Thursday, April 25, 2024
Homeព័ត៌មានជាតិថតវីដេអូរួមរ័ក ផ្ញើចងដៃថ្ងៃស្រីរៀបការប្រុសថ្មី

ថតវីដេអូរួមរ័ក ផ្ញើចងដៃថ្ងៃស្រីរៀបការប្រុសថ្មី

ភ្នំពេញ ៈ បុរសម្នាក់ បានទាក់ទងស្នេហាជាមួយបុគ្គលិកស្រីរបស់ខ្លួន រហូតដល់ត្រូវរ៉ូវគ្នាឡើងឋានសួគ៌ជាញឹកញាប់ ប៉ុន្តែខាងប្រុសតែងលួចបង្កប់កាមេរ៉ាថតសកម្មភាពរួមរ័កគ្នាជាបន្តបន្ទាប់ ដោយមិនឱ្យខាងស្រីដឹងខ្លួននោះឡើយ លុះក្រោយមក ដោយសារតែជួបរឿងរកាំរកូសច្រើនពេក អ្នកទាំងពីរក៏បែកចែកផ្លូវគ្នាទៅ ដោយខាងស្រី បានទៅរៀបការជាមួយបុរសថ្មីម្នាក់ទៀត ស្រាប់តែបុរសជាអតីតសង្សារបានដឹង ខឹងសម្បា ក៏បានផ្ញើរូបភាពនិងវីដេអូរួមរ័កគ្នា ទៅឱ្យសាមីខ្លួន និងសាច់ញាតិខាងកូនកំលោះក្រមុំ ទុកជាការចងដៃគូស្វាមីភរិយាថ្មី ធ្វើឱ្យខាងស្រីកើតទុក្ខមិនសុខចិត្ត ដាក់ពាក្យបណ្តឹងចាប់ឃាត់ខ្លួនបុរសជាអតីតសង្សារ នាំយកទៅចាត់ការតាមច្បាប់។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុចយានដ្ឋានជួសជុលរថយន្ត មួយកន្លែង នៅផ្លូវបេតុងលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយជាប់សង្ស័យពីបទប៉ះពាល់រូបភាពសិទ្ធិបុគ្គល (ដាក់កាមេរ៉ាថតសកម្មភាពរួមភេទជាមួយជនរងគ្រោះ) និងអំពើផលិតចែកចាយរូបភាពអាសអាភាស (យករូបភាពសកម្មភាពរួមភេទជាមួយជនរងគ្រោះ ផ្ញើតាមហ្វេសប៊ុក)។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគូ សួយលីន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរជាម្ចាស់យានដ្ឋានជួសជុលរថយន្តខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះ យ.រ.វ អាយុ៣២ឆ្នាំ ជាអតីតអ្នកបកប្រែ និងអ្នកគិតលុយ ក្នុងយានដ្ឋានខាងលើ ហើយក៏ជាអតីតសង្សាររបស់ជនសង្ស័យផងដែរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រវាងជនសង្ស័យ និងជនរងគ្រោះ បានស្គាល់គ្នាតាំងពីឆ្នាំ២០១៦ មកម៉្លេះ ដោយដំបូងឡើយ នារីរងគ្រោះ បានមកធ្វើការជាអ្នកគិតលុយ និងជាអ្នកបកប្រែភាសាចិន ក្នុងយានដ្ឋានរបស់ជនសង្ស័យ។ បន្ទាប់មក អ្នកទាំងពីរក៏ចាប់ផ្តើម ស្រឡាញ់គ្នា រួចឈានដល់ការត្រូវរ៉ូវគ្នាឡើងឋានសួគ៌ជាញឹកញាប់។ នៅអំឡុងពេលដែលអ្នកទាំងពីរត្រូវរ៉ូវគ្នារួមភេទជាបន្តបន្ទាប់នោះ ជនសង្ស័យបានលួចបង្កប់កាមេរ៉ា ដើម្បីថតរូបភាព និងវីដេអូ អំពីសកម្មភាពដែលពួកគេបានរួមរ័កគ្នាទុក ដោយមិនឱ្យខាងស្រីដឹងនោះឡើយ។

ប្រភពដដែល បន្តថា ក្រោយមក រវាងជនរងគ្រោះ និងជនសង្ស័យ ចេះតែកើតរឿងឈ្លោះប្រកែក រកាំរកូសជាមួយគ្នាមិនដាច់ ទើបឈានដល់ការបែកចែកផ្លូវគ្នា ដោយខាងស្រីបានឈប់ធ្វើការជាមួយជនសង្ស័យទៅ។ តាំងពីនោះមក ជនសង្ស័យតែងតែយករូបភាព និងវីដេអូនៅលើគ្រែនោះ ឆាតទៅរកជនរងគ្រោះ ក្នុងន័យគំរាមឱ្យខាងស្រីវិលត្រឡប់មកត្រូវគ្នាជាមួយខ្លួនវិញ ប៉ុន្តែខាងស្រីមិនព្រម។

ក្រោយមក នៅឆ្នាំ២០២២ នេះ នារីរងគ្រោះបានរៀបការជាមួយបុរសម្នាក់ផ្សេងទៀត ស្រាប់តែជនសង្ស័យបានដឹង ក៏ខឹងសម្បា រួចក៏បាញ់រូបភាពនិងវីដេអូទាំងអស់ ទៅឱ្យបងប្អូនសាច់ញាតិរបស់ជនរងគ្រោះ និងសាមីខ្លួនទាំងសងខាងបានមើល ទុកជាការចងដៃគូស្វាមីភរិយាថ្មី ជាហេតុធ្វើឱ្យនារីរងគ្រោះ និងក្រុមគ្រួសារ កើតទុក្ខមិនសុខចិត្ត ក៏សម្រេចមកដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបង្កប់កាមេរ៉ា ថតសកម្មភាពរួមភេទជាមួយជនរងគ្រោះ និងយករូបភាពសកម្មភាពរួមភេទជាមួយជនរងគ្រោះ ផ្ញើសារតាមហ្វេសប៊ុក ប្រាកដមែន។ មូលហេតុ ដោយសារតែខ្លួន និងនារីរងគ្រោះ ធ្លាប់ជាសង្សារនឹងគ្នា ហើយក្រោយពីបែកបាក់គ្នា ខ្លួនមិនចង់ឱ្យនាងយកប្តីថ្មី ទើបធ្វើរឿងបែបនេះ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES