ភ័យគេដេញសម្លាប់ ឡើងពួនលើបង្គោលភ្លើង៣ម៉ោង

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសង្ស័យថាប្រើប្រាស់ថ្នាំញៀនលើសកម្រិត (បែកថ្នាំ) បានដើរនិយាយតែឯងទាំងស្ថានភាពភ័យស្លន់ស្លោ ដោយប្រាប់ថា មានគេដេញសម្លាប់ រួចក៏បានទៅរត់ឡើងលើបង្គោលភ្លើងបំភ្លឺផ្លូវ ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍លួងលោមឱ្យចុះវិញ យ៉ាងណាក៏មិនព្រម ទាល់តម្រិះ បានត្រឹមអង្គុយឃ្លាំមើល រហូតដល់រយៈពេលប្រមាណ ៣ម៉ោងក្រោយមក ទើបបុរសនោះ ព្រមចុះមកក្រោមវិញដោយខ្លួនឯង។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចសួនច្បាររង្វង់កួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសដែលឡើងទៅសម្ងំលើបង្គោលភ្លើងខាងលើនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ  បានឱ្យដឹងថា មុនពេលកើតហេតុ គេក៏មិនដឹងថាបុរសខាងលើ ធ្វើដំណើរីមកពីណា ទៅណាទេ ដោយគេបានឃើញគាត់ដើរតែម្នាក់ឯង ទាំងស្ថានភាពភ័យស្លន់ស្លោ និងបាន

ស្រែកឱ្យគេជួយថា “មានគេដេញសម្លាប់”។ លុះពេលដើរមកដល់កន្លែងប៉ុស្តិ៍ប្រចាំការរបស់សមត្ថកិច្ច នៅចំណុចសួនច្បាររង្វង់កួចកាណុង ស្រាប់តែបុរសរូបនេះបានឡើងលើបង្គោលភ្លើងបំភ្លឺផ្លូវ ទៅអង្គុយនៅខាងលើ រួចនិយាយតែម្នាក់ឯង តាមការស្រមើស្រមៃរបស់គាត់ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវឈប់ចោមរោមមើល និងព្យាយាមលួងលោមហៅឱ្យបុរសនោះចុះមកក្រោមវិញដែរ តែនិយាយយ៉ាងណា ក៏បុរសខាងលើមិនខ្ចីស្តាប់ នៅតែបន្តនិយាយតែឯងដដែល។

ប្រភពដដែល បន្តថា បន្ទាប់ពីមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកកន្លែងកើតហេតុភ្លាមៗ និងបានលួងលោមហៅបុរសរូបនោះឱ្យចុះមកក្រោមវិញ ប៉ុន្តែបុរសរូបនោះមិនព្រមចុះមកដាច់ខាត។ ដោយអស់លទ្ធភាពក្នុងការលួង ទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ បានបណ្តោយឱ្យបុរសរូបនោះអង្គុយតែម្នាក់ឯង ចំណែកពួកគាត់ចាំឃ្លាំមើលសកម្មភាពបុរសនោះពីចម្ងាយ អស់រយៈពេលប្រមាណ ៣ម៉ោង ទើបបុរសរូបនោះ ព្រមចុះមកវិញដោយខ្លួនឯង រួចក៏ដើរចេញទៅបាត់ទៅ៕