ម៉េង កែវពេជ្ជតា ៖ពន្យាពេលមកស្រុក

បារាំង៖អ្នកនាងម៉េង កែវពេជ្ជតា បានទៅដល់បារាំងរយៈពេលជាង១ខែទៅហើយដែលតំណើរ​លើកនេះ​ធ្វើឲ្យ​នាងខកខានចូលរួមច្រៀងសម្ដែងក្នុងពិធីបុណ្យចូលឆ្នាំនៅខ្មែរកន្លងមក ព្រោះ​នាង​ត្រូវ​មានភារ​កិច្ច​ជាចាំបាច់​ដើម្បីទៅជួបនិងលើកទឹកចិត្តដល់កូនប្រុសម៉េង ពេជ្ជរតនៈ ដែល​កំពុង​តែ​បន្ដ​ការសិក្សារនៅទីនោះ។យ៉ាង​ណា​អ្នកនាងពេជ្ជតា ថាពេលទៅជួប​កូនប្រុស​អ្នកនាង​បែ​ជា​នឹក​ដល់កូនស្រីនៅខ្មែរជាខ្លាំងទៅវិញ ខណៈដែល​កាលពី​ថ្ងៃទី៧ខែឧសភា នោះ​អ្នកនាងសួរកូនប្រុសថាចង់ទៅលេងនៅឯណានោះរតនៈ ឆ្លើយថាចង់ទៅផ្ទះ​វិញជាមួយ​នាង​។

 ថ្វីត្បិតតែអ្នកនាងម៉េង កែវពេជ្ជតា ថាការទៅបារាំងជើងនេះដើម្បីតែលើកទឹកចិត្ត​ដល់​កូន​ប្រុសដែលកំពុង​រស់​នៅ​​និងរៀនសូត្រនៅស្រុកគេក្ដី  ប៉ុន្ដែតាមព័តមានថានាងក៍មាន​ឱ​កាសក្នុង​ការស្វែងយល់ចិត្តដល់គូស្នេហ៍ថ្មី​ឲ្យបានកាន់តែច្បាស់លាស់ថែមទៀតផងដែរ ព្រោះ​តាមរូបភាពមួយចំនួនគេឃើញនាងនិងបុរសវ័យ​ចំណាស់​ម្នាក់នៅបារាំងដែលអ្នកនាងពេជ្ជតា ធ្លាប់ថាគេមានទាំងចំណេះដឹងនិងការងារល្អហើយ​ស្រលាញ់នាងនោះរួមដំ​ណើរជា​មួយ​នាង​ជាញឹកញាប់ ហើយអ្នកនាងក៍មិនទាន់កំណត់ពេលវេលា​មកស្រុកវិញ​ដែរ។​ប៉ុន្ដែអ្នក​នាងពេជ្ជ​តា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា​នាង​មិនទាន់មានគម្រោងរៀបការ​ជាមួយម្ចាស់​ចិត្តថ្មី​ឆាប់ៗនោះទេ ព្រោះ​នាង​បានចំណាយ​ថវិការ​ជាច្រើនបង់ថ្លៃសាលាកូនរៀន​នៅបារាំង ហេតុ​នេះហើយទាល់តែមានលុយច្រើន​ជាងនេះ​ទើប​​​គិតគូពិធីនោះ។កំពូល​តារា​ចម្រៀង​រូបនេះ​ថាមង្គលការជាលើកទី២មិន​មែនជារឿងចាំបាច់បំផុត​សម្រាប់​ជីវិត​នាងឡើយ ព្រោះថានាង​ធ្លាប់​រៀបការម្ដងហើយដោយរៀបចំសុទ្ធ​តែនៅភោជនី​យដ្ឋាន​សណ្ឋាគារផ្កាយ​៥ទៀត​ផង តែទីបំផុតនៅតែបែកគ្នាអីចឹងនាងគិតថាការរស់នៅចុះ​សម្រុងនិង​យល់ចិត្តគ្នា​ជារឿង​សំខាន់។

គូរបញ្ជាក់ថាអ្នកនាងម៉េង កែវពេជ្ជតា បានលែងលះជាមួយលោកឧត្តមសេនីយឯកមួង ឃីម កាលពីឆ្នាំ២០១១ ដោយ​បន្សល់ចំណងដៃកូន២នាក់គឺកូនទី១ប្រុសឈ្មោះម៉េង ពេជ្ជរតនៈ និងកូនទី២ស្រីឈ្មោះម៉េង ពេជ្ជតា​សង្វា​ពេជ្រ ។ក្រៅពីជំរុញកូនប្រុសស្រីឲ្យខំសិក្សារទាំងក្នុង​និងក្រៅស្រុកឲ្យមានចំណេះដឹង​ខ្ពង់ខ្ពស់នោះ​អ្នកនាង​ពេជ្ជ​តា ក៍បានគាំទ្រកូនៗឲ្យក្លាយទៅជា​អ្នក​បន្ដវេនក្នុងអាជីពសិល្បៈពីនាងនាពេលអនាគតផងដែរ៕