តើពូទីនប្រកាសជ័យជម្នះលើអ៊ុយក្រែន នៅថ្ងៃទី៩ ឧសភា និងបញ្ចូលតំបន់៣ជាទឹកដីរបស់ខ្លួនឬ?

មន្ត្រីអាមេរិកនិងលោកខាងលិចមានជំនឿថាលោក វ្ល៉ាឌីមៀ ពូទីនអាចប្រកាសសង្រ្គាមជាផ្លូវការលើអ៊ុយក្រែន ភ្លាមៗនៅថ្ងៃទី៩ ឧសភា ឆ្នាំ២០២២ ដែលជាវិធានការមួយអាចឱ្យមានការចល័តកម្លាំងបម្រុងពេញ លេញរបស់រុស្ស៊ីខណៈដែលកិច្ចខិតខំប្រឹងប្រែងឈ្លានពាននៅតែបន្តធ្លាក់។

ថ្ងៃទី៩ឧសភាដែលគេស្គាល់ថាជាទិវាជ័យជំនះនៅខាងក្នុងនៃប្រទេសរុស្ស៊ីរំលឹកដល់ការបរាជ័យរបស់ពួកណាហ្ស៊ីនៅឆ្នាំ ១៩៤៥។ មន្ត្រីលោកខាងលិចបានជឿជាក់ជាយូរមកហើយថាលោកពូទីននឹងប្រើប្រាស់ថ្ងៃសំខាន់នោះជានិមិត្តរូបនិង តម្លៃនៃការឃោសនាដើម្បីប្រកាសអំពីសមិទ្ធិផលយោធានៅអ៊ុយក្រែន។ ក្រុមមន្ត្រីបានចាប់ផ្តើមយកចិត្តទុក ដាក់លើសេណារីយ៉ូមួយ ពោលគឺលោកពូទីនប្រកាសសង្គ្រាមលើអ៊ុយក្រែនជាផ្លូវការនៅថ្ងៃទី ៩ខែឧសភា។ មកទល់នឹងពេលនេះ លោកពូទីនបាននិយាយការពារសង្គ្រាមនៅអ៊ុយក្រែនអស់រយៈពេលជាច្រើន ខែថាជាប្រតិបត្តិការយោធាពិសេសមិនមែន ជាការឈ្លានពាននិងសង្រ្គាមនោះទេ។

រុស្ស៊ីមានផែនការបញ្ចូលតំបន់បីជាទឹកដីរបស់ខ្លួន

កាលពីថ្ងៃចន្ទទី៣ឧសភាមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថាប្រទេសរុស្ស៊ីកំពុងរៀបចំផែនការក្នុងពេលឆាប់ៗនេះដើម្បីបញ្ចូលតំបន់ទាំងពីរនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលខ្លួនកំពុងកាន់កាប់ទៅជាទឹកដីរបស់រុស្ស៊ី ដូចតំបន់គ្រីមៀកាលពីឆ្នាំ២០១៤បន្ទាប់ពីបរាជ័យក្នុងការផ្តួលរំលំរដ្ឋាភិបាលទីក្រុងគៀវ។

លោកMichael Carpenterឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប បាននិយាយថា យោងតាមរបាយការណ៍ថ្មីៗបំផុត យើងជឿជាក់ថា រុស្ស៊ីនឹងព្យាយាមបញ្ចូល សាធារណរដ្ឋប្រជាមានិត Donetskនិង Lugansk People’s Republic’ ទៅជាទឹកដីរបស់រុស្ស៊ី។ លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា របាយការណ៍មួយបានបញ្ជាក់ថារុស្ស៊ីមានផែនការធ្វើប្រជាមតិ នៅនៅពាក់កណ្តាលខែឧសភាដើម្បីក្លាយជាទឹកដីរបស់ខ្លួន។

លោកCarpenterបានបន្ថែមថាសហរដ្ឋអាមេរិកក៏ជឿថារុស្ស៊ីកំពុងពិចារណាផែនការស្រដៀងគ្នានេះនៅក្នុងតំបន់ទីបី Khersonដែលទីក្រុងម៉ូស្គូថ្មីៗនេះបានពង្រឹងការគ្រប់គ្រងរបស់ខ្លួន និងដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណរូប្លិ(Ruble)របស់ខ្លួន។

តើពូទីនបញ្ចប់ការឈ្លានអ៊ុយក្រែនត្រឹមថ្ងៃ៩ឧសភា?

សម្តេចប៉ាប ហ្វ្រង់ស៊ីស បាននិយាយថា នាយករដ្ឋមន្រ្តីហុងគ្រី លោកVictor Orbanបានប្រាប់លោកនៅពេលពួកគេជួបគ្នាកាលពីចុងខែមេសាថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីនគ្រោងនឹងបញ្ចប់ការឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ៩ខែឧសភា ដែលជាទិវាជ័យជំនះរបស់រុស្ស៊ី។

សម្តេចប៉ាប ហ្វ្រង់ស៊ីស មានប្រសាសន៍ថា ពេលខ្ញុំជួបគាត់ គាត់បានប្រាប់ខ្ញុំថារុស្សីមានផែនការ ថាអ្វីៗនឹងចប់នៅថ្ងៃទី ៩ ឧសភា។នេះវាបានពន្យល់ពីល្បឿននៃការកើនឡើងនៃការវាយលុកប៉ុន្មានថ្ងៃនេះ។វាមិនត្រឹមតែជាតំបន់ Donbas នោះទេ វាគឺជាតំបន់Crimea,Odesaរហូតទៅដល់កំពង់ផែសមុទ្រខ្មៅពីអ៊ុយក្រែន ។

ជាមួយគ្នានេះដែរសម្តេចប៉ាបហ្វ្រង់ស៊ីសបាននិយាយនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃអង្គារថា លោកបានស្នើសុំឱ្យមានកិច្ចប្រជុំនៅទីក្រុងមូស្គូជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីព្យាយាមបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។

អង់គ្លេស​សន្យា​បន្ថែមជំនួយ​យោធា ៣៧៥​លាន​ដុល្លារ​អោយ​អ៊ុយក្រែន

ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងផ្តល់ជំនួយយោធាចំនួន៣៧៥លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន រួមទាំងឧបករណ៍អេឡិចត្រូនិកសម្រាប់សង្គ្រាម និងប្រព័ន្ធរ៉ាដាប្រឆាំងមីស៊ីលពីលើជំនួយប្រហែល ជាង៣០០លានដុល្លារពីមុនមក។

អង់គ្លេសបានបញ្ជូមីស៊ីលប្រឆាំងរថក្រោះ ជាង៥០០០ដើមនិងប្រព័ន្ធការពារដែនអាកាសចំនួន ៥ ក៏ដូចជាគ្រាប់បែក និងគ្រឿងផ្ទុះផ្សេងទៀត ទៅអោយអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈ ដែលបានបំផ្លាញទីក្រុងនានានិងបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ ឬរងរបួស៕