ទឹម រដ្ឋា បានសម្រេចបំណងធំ តាមរយៈការចូលលុយគ្នាជាមួយសង្សារថ្មី ប្រុសអាមេរិក កាត់អេស្ប៉ាញ លោក Jovany Antonio ទិញផ្ទះវីឡាទ្រនំស្នេហ៍យ៉ាងប្រណីត តម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីមេគង្គ (ព្រែកលៀប) ទើបមានព័ត៌មានថា ពួកគេនឹងដឹកដៃគ្នាក្រាបផ្ទឹម នៅចុងឆ្នាំ២០១៩នេះហើយ ព្រោះរដ្ឋា ខ្លាចចំណងស្នេហាមានការប្រែប្រួលដូចមុនៗទៀត នាំតែដើរតាមដានចាស់ ដំបៅបេះដូងសាជាថ្មីទៀត។
ក្នុងជំនួបផ្ទាល់ ទឹម រដ្ឋា បានឱ្យដឹងថា នាងពិតជាសម្រេចក្តីសុបិនធំ តាមរយៈការទិញបានផ្ទះវីឡាក្នុងក្តីស្រមៃបានដូចចិត្តមែន ប៉ុន្តែរឿងរៀបការនៅតែមិនច្បាស់លាស់ដដែល ហើយក៏មិនចង់និយាយកំណត់មុនដែរ ព្រោះថា ខ្លាចខ្មាសគេ។
តារាខ្ពស់ស្រឡះរូបនេះ ថ្លែងថា “វីឡាហ្នុង ខ្ញុំទិញបាន៣ទៅ៤ខែហើយ គឺតម្លៃជាង២០ម៉ឺនដុល្លារ។ ផ្ទះហ្នឹង ខ្ញុំទិញផ្តាច់តែម្តង មិនបង់រំលស់ទេ ហើយលុយមួយចំនួនបានមកពីខ្ញុំលក់ផ្ទះល្វែងមួយជុង នៅផ្លូវ២០០៤។ ចំពោះរឿងស្នេហាខ្ញុំនិងសង្សារ វិញ មិនទាន់គិតគូររឿងរៀបការទេ ខ្ញុំនៅត្រូវការពេលវេលាមើលចិត្តគ្នាបន្ថែមទៀតសិន ប៉ុន្តែឥឡូវនេះ ខ្ញុំនិងគាត់ចុះសម្រុងគ្នាល្អណាស់ មិនដែលមានបញ្ហាធំល្អក់កករអីជាមួយគ្នាទេ គ្រាន់តែទម្លាប់ខ្ញុំ គឺមិនចូលចិត្តនិយាយទុកមុនទេ ព្រោះខ្លាចមានការប្រែប្រួលដូចមុនទៀតអី យើងបានត្រឹមខ្មាសគេហ្នឹង”។
យ៉ាងណា ការរារែកចិត្តរបស់ទឹម រដ្ឋា ក្នុងការចូលរោងការជាមួយប្រុសស្នេហ៍ថ្មីនៅពេលនេះ អាចជាការពិចារណាងារជំទាវ ព្រោះមានព័ត៌មានថា លោកផ្កាយ៤ម្នាក់ បានតាមស្នេហាស្រីស្រស់រូបនេះជាច្រើនឆ្នាំមកហើយ ដោយលោកធំមិនខ្វល់រឿងរដ្ឋា មានសង្សារជាប្រុសបរទេសឡើយ ហើយបើរដ្ឋា ព្រមផ្តាច់ស្នេហ៍លោក Jovany Antonio មកកៀកកើយជាមួយលោកធំនោះ គឺនាងនឹងក្លាយទៅជាជំទាវ ដែលចាយលុយមិនចេះអស់ឡើយ។
ប៉ុន្តែទឹម រដ្ឋា ថា នាងគ្មានបំណងស្រវាឱបប្រុសណាផ្សេង ក្រៅពីលោក Jovany Antonio ឡើយ តែរឿងដែលនាងមិនទាន់ប្រញាប់ចូលរោងការនោះ គឺដោយសារតែចង់មានមុខរបរអ្វីមួយ ក្រៅពីសិល្បៈសិន ទើបគិតគូររៀបមង្គលការតាមក្រោយ។
ទឹម រដ្ឋា វាចាថា “ខ្ញុំមានបំណងធំមួយទៀត គិតថា ក្រោយមានផ្ទះវីឡានៅដូចបំណង ហើយពេលនេះ ខ្ញុំចង់មានមុខរបរអ្វីមួយសិន ព្រោះអាជីពសិល្បៈមិនទៀងទាត់ទេ។ យើងត្រូវតែមានមុខរបរអ្វីមួយរឹងមាំសិន ទើបរៀបការតាមក្រោយ។ ចំណែកការកំណត់ពេលវេលារៀបការ ថាអាចធ្វើទៅពេលណាបាននោះ មិនអាចកំណត់បានទេ ព្រោះអីមនុស្សយើងពេលស្រលាញ់គ្នា គឺល្អ តែបើបែកគ្នា គឺពិបាកណាស់”៕