ក្រោយសារភាពលែងប្តីតារាចម្រៀង និងជាពិធីការិនី នៅ ដាណា បានក្លាយទៅជាអ្នកមេម៉ាយកូន2ទាំងវ័យក្មេង ហើយអ្នកដែលស្និទ្ធដាណា បានបង្ហើបឱ្យដឹងថា ដាណា មិនគួរណាលែងប្តីដែលជាតារាសម្តែងប្រុសសង្ហា រូបសិចស៊ីនោះឡើយ ព្រោះថា នាងពិបាកជ្រើសបានប្តីថ្មីដូចប្តីចាស់នោះណាស់ អ៊ីចឹងហើយ បានជាពេលនេះសម្លឹងប្រុសថ្មីចេះ តែមិនត្រូវចិត្ត។
នៅ ដាណា បានប្រតិកម្មចំពោះការលើកឡើងថា អតីតស្វាមីរបស់នាងជាតារាសម្តែង ដោយនាងអះអាងថា បុរសនោះមិនដែលថតកុនម្តងណាឡើយ គឺជាអ្នកនៅក្រៅរង្វង់សិល្បៈសុទ្ធសាធ។ ប៉ុន្តែយ៉ាងណា ដាណា មិនបានបញ្ជាក់ទេ ថាតើឪពុករបស់កូនប្រុសស្រីនាងទាំង2នោះ ជាអ្នកណាឡើយ។
តារាសម្តែងនៅ ដាណា ថ្លែងថា “ខ្ញុំសូមឱ្យមានការកែតម្រូវត្រង់គេថា ប្តីខ្ញុំជាតារាសម្តែងហ្នឹង សូមប្រកែកតែម្តង ព្រោះអីប្តីខ្ញុំហ្នុង មិនមែនជាអ្នកសិល្បៈទេ គាត់មិនចេះច្រៀង មិនចេះសម្តែងអីផង តើជាអ្នកសិល្បៈម៉េចទៅ ? គាត់ជាអ្នកនៅក្រៅរង្វង់សិល្បៈ មិនមែនតារាទេ។ តែខ្ញុំមិនអាចនិយាយបានថា គាត់ជាអ្នកណាទេ ខ្ជិលនិយាយ ព្រោះពួកយើងបានចប់គ្នាអស់ទៅហើយ”។
នៅ ដាណា បានធ្លាក់ខ្លួនក្លាយទៅជាមេម៉ាយកូន2 ក្រោយពីចំណងស្នេហ៍នាងជាមួយអតីតប្តីបានឈានទៅលែងលះគ្នាតាមផ្លូវច្បាប់2ឆ្នាំមុននេះ ហើយនាងថា ទោះជាពេលនេះចង់យកប្តីថ្មី ឬអតីតប្តីចង់យកប្រពន្ធទៀត ក៏គ្មានអ្នកណាតាមឆាឆៅដែរ ព្រោះថា ការលែងលះនោះ មានអាជ្ញាធរដឹងឮ។
យ៉ាងណា ដាណា ថា ពេលនេះចង់ទុកបេះដូងឱ្យនៅទំនេរមួយអន្លើសិន ព្រោះខ្លាចដើរជាន់ដានចាស់ទៀត នាំឱ្យពិបាកព្យាបាលបេះដូង។ ពេលនេះ នាងចង់ផ្តោតទៅលើអាជីពចម្រៀង និងសម្តែងឱ្យបានល្អជាងនេះ និងមើលថែកូនៗទាំង២បានល្អសិន ទើបគិតគូររឿងយកប្តីថ្មី។
គួរបញ្ជាក់ថា ក្រោយប្រកាសលែងប្តីភ្លាម នៅ ដាណា ត្រូវបានគេបង្ហើបថា នាងមានអតីតប្តីជាតារាកូនកាត់បរទេសរូបសង្ហា ដែលបុរសនោះធ្លាប់ថត MV ជាមួយពេជ្រ សោភា ឱបថើបគ្នាទៀតផង។ តែដាណា ថា 100% ប្តីនាងមិនមែនជាតួសម្តែងឡើយ ហើយពេលនេះ នាងមិនទាមទារអតីតប្តីឱ្យជួយចិញ្ចឹមកូនទាំង2ទេ គឺសុខចិត្តចិញ្ចឹមពួកគេដោយខ្លួនឯង ហើយការដែលនាងសម្រេចចិត្តទម្លាយរឿងលែងប្តីនៅពេលនេះ លែងចង់លាក់រឿងមានកូនទៀត ព្រោះនាងអាណិត កូនប្រុសស្រីរបស់នាង ដែលត្រូវការភាពកក់ក្តៅពីម្តាយ៕