Thursday, January 1, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះសណ្ឋាគារ ឡានទឹកជួយពន្លត់ទាន់

ភ្លើងឆេះសណ្ឋាគារ ឡានទឹកជួយពន្លត់ទាន់

ភ្នំពេញ ៖ អគារសណ្ឋាគារ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចសណ្ឋាគារ ក្លវើរ (CLOVER HOTEL) មានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវព្រះនរោត្តម ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់រថយន្តដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប។

ចំពោះសំណង់រងគ្រោះខាងលើ គឺជាប្រភេទថ្មបេតុង ទំហំ ២០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ឆេះខូចខាតបន្ទប់ ទំហំ២ម៉ែត្រ គុណនឹង ៤ម៉ែត្រ រួមទាំងសម្ភារៈ រួមមាន ពូក១ កន្សែង១ដុំ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ មួយចំនួន តែពុំបណ្តាលឱ្យឆេះរាលដាលឡើយ។ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពន្លត់ចប់ នៅម៉ោង ៤ និង២០នាទីទៀបភ្លឺ ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ តែមិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕

RELATED ARTICLES