តារាកំប្លែងរបស់ CTN និងជាតារាចម្រៀងសាន់ដេ រាងតូចច្រឡឹង វ៉ាន់ នីឡា ដែលជាកូនស្រីរបស់លោកតាវ៉ិចទ័រ អ្នកផលិតកម្មវិធីទូរទស្សន៍ CTN នោះ នឹងដឹកដៃគូស្នេហ៍ថ្មីចូលរោងការ នៅ២ឆ្នាំខាងមុខទៀត ពោលគឺនៅឆ្នាំ២០២១។
ស្រីស្រស់តូចតន់វ៉ាន់នីឡា បានប្រាប់អ្នកកាសែតថា ចំពោះមូលហេតុដែលធ្វើឲ្យនាងនិងគូដណ្ដឹង ត្រូវពន្យារពេលក្រាបផ្ទឹមនេះ ដោយសារតែរូបនាងផ្ទាល់ និងសង្សារ យល់ថា នៅក្មេងៗពេក កុំអាលការឆាប់ពេកអី ហេតុនេះហើយបានជាមិនរៀបចំឆាប់ៗនេះ។
ដោយឡែក តាមព័ត៌មានពីតារាកំប្លែងរួមក្រុមជាមួយវ៉ាន់នីឡា វិញ បានឲ្យដឹងដែរថា នីឡានិងសង្សារថ្មី ស្រលាញ់គ្នាខ្លាំងណាស់ ហើយអនាគតស្វាមីនីឡា ចង់រៀបការឆាប់ៗនេះ ព្រោះខ្លាចមានអ្នកផ្សេង តាមស្រលាញ់កូនលោកតាវ៉ិចទ័រ ដែរ តែនីឡា មិនយល់ស្រប ព្រោះថា ដូចជានៅក្មេងពេក ហើយគូដណ្ដឹងរបស់នាងក៏យល់ស្របតាមដែរថា ២ឆ្នាំទៀត វាមិនយូរណាស់ណាទេ ទ្រាំបន្ដិចក៏បានដែរ។
វ៉ាន់នីឡា ធ្លាប់បានភ្ជាប់ពាក្យជាមួយលោកផន រង្សី កូនថៅកែល្ខោនបាសាក់ ភី សុគន្ធា តែបានចែកផ្លូវគ្នាទាំងចម្រូងចម្រាសវិញ ហើយកាលពីឆ្នាំ២០១៨ លោករង្សី បានទៅភ្ជាប់ពាក្យជាមួយនារីម្នាក់ នៅខេត្តតាកែវ នឹងត្រៀមចូលរោងការឆាប់ៗនេះ។ ដើម្បីកុំឲ្យចាញ់អតីតគូដណ្ដឹងវ៉ាន់នីឡា ប្រកាសថា នាងនឹងរៀបការនៅឆ្នាំ២០២១ ខាងមុខនេះដែរហើយ។
គួរបញ្ជាក់ថា មុនវ៉ាន់នីឡា ប្រកាសថ្ងៃចូលរោងជាមួយប្រុសស្នេហ៍តារាកំប្លែងនិងចម្រៀងរូបនេះ បានទទួលកាដូលើកទឹកចិត្តពីឪពុករបស់នាង នូវរថយន្ដទំនើបមួយគ្រឿងផងដែរ ប៉ុន្តែអ្នកខ្លះទៀតសង្ស័យថា នីឡាត្រូវអនាគតស្វាមីទិញឲ្យ ដើម្បីផ្គាប់ចិត្តស្រីស្អាតតូចតន់រូបនេះ មុនចូលរោងការ៕