តារាចម្រៀងសាច់សខ្ចី ឃីន ស្រីនាថ ហៅអ៊ីវ៉ា បានចាត់ទុកលោកថៅកែក្លឹប និងបញ្ចាំនៅសៀមរាប លោក ”ប” ដែលជាប្អូនលោកផ្កាយ៤នោះថា សុំរាប់អានធម្មតា ដូចជាបងប្រុសទៅវិញ ដែលការវាចារបែបនេះ អាចធ្វើឲ្យលោកថៅកែដាច់ផ្ញារជាមិនខាន ព្រោះប្អូនមន្ត្រីធំនោះតស៊ូស្នេហ៍អ៊ីវ៉ា ជាច្រើនឆ្នាំមកហើយ ព្រមទាំងមានគម្រោងចូលស្ដីដណ្ដឹងចែចូវរៀបការតាមប្រពៃណីខ្មែរទៀតផង។
ប៉ុន្ដែពេលនេះ ស្រីស្អាតអ៊ីវ៉ា បែរជាថា នាងនិងលោកថៅកែ បានត្រឹមរាប់អានគ្នាធម្មតា មិនអាចលើសពីមិត្តភាពបានឡើយ។
ការថ្លែងបែបនេះរបសអ៊ីវ៉ា ធ្វើឲ្យគេសង្ស័យថា នាងមានជម្រើសស្នេហ៍ច្រើន ទើបមើលរំលងបុរសទ្រព្យស្ដុកដែលជាអ្នកជំនួញធំ គឺប្អូនលោកផ្កាយ៤ ដ៏មានឥទ្ធិពលនោះ តែអ៊ីវ៉ា ថា នាងមិនទាន់ចង់បានប្ដីទៅវិញ?
អ៊ីវ៉ា បានឲ្យដឹងក្នុងជំនួបផ្ទាល់ កាលពីពេលថ្មីៗនេះថា ឆ្នាំនេះ នាងទើបមានអាយុ២៤ឆ្នាំទេ ហេតុនេះហើយដូចជាមិនទាន់ចង់រៀបការឆាប់ៗឡើយ។ ចំណែករឿងលោកថៅកែនៅសៀមរាប គេថា គាត់តាមស្រលាញ់នាងនោះ តាមពិត នាងនិងលោកថៅកែ គ្រាន់តែរាប់អានគ្នាជាធម្មតាប៉ុណ្ណោះ មិនមានអ្វីលើសពីនេះទេ។ ប៉ុន្តែអ៊ីវ៉ា មិនដឹងថា តើលោកថៅកែគិតយ៉ាងណាចំពោះរូបនាងឡើយ?
អ៊ីវ៉ា មិនធ្លាប់មានរឿងអាស្រូវស្នេហាឡើយ តាំងពីចូលច្រៀងនៅសាន់ដេ ជិត១០ឆ្នាំនេះ គឺប៉ះតែស្នេហ៍លោកថៅកែក្លឹប និងហាងបញ្ចាំនៅសៀមរាប ម្នាក់គត់ តាំងពីមុនម្ដាយរបស់នាង អ្នកស្រីភួង សុខា ទទួលមរណភាពមកម្ល៉េះ។
ប្រភពបានឲ្យដឹងថា ក្នុងចំណោមតារាស្រីវ័យក្មេងលោកថៅកែ ”ប” ស្រលាញ់ពេញចិត្តតែអ៊ីវ៉ា ម្នាក់គត់ ព្រោះមើលស្រីក្មេងផ្សេងទៀត មិនចូលឡើយ។ លោកថៅកែចង់ថ្នាក់ថ្មមប្រលោមស្នេហ៍ និងផ្គាប់ចិត្តអ៊ីវ៉ា ដោយទិញអ្នកនិពន្ធល្បីៗឲ្យសរសេរបទចម្រៀងឲ្យអ៊ីវ៉ា ច្រៀងឲ្យកាន់តែល្បីថែមទៀតផង ប្រសិនបើអ៊ីវ៉ា ព្រមចេញពីសាន់ដេ ចូលហង្សមាស។ ប៉ុន្ដែប្អូនលោកផ្កាយ៤ រូបនេះ មានសំណូមពរ២យ៉ាង ទៅលើអ៊ីវ៉ា ទី១. គឺកុំរាំសាហាវៗដូចតារាដទៃទៀត ព្រោះលោកថៅកែមិនចូលចិត្តទេ និងទី២. ហាមមិនឲ្យអ៊ីវ៉ា ថតសម្ដែងដែលមានឈុតត្រូវតារាប្រុសៗឱបថើបជាដាច់ខាត។
ប៉ុន្ដែលក្ខខណ្ឌរបស់លោកថៅកែចំពោះអ៊ីវ៉ា ទាំង២ខាងលើ ត្រូវបរាជ័យទាំងស្រុង ព្រោះថា អ៊ីវ៉ា មិនអើពើឡើយ។ អ៊ីវ៉ា ចាប់ផ្ដើមលេងក្បាច់រាំ និងមានក្រុមរាំអម ហើយនាងហ៊ានថតសម្ដែងជាមួយតារាប្រុសៗដោយស្និទ្ធស្នាលដូចតារាផ្សេងៗទៀតដែរ ទើបធ្វើឲ្យលោកថៅកែស្រឡាំងកាំង ព្រោះថា អ៊ីវ៉ា មិនចូលចិត្តប្រុសណាប្រចណ្ឌ និងហួងហែងនាងដូចលោកថៅកែឡើយ។
អ៊ីវ៉ា ដែលត្រូវផលិតកម្មហង្សមាស និងថោន ព្យាយាមទាក់ទងនាងជាច្រើនលើកនោះ ទីបំផុត នាងសម្រេចចិត្តបន្ដច្រៀងនៅទ្រនំចាស់ សាន់ដេ ព្រោះនាងយល់ថា ”ឆ្នាំងចាស់បាយឆ្ងាញ់” ដែលធ្វើឲ្យលោកថៅកែខកចិត្តកាន់តែខ្លាំងថែមទៀត។
ថ្មីៗនេះ អ៊ីវ៉ា បានប្រាប់ត្រង់ៗថា នាងសុំរាប់អានលោកថៅកែត្រឹមធម្មតា ឬចាត់ទុកជាបងប្រុស ដែលចម្លើយនេះ គ្រប់គ្រាន់សម្រាប់លោកថៅកែថា នាងមិនអាចវិលមកផ្សះផ្សាស្នេហ៍ជាមួយប្អូនលោកផ្កាយ៤នោះបានឡើយ។
ប្រភពបានឲ្យដឹងថា អ៊ីវ៉ា ពិតជាមានជម្រើសស្នេហ៍ច្រើនមែន ដោយសារប្រុសៗដែលតាមស្នេហានាងពេលនេះ សុទ្ធតែជាអ្នកមានទ្រព្យ ហេតុនេះហើយបានជានាងមើលរំលងស្នេហ៍លោកថៅកែ។ ចំណែកលោកអ៊ូ វ៉ាវ ឪពុកអ៊ីវ៉ា វិញ បានឲ្យដឹងថា លោកទុកផ្ដល់សិទ្ធិឲ្យអ៊ីវ៉ា ជ្រើសគូស្នេហ៍ដោយខ្លួនឯង ៦០% ចំណែកលោកសុំតែគិតតាមក្រោយ តែ៤០%ប៉ុណ្ណោះ៕