ក្រោយពីតារាសម្តែងស្រអែមស្រស់ សុវណ្ណ រ៉ាផា បានបង្ហាញភាពស្និទ្ធស្នាលជាមួយថៅកែផលិតកម្ម BKS លោកឈុន សុវណ្ណភក្តី តាមរយៈការបណ្តើរគ្នាទៅសាសងស្នេហ៍នៅសៀមរាប កាលពីពេលថ្មីៗនេះ នៅទីបំផុត រ៉ាផា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយលោកភក្តី ទៅហើយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
តាមព័ត៌មានថា សុវណ្ណ រ៉ាផា ក្រោយជាគូដណ្តឹងរបស់លោកឈុន សុវណ្ណភក្តី ដែលជាពោះម៉ាយកូន២នេះ នាងនៅតែបន្តអាជីពសម្តែងដូចមុនជាធម្មតា ហើយអ្នកទាំង២គ្រោងនឹងដឹកដៃគ្នាចូលរោងការនៅចុងឆ្នាំ២០១៩ ខាងមុខនេះហើយ។
អ្វីដែលមហាជនបានចាប់អារម្មណ៍នៅពេលនេះ គឺការភ្ជាប់ពាក្យរបស់តារាសម្តែងសុវណ្ណ រ៉ាផា ជាមួយលោកឈុន សុវណ្ណភក្តី (នាយក្តី) នេះ ធ្វើឱ្យតារាចម្រៀងផលិតកម្មសាន់ដេ នាយចឺម សប្បាយចិត្តក្រៃលែង ព្រោះនាយចឺម ហាក់ធូរទ្រូងច្រើន ដោយសារពាក្យចចាមអារ៉ាមកន្លងមក ដែលគេល្បីថា នាយចឺម មានស្នេហាភេទដូចគ្នាជាមួយនាយក្តី នឹងត្រូវបានកាត់បន្ថយជាមិនខាន ព្រោះថា ពេលនេះ ថៅកែ BKS ត្រៀមចូលរោងការជាមួយរ៉ាផា មិនមែនជាមួយនាយចឺម ឡើយ។
អនាគតស្វាមីរបស់តារាសម្តែងសុវណ្ណ រ៉ាផា ថៅកែផលិតកម្ម BKS បានស្បថសច្ចាជាមួយនាយចឺម ថា យកគ្នាជាបងប្អូនធម៌ ហើយឪពុករបស់លោកភក្តី គឺលោកឈុនឡាក់ ក៏បានទិញកាដូរថយន្ត Toyota Tundra តម្លៃជាង៧ម៉ឺនដុល្លារ ឱ្យនាយចឺម ជិះច្រៀងផងដែរ ព្រោះលោកបានចាត់ទុកដូចកូនបង្កើតអ៊ីចឹង។
ប៉ុន្តែនៅពេលដែលនាយចឺម និងនាយក្តី ក្លាយទៅជាចិត្តមួយថ្លើមមួយ ដូចជាពួកគេបានបណ្តើរគ្នាទៅលេងនៅថៃ តែ២នាក់នោះ ធ្វើឱ្យមានការសង្ស័យថា បងប្អូនធម៌នេះស្រលាញ់ភេទដូចគ្នា ចំពេលដែលនាយក្តី បានលែងលះប្រពន្ធកូន២ផងដែរ។ ប៉ុន្តែទាំងនាយចឺម និង នាយក្តី បានច្រានចោល ដោយពួកគេអះអាងថា ស្រលាញ់តែស្រី មិនមានអារម្មណ៍ជាមួយមនុស្សប្រុសឡើយ។
ប្រភពបានឱ្យដឹងថា នាយចឺម បានជំរុញឱ្យលោកថៅកែផលិតកម្ម BKS រៀបការជាមួយសុវណ្ណ រ៉ាផា ឱ្យបានឆាប់កាន់តែល្អ ព្រោះដើម្បីបញ្ចប់រឿងដែលគេសង្ស័យថា ពួកគេស្រលាញ់ភេទដូចគ្នានោះ ត្រឹមឆ្នាំ២០១៩ នេះតែម្តង៕