដល់ផ្ទះ ក៏កើតមានជម្លោះពាក្យសម្តីជាមួយនឹងឪពុកក្មេក ស្រាប់តែភាគីកូនប្រសាឆេះឆួលកំហឹងទប់មិនជាប់ ក៏ស្ទុះទៅទាញកាំបិតផ្គាក់ កាប់ប្រហារឪពុកក្មេក ១កាំបិត ចំកញ្ចឹងក បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ ចំណែកជនដៃដល់ជាកូនប្រសា បានព្យាយាមរត់គេចខ្លួនបាន១ថ្ងៃ ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីឃាតកម្ម កូនប្រសាកាប់សម្លាប់ឪពុកក្មេករបស់ខ្លួនយ៉ាងសាហាវឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី។ រហូតមកដល់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបកម្លាំងសមត្ថកិច្ចស្រុកបាទី តាមចាប់ខ្លួនជនដៃដល់បាន។

ជនដៃដល់ដែលកាប់ប្រហារឪពុកក្មេករបស់ខ្លួនបណ្តាលឱ្យស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះទួន ឡាច ហៅលិប ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរង គ្រោះជាឪពុកក្មេក មានឈ្មោះម៉េង ហាក់ អាយុ៥៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាកូនប្រសា មិនដឹងថាបានផឹកស៊ីស្រវឹងមកពីណា គ្រាន់តែចូលដល់ផ្ទះភ្លាម ក៏បានរករឿងឈ្លោះប្រកែកជាមួយអ្នកផ្ទះ ទើបធ្វើឱ្យបុរសរងគ្រោះជាឪពុកក្មេកឈ្មោះ ម៉េង ហាក់ ទ្រាំមិនបាន ក៏ចេញទៅឃាត់ ជាហេតុធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នាតែម្តង។ ស្រាប់តែរំពេចនោះ ជនសង្ស័យជាកូនប្រសា ដែលជាមនុស្សញៀនថ្នាំផង បានស្ទុះទៅទាញកាំបិតផ្គាក់កាប់ទៅលើឪពុកក្មេករបស់ខ្លួន ចំនួន១កាំបិត ចំកញ្ចឹងក ចំហៀងខាងឆ្វេង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។

ក្រោយកើតហេតុ ជនដៃដល់ជាកូនប្រសា បានបោះកាំបិតផ្គាក់ចោល រួចរត់គេចខ្លួនបាត់ភ្លាមៗ។ ចំណែកជនរងគ្រោះជាឪពុកក្មេក ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ឯរាជធានីភ្នំពេញ ភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបបណ្តាលឱ្យជនរងគ្រោះបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យតែម្តង និងត្រូវក្រុមគ្រួសារដឹកសពត្រឡប់ទៅផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី និងបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ខ្លួនជនដៃដល់នាំយកមកផ្តន្ទាទោសតាមច្បាប់។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់បាន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ពោលគឺ ១ថ្ងៃ ក្រោយពីជននេះធ្វើសកម្មភាពញកាប់សម្លាប់ឪពុកក្មេករបស់ខ្លួន។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ប្រហារឪពុកក្មេក ចំនួន ១កាំបិតផ្គាក់ ប្រាកដមែន មូលហេតុដោយសារតែរូបគេផឹកស្រាស្រវឹង និងកើតមានជុម្លោះពាក្យសម្តីជាមួយឪពុកក្មេក ទើបធ្វើឱ្យរូបគេទប់ចិត្តមិនបាន ក៏ទាញកាំបិតកាប់ប្រហារឪពុកក្មេកតែម្តង។

ជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងបញ្ជូនតុលាការ ចាត់ការតាមនីតិវិធី៕