ភ្នំពេញ ៖ តារាកំប្លែងតូចល្អិត លោកទេស សុជន ហៅនាយក្រិន ដែលបានកើតមានជំងឺធ្ងន់ ត្រូវមេរោគដល់ទៅ ២៤ពាន់ វាយលុកចូលដល់ឈាមនិងខួរក្បាល ធ្វើឱ្យវង្វេងវង្វាន់លែងស្គាល់សូម្បីកូនខ្លួនឯង រហូតត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យព្យាបាលនោះ ត្រូវបានក្រុមគ្រូពេទ្យជំនាញ បានធ្វើរោគវិនិច្ឆ័យឃើញថា នាយក្រិន បានកើតមានជំងឺរលាកស្រោមខួរក្បាល។

តារាកំប្លែងស្រី អ្នកនាងប្រិយប្រិយ ដែលជាអតីតមិត្តរួមក្រុមក្នុងក្រុមកំប្លែងនាយកុយ ដែលជាអ្នកជួយមើលថែនាយក្រិន នៅឯមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ប្រាប់ពីស្ថានភាពជំងឺរបស់ នាយក្រិន កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ថា “ស្ថានភាពជំងឺពូក្រិន ក្នុងពេលឥឡូវនេះ លទ្ធផលពិនិត្យឃើញថា ពិតជាមានជំងឺរលាក ស្រោមខួរក្បាល មែន»។
តារាកំប្លែង ប្រិមប្រិយ បានបញ្ជាក់ប្រាប់ថា “ជម្រាបសួរ ពុកម៉ែបងប្អូន លោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំងអស់គ្នា! ឥឡូវនេះ នាងខ្ញុំនឹងធ្វើការជម្រាបជូនអំពីលទ្ធផលក្នុងការពិនិត្យជំងឺរបស់បងក្រិន លោកគ្រូពេទ្យ បានបញ្ជាក់យ៉ាងច្បាស់ហើយថា លទ្ធផលក្នុងការពិនិត្យ បងក្រិន ពិតជាមានជំងឺរលាកស្រោមខួរក្បាល ពិត មែន ហើយខាងក្រុមពេទ្យ តម្រូវឱ្យបងក្រិន នៅសម្រាកព្យាបាល រយៈពេល២សប្តាហ៍ ហើយអ្វីដែលខ្ញុំចង់ជម្រាបជូនដល់បងប្អូនមួយទៀតនោះ គឺខាងក្រុមហ៊ុនភេសជ្ជៈ ប៉ូការី ស្វេត លោកអគ្គនាយកក្រុមហ៊ុនភេសជ្ជៈ ប៉ូការី ស្វេត នឹងធ្វើការឧបត្ថម្ភចំណាយថ្លៃព្យាបាលទាំងស្រុង ទៅលើការព្យាបាលជំងឺរលាកស្រោមខួរក្បាល របស់បងក្រិន…”។
គួររំលឹកថា តារាកំប្លែងតូចល្អិត លោកទេស សុជន ហៅនាយក្រិន អតីតតារាកំប្លែងល្បីក្នុងក្រុមនាយកុយ បានកើតមានអាការជំងឺរលាកត្រចៀក ដោយមានមេរោគដល់ទៅ ២៤ពាន់ វាយលុក ចូលដល់ឈាមនិងខួរក្បាល រហូតលោកវង្វេង លែងដឹងខ្លួន និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់គ្លីនិកឯកជន ១កន្លែង ក្នុងក្រុងបាត់ដំបង ដើម្បីពិនិត្យព្យាបាល។

តារាសម្តែង លោក សាវីន ហ្វីលីព បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ថា “វេជ្ជបណ្ឌិតបញ្ជាក់នៅព្រឹកនេះថា នាយក្រិន មានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរ ហើយបង្កជាមេរោគយ៉ាងច្រើន ហើយមេរោគបានរាលដាលចូលពេញឈាម និងដល់ខួរក្បាល ទៅហើយ រហូត២៤ពាន់មេរោគឯណោះ។ ពេលនេះនាយក្រិន គាត់វង្វេងវង្វាន់មិនស្គាល់ខ្ញុំទេ ខ្ញុំគិតថានេះអាចជារឿងគ្រោះថ្នាក់ដល់ជីវិតរបស់គាត់ បើយើងបណ្តែតបណ្តោយទុកគាត់នៅគ្លីនិកខេត្ត យូរតទៅទៀត ដូច្នេះខ្ញុំបានស្នើរសុំដល់វេជ្ជបណ្ឌិតនៅគ្លីនិក សុវណ្ណ ក្រុងបាត់ដំបង ដើម្បីបញ្ជូននាយក្រិន មកសង្គ្រោះបន្ទាន់នៅភ្នំពេញ ដោយគ្រូពេទ្យប្រាប់ថា គួរតែធ្វើយ៉ាងនេះដែរ។ ពេលទៅដល់ភ្នំពេញ នឹងមានតារាកំប្លែងប្រិមប្រិយ ចាំទទួលជួយគាត់។ នាយក្រិន មើលទៅកម្សត់ណាស់ គ្មានអ្នកមើលថែគាត់ទេ ក្នុងមន្ទីរពេទ្យ ក្រៅពីកូនតូចៗ ទាំងបី…”។

នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកសាវិន ហ្វីលីព បានឲ្យដឹងថា លោកបានចាត់ចែងបញ្ជូននាយក្រិន តាមរយៈរថយន្តសង្គ្រោះបន្ទាន់ ចេញពីគ្លីនិក សុវណ្ណ ក្រុងបាត់ដំបង ឆ្ពោះមកមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំ ពេញ ដើម្បីសង្គ្រោះបន្ទាន់៕