តារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកហ្សូណូ បានដឹកដៃក្រុមរាំ៤នាក់ ទៅអង្រួនឆាកតន្រ្ដី ”Anchor Lemon Mini Concert” នៅកោះពេជ្រ កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ដោយមានអ្នកទៅទស្សនាឡើងណែនពេញសាល។
គេកត់សម្គាល់ថា ការបង្ហាញខ្លួនរបស់ហ្សូណូ នោះ អតីតតារាចម្រៀងផលិតកម្ម M រូបនេះ មានក្បាច់រាំរស់រវើកជាងមុន ធ្វើឲ្យក្រមុំៗជាច្រើនជ្រួលជ្រើមផងដែរ បើទោះជាគេដឹងថា ហ្សូណូ ធ្លាប់មានប្រពន្ធនិងកូនមួយ ជាមួយអ្នកនាងច័ន្ទ សុផានី ក្ដី។
ហ្សូណូ បានលើកយកបទល្បីៗរបស់ខ្លួន អូសទាញអ្នកគាំទ្រ ហើយអ្នកចម្រៀងរូបនេះបានប៉ះគ្នាជាមួយអតីតតារាចម្រៀងផលិតកម្មហង្សមាស លោកងួន ចាន់ដេវីត ផងដែរ ទើបធ្វើឲ្យឆាកតន្រ្ដីនោះ ទោះជាតូចបន្ដិចមែន តែបង្កភាពសប្បាយរីករាយដល់អ្នកចូលទស្សនាឡើងណែន
ទស្សនិកជនដែលទស្សនាការច្រៀងសម្ដែងផ្ទាល់របស់ហ្សូណូនិងងួន ចាន់ដេវីត បានឲ្យដឹងថា អ្នកចម្រៀងទាំង២នេះ មានស្ទីលសម្ដែងច្រៀងខុសគ្នា ហេតុនេះហើយ ពួកគេល្បីម្យ៉ាងៗម្នាក់ និងមានសន្ទុះប្រហាក់ប្រហែលគ្នា។
ពិធីការិនីធ្មេញច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន បានហៅហ្សូណូ និងដេវីត ថា ជាប្រុសស្អាត ទើបធ្វើឲ្យតារាទាំង២ សប្បាយរីករាយជាខ្លាំង ព្រោះបានភ្លក្សរសជាតិស្រាបៀរ Anchor Radler Lemon ហើយមានពិធីការិនីស្រីស្អាតរូបនេះ ពូកែវោហាស័ព្ទធ្វើអត្ថាធិប្បាយទៀត។
លោក Moon Yoo នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Cambodia Brewery Limited (CBL) បានឲ្យដឹងថា ”យើងមានមោទកភាពណាស់ ដែលបានប្រកាសដាក់លក់ស្រាបៀរច្នៃប្រឌិតថ្មី របស់ក្រុមហ៊ុនអាន់ឆ័រ គឺស្រាបៀ Anchor Radler Lemon ដែលជាស្រាបៀរមានរសជាតិក្រូចឆ្មារធម្មជាតិ មានជាតិអាល់កុល ២%។ ប្រភេទស្រាបៀរនេះ ស័ក្តិសមសម្រាប់យុវវ័យ និងធ្វើឲ្យអតិថិជនមានភាពសប្បាយ ព្រោះវាមានរសជាតិពិសេសជាងគេ”។
អ្នករៀបចំកម្មវិធីប្រគំតន្រ្ដីស្រាបៀរ Anchor Radler Mini-Concert បានឲ្យដឹងថា “ក្រៅពីថ្ងៃបើកឆាកមានតារាចម្រៀងហ្សូណូ និងងួន ចាន់ដេវីត ប៉ះគ្នានៅកោះពេជ្រ នោះ កម្មវិធីនេះនឹងធ្វើបន្ដរហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដែលមាននៅរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តសៀមរាប, ក្រុងប៉ោយប៉ែត, បាត់ដំបង និងខេត្តកំពង់ចាម ដោយមានការចូលរួមពីតារាចម្រៀងល្បីៗ ដូចជា Dj Yaya , ហ្សូណូ , ងួន ចាន់ដេវីត , Step , វង្ស តារារតនា និងនីកូ ផងដែរ។
ហ្សូណូ បានឡើងកូដមួយក្រឺត តាមរយៈការច្រៀង Cover បទល្បីរបស់សួស វីសា “គេមិនស្រលាញ់យើងទេ” ធ្វើឲ្យតារាកូន១ រូបនេះ មានទីផ្សារគ្រាន់បើជាងមុន។ ដោយឡែកងួន ចាន់ដេវីត វិញ តាំងពីស្ពាយបង្វេចចេញពីហង្សមាស មកវក់វីទៅដោយជម្លោះរ៉េបជាមួយខ្មែរមួយជីវិត តែសង្សារទេព បូព្រឹក្ស រូបនេះ នៅតែមានទីផ្សារចម្រៀងដូចនៅហង្សមាស ដដែល គឺមិនទានធ្លាក់ចុះឡើយ៕