តារាចម្រៀងហង្ស សុវណ្ណារិទ្ធិ ដែលត្រូវគេស្គាល់តាមរយៈបទ “ជើងមេឃពណ៌ខ្មៅ” នោះ ពេលនេះមានជំនឿចិត្តយ៉ាងមុតមាំថា បទ “ទោះកូនគ្មានម្តាយ ក៏អាចរស់បាន” នឹងកែប្រែមុខមាត់ថ្មីរបស់ខ្លួនដើម្បីក្តោបយកទីផ្សារ Concert មួយចំនួន នៅរដូវក្តៅនេះជាមិនខាន។
ការសំអាងបែបនេះរបស់លោកសុវណ្ណារិទ្ធិ នៅពេលដែលបទនេះទើបចេញបាន3ថ្ងៃ ត្រូវបានអ្នកចម្រៀងរាងខ្ពស់ស្រឡះរូបនេះ អះអាងថា មានអ្នកចូលទស្សនា 1M គិតត្រឹមតែ Page 3 ប៉ុណ្ណោះ។
ហង្ស សុវណ្ណារិទ្ធិ ដែលមានស្រុកកំណើតនៅខេត្តកណ្តាល ថ្លែងថា “ពីមុនគេស្គាល់ខ្ញុំតាមរយៈបទ “ជើងមេឃពណ៌ខ្មៅ” តែឥឡូវបទ “ទោះកូនគ្មានម្តាយ ក៏អាចរស់បាន” នេះ មានគេនិយមចូលចិត្តច្រើន ព្រោះជាបទកម្សត់ ត្រូវនឹងសាច់រឿងមនុស្សមួយចំនួនដែរ។ ខ្ញុំសង្ឃឹមថា បទមួយនេះនឹងធ្វើឱ្យទីផ្សារចម្រៀងរបស់ខ្ញុំឆក់បាន Concert ខ្លះៗនៅរដូវក្តៅនេះផងដែរ ព្រោះពេលនេះមានគេហៅច្រៀងច្រើនជាងមុន”។
តារាចម្រៀងហង្ស សុវណ្ណារិទ្ធិ ធ្លាប់ចេញចម្រៀងផ្ទាល់ខ្លួនខ្ទង់50បទហើយ ដូចជាបទ “ទឹកភ្នែកសន្យា”, “បែកពីគេមិនមែនអូន”, “តំណក់ឈាមកម្សត់” ហើយនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ នឹងចេញបទ “អាពៅ” និងបទ “លេងម៉ូតូណាស់ពួកម៉ាកខ្ញុំ” ទៀតផង។ ប៉ុន្តែពេលនេះ សុណ្ណារិទ្ធិ មិនទាន់មានផលិតកម្មសម្រាប់ឈរជើងនោះទេ។ ដោយឡែកនៅពេលខាងមុខនេះ សុណ្ណារិទ្ធិ សង្ឃឹមថា នឹងបានជ្រកកោននៅផលិតកម្មធំណាមួយ ក្នុងចំណោមផលិតកម្មទាំង3 ជាមិនខាន ក្រោយពេលចេញបទ “ទោះកូនគ្មានម្តាយ ក៏អាចរស់បាន” ដែលសុណ្ណារិទ្ធិ ចាប់ដៃជាមួយស្រីស្អាតឃុន ច័ន្ទមូណា អតីតសង្សារសេង រតនៈ។
ហង្ស សុវណ្ណារិទ្ធិ បានឱ្យដឹងផងដែរថា “ពេលនេះ រូបគេមិនទាន់មានប្រពន្ធកូននៅឡើយទេ ព្រោះសម្រាប់ឆ្នាំ2019 នេះ គឺផ្តោតតែលើអាជីពសិល្បៈប៉ុណ្ណោះ ដើម្បីឱ្យមានលំនឹងជាមុនសិន ទើបគិតគូររឿងស្នេហាតាមក្រោយ”៕