Wednesday, November 20, 2024
Homeតារាខ្មែរសុខ ពិសី មិនស្នេហ៍កូនឧកញ៉ាមហាសេដ្ឋី

សុខ ពិសី មិនស្នេហ៍កូនឧកញ៉ាមហាសេដ្ឋី

តារាចម្រៀងសុខ ពិសី នៅឆ្នាំ២០១៩ នេះ មិនទាន់មានដំណឹងចូលរោងការឡើយ ថ្វីត្បិតតែរឿងស្នេហានាងជាមួយលោកថៅកែសាន់ដេ ត្រូវបានល្បីកាន់តែខ្ទរខ្ទារឡើងៗក្តី តែពិសី និងលោកឡាយ សុខចំរើន នៅតែមិនព្រមសារភាពស្នេហ៍ដដែល។

មនុស្សជាច្រើនបានយល់ថា សុខ ពិសី នៅតែគ្មានភាពក្លាហានក្នុងការលាតត្រដាងរឿងស្នេហាពិត ដូចឱក សុគន្ធកញ្ញា ដោយសារតែនាងមានជម្រើសស្នេហ៍ច្រើន ពិសេសគឺកូនលោកឧកញ៉ាមហាសេដ្ឋីម្នាក់ ដែលតាមអន្ទងស្នេហ៍នាងជាច្រើនឆ្នាំនោះ នៅតែរង់ចាំចម្លើយរបស់ពិសី ដដែល ហេតុនេះហើយបើអ្នកចម្រៀងសាច់សខ្ចីរូបនេះ ហ៊ានសារភាពស្នេហ៍ជាមួយលោកថៅកែ គឺដូចជាបិទផ្លូវខ្លួនឯងក្នុងការជ្រើសរើសគូស្នេហ៍។

ប៉ុន្តែការលើកឡើងបែបនេះ ត្រូវបានសាច់ញាតិរបស់សុខ ពិសី បានច្រានចោល ដោយអះអាងថា ពិសី បើចង់បានប្តីជាកូនអ្នកមាននោះ ម៉្លេះសមពេលនេះ នាងមិននៅច្រៀងទៀតទេ គឺទៅរស់នៅសោយសុខលើគំនរទ្រព្យបាត់ទៅហើយ។ តែពិសី ស្រលាញ់អាជីពសិល្បៈ ហើយនាងដឹងថា  កូនលោកឧកញ៉ាមហាសេដ្ឋីនោះ មានស្រីស្នេហ៍ជាតារាក្មេងៗច្រើនណាស់ ហេតុនេះហើយបានជានាងមិនទទួលស្នេហ៍បុរសនោះឡើយ។

សុខ ពិសី នៅតែក្រសោបបានតំណែងជាតារាស្រីឈានមុខគេរបស់ផលិតកម្មសាន់ដេ នៅឆ្នាំ២០១៩ នេះ ហើយនាងចេញច្រៀង Concert ១កម្មវិធី ស៊ីថ្លៃជាង២ពាន់ដុល្លារ។ កាលពីខែមុន ពិសី បានយកថវិកានិងសម្ភារៈមួយចំនួន ទៅចែកដល់កុមារនៅមជ្ឈមណ្ឌលកុមារកំព្រាមួយ ក្បែរផ្សារបឹងកេងកង ខណៈដែលថ្មីៗនេះ នាងក៏បានណាត់ចាស់ជរា ដែលគ្មានទីពឹងទៅញាំអាហារមួយកន្លែង រហូតធ្វើឱ្យលោកតាលោកយាយរំភើបដល់ស្រក់ទឹកភ្នែកទៀតផង។

ប្រភពបានឱ្យដឹងថា ពិសី ចូលចិត្តធ្វើទានណាស់ គ្រាន់តែពេលខ្លះនាងមិនសូវចេញមុខចេញមាត់ប៉ុណ្ណោះ ហើយនាងធ្វើបុណ្យដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ម្តាយរបស់នាង ដែលបានទទួលមរណភាពកាលពីឆ្នាំមុន។

ក្រៅពីសុខ ពិសី តារាដែលប៉ះស្នេហ៍ថៅកែផលិតកម្មមានដូចជា ឱក សុគន្ធកញ្ញា (ភ្ជាប់ពាក្យជាមួយលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស), ម៉ាក សែនសូនីតា រួមរស់ជាមួយថៅកែ Angkor Picture លោកប៉ុល វិបូរ ហៅនីត, សាឡាត់ ស្រីឡាង ភ្ជាប់ស្នេហ៍ជាមួយថៅកែផលិតកម្ម LD លោកលៀក លីដា, ឡាយ សានិកា ភ្ជាប់ស្នេហ៍ជាមួយថៅកែផលិតកម្មមួយ និងសុវណ្ណ រ៉ាផា ទើបបានភ្ជាប់ពាក្យជាមួយលោកឈុន សុវណ្ណភក្តី ថៅកែផលិតកម្ម BKS កាលពីថ្ងៃទី១៨ ខែកុម្ភៈ នេះ ជាដើម។

អ្នកសិល្បៈរួមអាជីពជាច្រើនចង់ឱ្យពិសី ក្លាហានហ៊ានសារភាពស្នេហ៍ដូចឱក សុគន្ធកញ្ញា នឹងគ្រងឈុតកូនក្រមុំមែនទែន ដើម្បីបញ្ចប់ពាក្យចរចាមអារ៉ាមផ្សេងៗ តែពិសី បានប្រាប់អ្នកយកព័ត៌មានយើងថ្មីៗនេះ នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ថា នាងមិនទាន់អាចរៀបការបានឡើយ ព្រោះតែមមាញឹកការងារសិល្បៈខ្លាំងពេក។

ក្រៅពីត្រូវប៉ាន់កើបលុយពីការច្រៀង Concert ធំៗ នៅរដូវក្តៅនេះ សុខ ពិសី ក៏ត្រូវបានម្ចាស់ហាងសម្អាងការមួយចំនួន ហៅថតឃោសនាឈុតកូនក្រមុំផងដែរ។

ប្រភពបានឱ្យដឹងថា ពិសី ថតក្នុង១ឈុត ស៊ីថ្លៃ២៥០ដុល្លារ បើនាងថត១០ឈុត គឺតម្លៃ២៥០០ដុល្លារ៕

RELATED ARTICLES